គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 20:31-41 ព្រះគម្ពីរបរិសុទ្ធ (KHOV)

31. ដ្បិត​កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​របស់​ខ្លួន កាល​ណា​ធ្វើ​ឲ្យ​កូន​ខ្លួន​ឆ្លង​កាត់​ភ្លើង នោះ​គឺ​ឯង​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក ដោយ‌សារ​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​ឯង ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ តើ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​សួរ​ដល់​អញ​ឬ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​មិន​ឲ្យ​ឯង​រាល់​គ្នា​សួរ​ដល់​អញ​ទេ

32. ហើយ​សេចក្ដី​ដែល​កើត​ក្នុង​គំនិត​ឯង​រាល់​គ្នា នោះ​មិន​បាន​កើត​មក​ឡើយ គឺ​ជា​សេចក្ដី​ដែល​ឯង​ថា យើង​នឹង​ធ្វើ​ដូច​ជា​អស់​ទាំង​សាសន៍​ដទៃ និង​ដូច​ជា​អស់​ទាំង​គ្រួសារ នៅ​ស្រុក​ផ្សេងៗ ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ទាំង​ឈើ និង​ថ្ម​ផង។

33. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​នឹង​សោយ‌រាជ្យ​លើ​ឯង​រាល់​គ្នា​ដោយ​ដៃ​ខ្លាំង​ពូកែ ហើយ​លើក​សំរេច ព្រម​ទាំង​ចាក់​សេចក្ដី​ក្រោធ​ចេញ

34. អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រមូល​ឯង​រាល់​គ្នា​មក​ពី​ស្រុក​ទាំង​ប៉ុន្មាន ដែល​ឯង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​នោះ ដោយ​ដៃ​ខ្លាំង​ពូកែ ហើយ​លើក​សំរេច ព្រម​ទាំង​ចាក់​សេចក្ដី​ក្រោធ​ចេញ​ផង

35. អញ​នឹង​នាំ​ឯង​រាល់​គ្នា​ទៅ ឲ្យ​នៅ​ឯ​ទី​សូន្យ​ស្ងាត់​នៃ​អស់​ទាំង​សាសន៍ នៅ​ទី​នោះ អញ​នឹង​មាន​រឿង​តវ៉ា​នឹង​ឯង​ប្រទល់​គ្នា

36. អញ​បាន​មាន​រឿង​តវ៉ា​នឹង​ពួក​អយ្យកោ​ឯង​រាល់​គ្នា នៅ​ក្នុង​ទី​រហោ‌ស្ថាន​នៃ​ស្រុក​អេស៊ីព្ទ​ជា​យ៉ាង​ណា អញ​ក៏​នឹង​មាន​រឿង​តវ៉ា​នឹង​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

37. នោះ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​ចូល​ក្រោម​ដំបង រួច​នឹង​នាំ​ឲ្យ​ជាប់​ចំណង​នៃ​សេចក្ដី​សញ្ញា

38. អញ​នឹង​ញែក​ពួក​រឹង‌ចចេស​ពី​ឯង​ចេញ ព្រម​ទាំង​ពួក​អ្នក ដែល​តែង‌តែ​ប្រព្រឹត្ត​រំលង ទាស់​នឹង​អញ​ផង អញ​នឹង​នាំ​គេ​ចេញ​ពី​ស្រុក​ដែល​គេ​ស្នាក់​នៅ​នោះ តែ​គេ​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

39. តែ​ចំណែក​ឯង​រាល់​គ្នា ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​ចុះ ពី​នេះ​ទៅ​មុខ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ​ទេ ដូច្នេះ ចូរ​ទៅ​គោរព​ដល់​រូប​ព្រះ​របស់​ឯង​រៀង​ខ្លួន​ចុះ តែ​មិន​ត្រូវ​ឲ្យ​បង្អាក់​ឈ្មោះ​បរិសុទ្ធ​របស់​អញ ដោយ​ដង្វាយ និង​រូប​ព្រះ​របស់​ឯង​ទៀត​ឡើយ។

40. ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ គឺ​ជា​ភ្នំ​យ៉ាង​ខ្ពស់​របស់​ស្រុក​អ៊ីស្រា‌អែល នោះ​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​គោរព​ដល់​អញ​គ្រប់​គ្នា​នៅ​ក្នុង​ស្រុក​របស់​ខ្លួន នៅ​ទី​នោះ​អញ​នឹង​ទទួល​គេ ហើយ​នៅ​ទី​នោះ អញ​នឹង​សុខ​ចិត្ត​ទទួល​ដង្វាយ​របស់​ឯង​រាល់​គ្នា និង​ផល​ដំបូង​ពី​ដង្វាយ​ឯង ព្រម​ទាំង​គ្រឿង​បរិសុទ្ធ​របស់​ឯង​រាល់​គ្នា​ទាំង​អស់​ដែរ

41. អញ​នឹង​ទទួល​ឯង​រាល់​គ្នា ទុក​ដូច​ជា​ក្លិន​ក្រអូប ក្នុង​កាល​ដែល​អញ​បាន​នាំ​ឯង​ចេញ​ពី​ពួក​សាសន៍​ដទៃ ហើយ​ប្រមូល​ឯង​ពី​អស់​ទាំង​ស្រុក​ដែល​ឯង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​នោះ អញ​នឹង​បាន​បរិសុទ្ធ​ក្នុង​ពួក​ឯង​រាល់​គ្នា នៅ​ចំពោះ​ភ្នែក​នៃ​អស់​ទាំង​សាសន៍​ដទៃ

សូមអានជំពូកពេញលេញ អេសេគាល 20