គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 20:25-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. អញ​ក៏​ឲ្យ​ក្រឹត្យ‌ក្រម​ដល់​គេ ដែល​មិន​ស្រួល​ល្អ ហើយ​នឹង​បញ្ញត្ត​ច្បាប់ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រស់​បាន​តាម​ច្បាប់​នោះ​ទេ

26. អញ​ក៏​បាន​ធ្វើ​ឲ្យ​គេ​ស្មោក‌គ្រោក ដោយ‌សារ​ដង្វាយ​របស់​គេ ពី​ព្រោះ​គេ​បាន​យក​កូន​កើត​ដំបូង​របស់​ខ្លួន ទៅ​ធ្វើ​ឲ្យ​ឆ្លង​កាត់​ភ្លើង ដើម្បី​ឲ្យ​អញ​បាន​ធ្វើ​ឲ្យ​គេ​នៅ​ស្ងាត់ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

27. ហេតុ​នោះ កូន​មនុស្ស​អើយ ចូរ​និយាយ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ពួក​អយ្យកោ​ឯង​រាល់​គ្នា​បាន​ប្រមាថ​ដល់​អញ​ក្នុង​ការ​នេះ​ទៀត គឺ​គេ​បាន​ប្រព្រឹត្ត​អំពើ​រំលង​ទាស់​នឹង​អញ

28. ដ្បិត​កាល​អញ​បាន​នាំ​គេ​ចូល​មក​ក្នុង​ស្រុក ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​គេ នោះ​គេ​បាន​ឃើញ​គ្រប់​ទាំង​ទួល​ខ្ពស់ ហើយ​គ្រប់​ទាំង​ដើម​ឈើ​ស៊ុប‌ទ្រុប រួច​គេ​ក៏​ថ្វាយ​យញ្ញ‌បូជា​របស់​គេ នៅ​លើ​ទី​នោះ គឺ​នៅ​ទី​នោះ​គេ​បាន​ថ្វាយ​ដង្វាយ​ជា​គ្រឿង​ដុត‌ដាល នៅ​ទី​នោះ គេ​ក៏​បាន​ថ្វាយ​ដង្វាយ​សំរាប់​ជា​ក្លិន​ឈ្ងុយ​របស់​គេ ហើយ​បាន​ច្រួច​ដង្វាយ​ច្រួច​របស់​គេ​នៅ​ទី​នោះ​ដែរ

29. នោះ​អញ​បាន​សួរ​គេ​ថា ទី​ខ្ពស់​ដែល​ឯង​តែង‌តែ​ទៅ​នោះ តើ​ដូច​ម្តេច ដូច្នេះ ទី​នោះ​បាន​ហៅ​ឈ្មោះ​ថា «បាម៉ា» ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

30. ហេតុ​នោះ ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​តែង​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក តាម​បែប​ពួក​អយ្យកោ​ឯង​ដូច្នេះ​ដែរ​ឬ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​កំផិត តាម​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​គេ​ឬ​អី

31. ដ្បិត​កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​របស់​ខ្លួន កាល​ណា​ធ្វើ​ឲ្យ​កូន​ខ្លួន​ឆ្លង​កាត់​ភ្លើង នោះ​គឺ​ឯង​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក ដោយ‌សារ​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​ឯង ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ តើ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​សួរ​ដល់​អញ​ឬ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​មិន​ឲ្យ​ឯង​រាល់​គ្នា​សួរ​ដល់​អញ​ទេ

32. ហើយ​សេចក្ដី​ដែល​កើត​ក្នុង​គំនិត​ឯង​រាល់​គ្នា នោះ​មិន​បាន​កើត​មក​ឡើយ គឺ​ជា​សេចក្ដី​ដែល​ឯង​ថា យើង​នឹង​ធ្វើ​ដូច​ជា​អស់​ទាំង​សាសន៍​ដទៃ និង​ដូច​ជា​អស់​ទាំង​គ្រួសារ នៅ​ស្រុក​ផ្សេងៗ ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ទាំង​ឈើ និង​ថ្ម​ផង។

33. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​នឹង​សោយ‌រាជ្យ​លើ​ឯង​រាល់​គ្នា​ដោយ​ដៃ​ខ្លាំង​ពូកែ ហើយ​លើក​សំរេច ព្រម​ទាំង​ចាក់​សេចក្ដី​ក្រោធ​ចេញ

34. អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រមូល​ឯង​រាល់​គ្នា​មក​ពី​ស្រុក​ទាំង​ប៉ុន្មាន ដែល​ឯង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​នោះ ដោយ​ដៃ​ខ្លាំង​ពូកែ ហើយ​លើក​សំរេច ព្រម​ទាំង​ចាក់​សេចក្ដី​ក្រោធ​ចេញ​ផង

35. អញ​នឹង​នាំ​ឯង​រាល់​គ្នា​ទៅ ឲ្យ​នៅ​ឯ​ទី​សូន្យ​ស្ងាត់​នៃ​អស់​ទាំង​សាសន៍ នៅ​ទី​នោះ អញ​នឹង​មាន​រឿង​តវ៉ា​នឹង​ឯង​ប្រទល់​គ្នា

36. អញ​បាន​មាន​រឿង​តវ៉ា​នឹង​ពួក​អយ្យកោ​ឯង​រាល់​គ្នា នៅ​ក្នុង​ទី​រហោ‌ស្ថាន​នៃ​ស្រុក​អេស៊ីព្ទ​ជា​យ៉ាង​ណា អញ​ក៏​នឹង​មាន​រឿង​តវ៉ា​នឹង​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

សូមអានជំពូកពេញលេញ អេសេគាល 20