គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 18:3-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​ឯង​រាល់​គ្នា​មិន​មាន​ឱកាស​នឹង​និយាយ​សុភាសិត​នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទៀត​ឡើយ

4. មើល ព្រលឹង​ទាំង​អស់​ជា​របស់​ផង​អញ ទោះ​ទាំង​ព្រលឹង​នៃ​ឪពុក និង​ព្រលឹង​នៃ​កូន​ផង ក៏​ជា​របស់​ផង​អញ​ដូច​គ្នា ឯ​ព្រលឹង​ណា​ដែល​ធ្វើ​បាប គឺ​ព្រលឹង​នោះ​ឯង​នឹង​ត្រូវ​ស្លាប់​វិញ។

5. ប៉ុន្តែ​បើ​មនុស្ស​ណា​សុចរិត ជា​អ្នក​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​ហើយ​ទៀង​ត្រង់

6. ឥត​ដែល​ស៊ី​នៅ​លើ​ភ្នំ ឬ​ងើប​ភ្នែក មើល​ទៅ​ឯ​រូប​ព្រះ​របស់​ពួក​វង្ស​អ៊ីស្រា‌អែល ក៏​មិន​បាន​បង្អាប់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន ឬ​ចូល​ទៅ​ជិត​ស្រី​ដែល​មាន​រដូវ​កាល

7. ហើយ​មិន​បាន​សង្កត់‌សង្កិន​អ្នក​ណា គឺ​បាន​ប្រគល់​របស់​បញ្ចាំ​ដល់​អ្នក​ដែល​ជំពាក់​ខ្លួន​វិញ ក៏​មិន​បាន​ប្លន់​យក​របស់​គេ គឺ​បាន​ចែក​អាហារ​ដល់​ពួក​អ្នក​ដែល​ឃ្លាន ហើយ​បិទ​បាំង​អ្នក​ដែល​នៅ​ខ្លួន​ទទេ ដោយ​សំលៀក‌បំពាក់​វិញ

8. គឺ​បើ​អ្នក​នោះ​មិន​បាន​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ ឬ​យក​កំរៃ​អ្វី​ឡើយ គឺ​បាន​ដក​ដៃ​ពី​អំពើ​ទុច្ចរិត​ចេញ បាន​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ចំពោះ​គ្នា​នឹង​គ្នា

9. ព្រម​ទាំង​ប្រព្រឹត្ត​តាម​ក្រឹត្យ‌ក្រម​របស់​អញ ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ដើម្បី​នឹង​ប្រព្រឹត្ត​ដោយ​ពិត​ត្រង់ នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​នោះ​ជា​មនុស្ស​សុចរិត​ពិត អ្នក​នោះ​នឹង​រស់​នៅ​ជា​ប្រាកដ។

10. បើ​អ្នក​នោះ​បង្កើត​កូន​ប្រុស​មក​ដែល​ធ្វើ​ជា​ចោរ ជា​អ្នក​ដែល​កំចាយ​ឈាម ឬ​ប្រព្រឹត្ត​ការ​អ្វី​យ៉ាង​នោះ

11. ឥត​ដែល​ប្រព្រឹត្ត​ការ​ទាំង​ប៉ុន្មាន​ដែល​គួរ​ធ្វើ​ទេ គឺ​បាន​ស៊ី​នៅ​លើ​ភ្នំ​វិញ ហើយ​បង្អាប់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន

12. ព្រម​ទាំង​សង្កត់‌សង្កិន​ពួក​អ្នក​ក្រីក្រ ហើយ​កំសត់​ទុគ៌ត ឬ​ប្លន់​គេ ក៏​មិន​បាន​ប្រគល់​របស់​បញ្ចាំ​ទៅ​វិញ ហើយ​បាន​ងើប​ភ្នែក​មើល​ទៅ​ឯ​រូប​ព្រះ គឺ​បាន​ប្រព្រឹត្ត​ការ​ដ៏​គួរ​ស្អប់​ខ្ពើម

13. បាន​ទាំង​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ ហើយ​យក​កំរៃ​ផង តើ​កូន​នោះ​នឹង​រស់​នៅ ឬ​វា​មិន​ត្រូវ​រស់​ទេ វា​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ ដូច្នេះ វា​ត្រូវ​ស្លាប់​ជា​មិន​ខាន ឈាម​វា​នឹង​ធ្លាក់​ទៅ​លើ​វា​វិញ។

14. ប៉ុន្តែ មើល បើ​អ្នក​នោះ​បង្កើត​កូន​ប្រុស​មក ដែល​ឃើញ​អស់​ទាំង​អំពើ​បាប​ដែល​ឪពុក​ប្រព្រឹត្ត ក៏​ពិចារណា​ហើយ​មិន​ប្រព្រឹត្ត​តាម​អំពើ​យ៉ាង​នោះ​ឡើយ

15. គឺ​មិន​ស៊ី​នៅ​លើ​ភ្នំ ឬ​ងើប​ភ្នែក​មើល​ទៅ​ឯ​រូប​ព្រះ​របស់​ពួក​វង្ស​អ៊ីស្រា‌អែល ក៏​មិន​បាន​បង្អាក់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន

16. ឬ​សង្កត់‌សង្កិន​អ្នក​ណា ឬ​ទទួល​បញ្ចាំ​របស់​គេ ក៏​មិន​បាន​ប្លន់​ដែរ គឺ​បាន​ចែក​អាហារ​របស់​ខ្លួន ដល់​ពួក​អ្នក​ដែល​ឃ្លាន ហើយ​បិទ​បាំង​អ្នក​ដែល​នៅ​ខ្លួន​អាក្រាត​ទទេ ដោយ​សំលៀក‌បំពាក់

17. ក៏​ដក​ដៃ​ចេញ​ពី​អ្នក​ក្រីក្រ ហើយ​មិន​បាន​យក​ការ ឬ​កំរៃ​អ្វី​ឡើយ គឺ​បាន​សំរេច​តាម​ក្រឹត្យ‌ក្រម​របស់​អញ ហើយ​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់​របស់​អញ​ទាំង​ប៉ុន្មាន កូន​នោះ​នឹង​មិន​ស្លាប់ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ខ្លួន​ឡើយ គឺ​នឹង​រស់​នៅ​ជា​ពិត​វិញ

18. តែ​ឯ​ចំណែក​ឪពុក​វា នោះ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​ទៅ ដោយ​ព្រោះ​បាន​សង្កត់‌សង្កិន​យ៉ាង​កំណាច ហើយ​បាន​ប្លន់​បង​ប្អូន ព្រម​ទាំង​ប្រព្រឹត្ត​ការ​ដែល​មិន​ល្អ​ផង នៅ​កណ្តាល​សាសន៍​ខ្លួន​ហើយ។

19. ប៉ុន្តែ​ឯង​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​កូន​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ដូច្នេះ កាល​ណា​កូន​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់ ព្រម​ទាំង​រក្សា​ក្រឹត្យ‌ក្រម​របស់​អញ ហើយ​ប្រព្រឹត្ត​តាម​ផង នោះ​វា​នឹង​រស់​នៅ​ជា​ពិត​វិញ

សូមអានជំពូកពេញលេញ អេសេគាល 18