គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 17:4-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. វា​កាច់​យក​លំពង់ នៅ​ចុង​បំផុត​នៃ​ដើម​នោះ​យក​ទៅ​ដល់​ស្រុក​ជំនួញ ដាក់​ទៅ​ក្នុង​ទី​ក្រុង​នៃ​មនុស្ស​ជួញ​ប្រែ

5. វា​ក៏​យក​ពូជ​ពង្រោះ​ពី​ស្រុក​នោះ ទៅ​ព្រោះ​នៅ​ក្នុង​ដី​ដុះ‌ដាល គឺ​បាន​ដាំ​នៅ​ក្បែរ​ទឹក​ធំ ដូច​ជា​ដើម​ចាក

6. ដើម​នោះ​ក៏​ដុះ​ឡើង ត្រឡប់​ជា​ដើម​ទំពាំង‌បាយ‌ជូរ​លូត‌លាស់​ទាបៗ ដែល​ខ្នែង​ក៏​បែរ​មក​ខាង​ឥន្ទ្រី​នោះ ឯ​ឫស​ក៏​នៅ​ពី​ក្រោម​វា​ដែរ ដូច្នេះ ដើម​នោះ​បាន​ត្រឡប់​ជា​ដើម​ទំពាំង‌បាយ‌ជូរ ក៏​បែក​ខ្នែង ហើយ​ចេញ​ត្រួយ​ផង

7. មាន​សត្វ​ឥន្ទ្រី​ធំ​១​ទៀត​មាន​ស្លាប​ច្រើន ហើយ​ចំអេង​ស្លាប​យ៉ាង​ធំ រីឯ​ដើម​ទំពាំង‌បាយ‌ជូរ នោះ​បាន​បត់​ឫស​ពី​ដី​ដែល​ដាំ​នោះ​ទៅ​ខាង​វា​វិញ ហើយ​បោះ​មែក​ចេញ​ទៅ​ខាង​វា​ដែរ ដើម្បី​ឲ្យ​វា​បាន​ស្រោច​ទឹក

8. ដើម​នោះ​បាន​ដាំ​ក្នុង​ដី​ល្អ​នៅ​ក្បែរ​ទឹក​ធំ ដើម្បី​ឲ្យ​បាន​បែក​ខ្នែង ហើយ​កើត​ផល​ផ្លែ ប្រយោជន៍​ឲ្យ​បាន​ជា​ដើម​ទំពាំង‌បាយ‌ជូរ​យ៉ាង​ល្អ

9. ត្រូវ​ឲ្យ​ឯង​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ដើម​នោះ​នឹង​ចំរើន​ឡើង​បាន​ឬ តើ​ឥន្ទ្រី​មុន​នោះ​មិន​ដក​រំលើង​ទាំង​ឫស ហើយ​កាត់​ផ្លែ​ចេញ ឲ្យ​បាន​ស្វិត​ទៅ ហើយ​ឲ្យ​អស់​ទាំង​ស្លឹក​ខ្ចីៗ​បាន​ក្រៀម​ទៅ​ដែរ​ទេ​ឬ​អី ឥត​ចាំ​មាន​ដៃ​ខ្លាំង​ពូកែ ឬ​មនុស្ស​ជា​ច្រើន ដើម្បី​នឹង​ដក​រំលីង​ទាំង​ឫស​ផង​ឡើយ

10. អើ មើល ដែល​បាន​ដាំ​ដូច្នេះ​ហើយ តើ​នឹង​ចំរើន​ឡើង​បាន​ឬ តើ​មិន​ស្វិត​ក្រៀម​ទៅ​ទាំង​អស់ ដោយ​គ្រាន់​តែ​មាន​ខ្យល់​ពី​ខាង​កើត​បក់​មក​ប៉ះ​ត្រូវ​ទេ​ឬ​អី អើ នឹង​ត្រូវ​ស្វិត​ក្រៀម​ទៅ នៅ​កន្លែង​ដែល​ដុះ​នោះ​ឯង។

11. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា

12. ចូរ​សួរ​ដល់​ពួក​វង្ស​រឹង‌ចចេស​នោះ​ថា តើ​ឯង​រាល់​គ្នា​មិន​យល់​ន័យ​សេចក្ដី​ទាំង​នេះ​ទេ​ឬ​អី ចូរ​ប្រាប់​គេ​ថា មើល​ស្តេច​បាប៊ីឡូន​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម កៀរ​យក​ទាំង​ស្តេច និង​ពួក​ចៅ‌ហ្វាយ​ទី​ក្រុង នាំ​ទៅ​ជា​មួយ​ដល់​ក្រុង​បាប៊ី‌ឡូន

13. នោះ​ក៏​រើស​យក​ពូជ​ស្តេច​១​អង្គ​មក​តាំង​សញ្ញា​នឹង​គ្នា ហើយ​ក៏​ចាប់​ឲ្យ​ស្បថ រួច​បាន​ដឹក‌នាំ​ពួក​អ្នក​ខ្លាំង​ពូកែ ក្នុង​ស្រុក​ចេញ​ទៅ

14. ដើម្បី​ឲ្យ​រាជ្យ​នោះ​បាន​ទាប​ថោក ឥត​ដែល​ងើប​ឡើង​ទៀត​បាន​ឡើយ តែ​ឲ្យ​បាន​ជាប់​នៅ ដោយ​ការ​រក្សា​សញ្ញា​នោះ

15. ប៉ុន្តែ ស្តេច​យើង​បាន​បះ‌បោរ​នឹង​ទ្រង់​វិញ ដោយ​ចាត់​រាជ‌ទូត​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​គេ​បាន​ឲ្យ​សេះ និង​ពល‌ទ័ព​មក​ជា​ច្រើន ដូច្នេះ តើ​នឹង​ចំរើន​ឡើង​បាន​ឬ តើ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដូច្នេះ​នឹង​រួច​ខ្លួន​ឬ តើ​នឹង​អាច​ផ្តាច់​សេចក្ដី​សញ្ញា ហើយ​រួច​ខ្លួន​បាន​ឬ

16. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​ស្តេច​យើង នឹង​ត្រូវ​ស្លាប់ នៅ​កន្លែង​នៃ​ស្តេច ដែល​បាន​តាំង​ទ្រង់​ឡើង ឲ្យ​សោយ‌រាជ្យ​ដែល​ទ្រង់​បាន​មើល‌ងាយ​ពាក្យ​សម្បថ ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​របស់​ស្តេច​នោះ​បង់ គឺ​នឹង​ត្រូវ​ស្លាប់ នៅ​កណ្តាល​ក្រុង​បាប៊ីឡូន​ជិត​ស្តេច​នោះ​ឯង

សូមអានជំពូកពេញលេញ អេសេគាល 17