គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 16:9-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ខណៈ​នោះ អញ​បាន​លាង​ឯង​ដោយ​ទឹក អើ អញ​បាន​ជំរះ​ឈាម​ឯង​ចេញ​យ៉ាង​ស្អាត រួច​ចាក់​ប្រេង​លាប​ឲ្យ

10. អញ​បាន​តែង​តួ​ឯង​ដោយ​សំពត់​ប៉ាក់ ក៏​បំពាក់​ស្បែក​ជើង​ធ្វើ​ពី​ស្បែក​ផ្សោត​ឲ្យ​ឯង ហើយ​ក្រវាត់​ឯង​ដោយ​សំពត់​ទេស‌ឯក រួច​គ្រលុំ​ដោយ​សំពត់​ព្រែ

11. ក៏​បាន​តាក់‌តែង​ឯង​ដោយ​គ្រឿង​លំអ បាន​បំពាក់​កង​នៅ​ដៃ​ឯង ហើយ​ខ្សែ​នៅ​ក

12. ព្រម​ទាំង​បំពាក់​ក្រវិល​នៅ​ច្រមុះ ហើយ​ទំហូ​នៅ​ត្រចៀក និង​ក្បាំង​យ៉ាង​ល្អ​នៅ​ក្បាល​ឯង

13. ដូច្នេះ ឯង​បាន​ប្រដាប់​ដោយ​មាស ហើយ​នឹង​ប្រាក់ ឯ​សំលៀក‌បំពាក់​របស់​ឯង នោះ​បាន​ធ្វើ​ពី​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត និង​ព្រែ ហើយ​សំពត់​ប៉ាក់ ឯង​បាន​ចិញ្ចឹម​ខ្លួន​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត ទឹក​ឃ្មុំ និង​ប្រេង ឯង​មាន​រូប​ល្អ​ឆើត​ក្រៃលែង ហើយ​បាន​ចំរើន​ឡើង​ដល់​ទៅ​មាន​អំណាច​ជា​ស្តេច

14. ឯ​កិត្តិសព្ទ​ពី​លំអ​រុងរឿង​របស់​ឯង បាន​ខ្ចរ‌ខ្ចាយ​ទៅ​ដល់​អស់​ទាំង​នគរ ពី​ព្រោះ​លំអរ​របស់​ឯង​បាន​គ្រប់​លក្ខណ៍ ដោយ‌សារ​រស្មី​របស់​អញ​ដែល​អញ​បាន​ឲ្យ​ស្ថិត​លើ​ឯង នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

15. ប៉ុន្តែ​ឯង​បាន​ទុក​ចិត្ត​នឹង​រូប​លំអ​របស់​ឯង ហើយ​បាន​ធ្វើ​ជា​ស្រី​សំផឹង ដោយ​ព្រោះ​ល្បី​ឈ្មោះ​នោះ ក៏​បាន​ត្រូវ​ការ​នឹង​អស់​អ្នក​ណា​ដែល​ដើរ​កាត់​មុខ​ឯង ឯង​បាន​សំរាប់​ជា​របស់​គេ​ហើយ

16. ឯង​បាន​យក​សំលៀក‌បំពាក់​របស់​ឯង​ទៅ ធ្វើ​ជា​ទី​ខ្ពស់​តាក់‌តែង​ដោយ​ពណ៌​ផ្សេងៗ រួច​បាន​ភប់‌ប្រសព្វ​នឹង​គេ​នៅ​លើ​ទី​នោះ ជា​ការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ឡើយ ហើយ​ទៅ​មុខ​ក៏​នឹង​ឥត​មាន​ដែរ

17. ឯង​ក៏​យក​គ្រឿង​លំអ​របស់​ឯង ដែល​ធ្វើ​ពី​មាស និង​ប្រាក់​របស់​អញ ជា​គ្រឿង​ដែល​អញ​បាន​ឲ្យ​ដល់​ឯង​នោះ ទៅ​ធ្វើ​ជា​រូប​មនុស្ស​ប្រុស ហើយ​ឯង​បាន​ភប់‌ប្រសព្វ​នឹង​រូប​នោះ​ដែរ

18. ឯង​បាន​យក​សំលៀក‌បំពាក់​ប៉ាក់​របស់​ឯង ទៅ​តែង​ឲ្យ​វា ព្រម​ទាំង​តាំង​ប្រេង និង​កំញាន​របស់​អញ​នៅ​មុខ​វា

19. ឯ​អាហារ​ដែល​អញ​បាន​ឲ្យ​ដល់​ឯង គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត ប្រេង និង​ទឹក​ឃ្មុំ​នោះ ដែល​អញ​ឲ្យ​សំរាប់​ចិញ្ចឹម​ឯង នោះ​ឯង​បាន​ថ្វាយ​នៅ​ចំពោះ​រូប​ទាំង​នោះ សំរាប់​ជា​ក្លិន​ឈ្ងុយ​វិញ គឺ​យ៉ាង​នោះ​ដែល​ឯង​បាន​ប្រព្រឹត្ត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

20. មួយ​ទៀត ឯង​បាន​យក​កូន​ប្រុស​ស្រី​ឯង ដែល​បាន​បង្កើត​ឲ្យ​អញ ទៅ​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ ឲ្យ​ត្រូវ​វិនាស​ទៅ​ផង ដូច្នេះ តើ​ការ​កំផិត​របស់​ឯង ជា​ការ​យ៉ាង​ស្រាល​ឬ

21. បាន​ជា​ឯង​សំឡាប់​កូន​អញ ហើយ​ប្រគល់​ទៅ​ឲ្យ​ត្រូវ​ចូល​ក្នុង​ភ្លើង​ថ្វាយ​ដល់​រូប​ទាំង​នោះ​ទៀត

22. ហើយ​ក្នុង​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម និង​ការ​កំផិត​របស់​ឯង នោះ​ឯង​មិន​បាន​នឹក​ពី​កាល​ឯង​នៅ​ក្មេង ក្នុង​កាល​ដែល​ឯង​នៅ​អាក្រាត ហើយ​ខ្លួន​ទទេ ព្រម​ទាំង​ឈ្លក់‌ឈ្លី​នៅ​ក្នុង​ឈាម​ឯង​នោះ​ទេ។

23. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា វេទនាៗ​ដល់​ឯង ដ្បិត​ក្រោយ​អស់​ទាំង​អំពើ​ដ៏​លាមក​អាក្រក់​របស់​ឯង

24. នោះ​ឯង​បាន​សង់​ផ្ទះ​បន​សំរាប់​ខ្លួន ហើយ​ធ្វើ​ទី​យ៉ាង​សំខាន់​សំរាប់​ខ្លួន នៅ​គ្រប់​ទាំង​ផ្លូវ​នោះ​ទៀត

25. ឯង​បាន​ធ្វើ​ទី​យ៉ាង​សំខាន់​នោះ ត្រង់​ក្បាល​គ្រប់​ទាំង​ផ្លូវ ហើយ​បាន​ធ្វើ​ឲ្យ​សេចក្ដី​លំអ​របស់​ឯង​ទៅ​ជា​ទី​ខ្ពើម​ឆ្អើម​វិញ ឯង​បាន​បើក​ជើង​ទទួល​គ្រប់​ទាំង​ប្រុសៗ​ដែល​ដើរ​មក​តាម​នោះ ហើយ​បាន​ចំរើន​ការ​កំផិត​របស់​ឯង​ជា​ច្រើន​ឡើង

26. ឯង​បាន​សហាយ‌ស្មន់​នឹង​សាសន៍​អេស៊ីព្ទ ជា​ពួក​ជិត​ខាង​ឯង​ដែល​ធំ​ធាត់ ព្រម​ទាំង​ចំរើន​ការ​កំផិត​របស់​ឯង​ជា​ច្រើន​ឡើង ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង

27. ដូច្នេះ​មើល​អញ​បាន​លូក​ដៃ​ទៅ​លើ​ឯង​ហើយ ក៏​បន្ថយ​ចំណែក​របស់​ឯង​ចុះ ហើយ​បាន​ប្រគល់​ឯង​ដល់​បំណង​ចិត្ត​របស់​ពួក​អ្នក​ដែល​ស្អប់​ឯង គឺ​ដល់​ពួក​កូន​ស្រី​សាសន៍​ភីលីស្ទីន ដែល​អៀន​ចំពោះ​អំពើ​ឥត​ខ្មាស​របស់​ឯង

28. ឯង​បាន​ភប់‌ប្រសព្វ​នឹង​សាសន៍​អាស‌ស៊ើរដែរ ដ្បិត​ឯង​មិន​ចេះ​ឆ្អែត‌ឆ្អន់​ឡើយ អើ ឯង​បាន​រួម‌បវេណី​នឹង​គេ ក៏​នៅ​តែ​មិន​ស្កប់‌ស្កល់​ទៀត

29. ដូច្នេះ ឯង​បាន​ចំរើន​ការ​កំផិត​របស់​ឯង រហូត​ដល់​ស្រុក​នៃ​ពួក​ឈ្មួញ ជា​សាសន៍​ខាល់ដេ នៅ​ក្នុង​ស្រុក​កាណាន ប៉ុន្តែ​ឯង​នៅ​តែ​មិន​ទាន់​ឆ្អែត​ទៀត។

សូមអានជំពូកពេញលេញ អេសេគាល 16