គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 16:50-60 ព្រះគម្ពីរបរិសុទ្ធ (KHOV)

50. គេ​ក៏​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ ហើយ​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នៅ​ចំពោះ​អញ ហេតុ​នោះ​បាន​ជា​អញ​ដក​គេ​ចេញ​តាម​ដែល​អញ​ឃើញ​ថា​គួរ

51. ឯ​សាម៉ារី ក៏​មិន​បាន​ប្រព្រឹត្ត​ដល់​ត្រឹម​ពាក់​កណ្តាល​នៃ​អំពើ​បាប​របស់​ឯង​ដែរ គឺ​ឯង​បាន​ចំរើន​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង ជា​ច្រើន​ជាង​គេ​ទៅ​ទៀត ហើយ​ឯង​បាន​ធ្វើ​ឲ្យ​បង​ប្អូន​ស្រី​ឯង​មើល​ទៅ​ដូច​ជា​សុចរិត​ទេ ដោយ​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ឯង​បាន​ប្រព្រឹត្ត​នោះ

52. ឯ​ឯង​ដែល​បាន​ថ្កោល​ទោស​បង​ប្អូន​ស្រី​ឯង ចូរ​ទទួល​រង​សេចក្ដី​ខ្មាស​របស់​ខ្លួន​ចុះ គេ​សុចរិត​ជាង​ឯង​វិញ​ដោយ​ព្រោះ​អំពើ​បាប​ដែល​ឯង​បាន​ប្រព្រឹត្ត ឲ្យ​គួរ​ស្អប់​ខ្ពើម​ជាង​គេ​នោះ អើ ចូរ​ឲ្យ​ឯង​ជ្រប់​មុខ​ចុះ ហើយ​ទទួល​រង​សេចក្ដី​ខ្មាស​របស់​ខ្លួន ដោយ​ព្រោះ​ឯង​បាន​ធ្វើ​ឲ្យ​បង​ប្អូន​ស្រី​ឯង​មើល​ទៅ​ដូច​ជា​សុចរិត​វិញ។

53. អញ​នឹង​នាំ​ពួក​គេ ដែល​នៅ​ជា​ឈ្លើយ ឲ្យ​មក​វិញ គឺ​សូដុំម ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ សាម៉ារី ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ និង​ពួក​ឯង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​ឈ្លើយ ឲ្យ​មក​កណ្តាល​គេ​ផង

54. ដើម្បី​ឲ្យ​ឯង​បាន​ទទួល​រង​សេចក្ដី​ខ្មាស​របស់​ខ្លួន ហើយ​ឲ្យ​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​គ្រប់​ទាំង​អំពើ​ដែល​ឯង​បាន​ប្រព្រឹត្ត​នោះ​ដោយ​ឯង​ជា​ទី​កំសាន្ត​ចិត្ត​ដល់​គេ

55. ឯ​ប្អូន​ស្រី​ឯង គឺ​សូដុំម និង​កូន​ស្រី​វា គេ​នឹង​ត្រឡប់​ទៅ​ឯ​សណ្ឋាន​ដើម​របស់​ខ្លួន ហើយ​សាម៉ារី និង​កូន​វា គេ​នឹង​ត្រឡប់​ទៅ​ឯ​សណ្ឋាន​ដើម​របស់​ខ្លួន​វិញ ចំណែក​ឯង និង​កូន​ឯង ក៏​នឹង​វិល​ត្រឡប់​ទៅ​ដូច​ជា​សណ្ឋាន​ដើម​របស់​ឯង​រាល់​គ្នា​ដែរ

56. ដ្បិត​នៅ​គ្រា​នៃ​សេចក្ដី​អំនួត​របស់​ឯង នោះ​ឈ្មោះ​សូដុំម​ជា​ប្អូន​ស្រី​ឯង មិន​បាន​ចេញ​ពី​មាត់​ឯង​ឡើយ

57. គឺ​ក្នុង​កាល​ដែល​សេចក្ដី​ទុច្ចរិត​របស់​ឯង មិន​ទាន់​បើក​ឲ្យ​ឃើញ​នៅ​ឡើយ ដូច​នៅ​វេលា​ដែល​បន្ទោស​ដល់​ពួក​កូន​ស្រី​ស៊ីរី និង​ពួក​អ្នក​នៅ​ជុំវិញ ហើយ​ពួក​កូន​ស្រី​ភីលីស្ទីន ដែល​ប្រទូស‌រ៉ាយ​ដល់​ឯង​នៅ​ព័ទ្ធ​ជុំវិញ

58. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​ត្រូវ​ទទួល​រង​សេចក្ដី​ខ្មាស និង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង​ហើយ

59. ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នឹង​ប្រព្រឹត្ត​នឹង​ឯង ដូច​ជា​ឯង​បាន​ប្រព្រឹត្ត​នោះ គឺ​ដែល​ឯង​បាន​មើល‌ងាយ​ដល់​ពាក្យ​សម្បថ​ដោយ​ផ្តាច់​សេចក្ដី​សញ្ញា​ចេញ។

60. ប៉ុន្តែ អញ​នឹង​នឹក​ចាំ ពី​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ឯង ក្នុង​កាល​ដែល​ឯង​នៅ​ក្មេង​នោះ ហើយ​អញ​នឹង​តាំង​សញ្ញា​១​នឹង​ឯង ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់​កល្ប‌ជានិច្ច​ទៀត

សូមអានជំពូកពេញលេញ អេសេគាល 16