គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 16:47-55 ព្រះគម្ពីរបរិសុទ្ធ (KHOV)

47. ប៉ុន្តែ​ឯង​មិន​បាន​ដើរ​តាម​ផ្លូវ​គេ ឬ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​គេ​ទេ គឺ​ឯង​បាន​ប្រព្រឹត្ត​ខូច​អាក្រក់​ជាង​គេ ក្នុង​អស់​ទាំង​ផ្លូវ​របស់​ឯង​ទៅ​ទៀត ដោយ​ស្មាន​ថា​អំពើ​របស់​គេ​តិច‌តួច​ទេ

48. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​សូដុំម ជា​ប្អូន​ឯង ព្រម​ទាំង​កូន​ផង​មិន​បាន​ប្រព្រឹត្ត​ដូច​ជា​ឯង នឹង​កូន​ស្រី​របស់​ឯង​ទេ

49. មើល​ឯ​អំពើ​ទុច្ចរិត​របស់​សូដុំម ជា​ប្អូន​ស្រី​ឯង ព្រម​ទាំង​កូន​ផង​នោះ​គឺ​មាន​សេចក្ដី​អំនួត មាន​អាហារ​បរិភោគ​ឆ្អែត ហើយ​នៅ​ក៏​ដោយ​ឥត​កង្វល់ ទាំង​មាន​សេចក្ដី​ចំរើន ឥត​ដែល​ចំរើន​កំឡាំង​ដៃ​នៃ​ពួក​ក្រីក្រ និង​មនុស្ស​កំសត់​ទុគ៌ត​ឡើយ

50. គេ​ក៏​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ ហើយ​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នៅ​ចំពោះ​អញ ហេតុ​នោះ​បាន​ជា​អញ​ដក​គេ​ចេញ​តាម​ដែល​អញ​ឃើញ​ថា​គួរ

51. ឯ​សាម៉ារី ក៏​មិន​បាន​ប្រព្រឹត្ត​ដល់​ត្រឹម​ពាក់​កណ្តាល​នៃ​អំពើ​បាប​របស់​ឯង​ដែរ គឺ​ឯង​បាន​ចំរើន​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង ជា​ច្រើន​ជាង​គេ​ទៅ​ទៀត ហើយ​ឯង​បាន​ធ្វើ​ឲ្យ​បង​ប្អូន​ស្រី​ឯង​មើល​ទៅ​ដូច​ជា​សុចរិត​ទេ ដោយ​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ឯង​បាន​ប្រព្រឹត្ត​នោះ

52. ឯ​ឯង​ដែល​បាន​ថ្កោល​ទោស​បង​ប្អូន​ស្រី​ឯង ចូរ​ទទួល​រង​សេចក្ដី​ខ្មាស​របស់​ខ្លួន​ចុះ គេ​សុចរិត​ជាង​ឯង​វិញ​ដោយ​ព្រោះ​អំពើ​បាប​ដែល​ឯង​បាន​ប្រព្រឹត្ត ឲ្យ​គួរ​ស្អប់​ខ្ពើម​ជាង​គេ​នោះ អើ ចូរ​ឲ្យ​ឯង​ជ្រប់​មុខ​ចុះ ហើយ​ទទួល​រង​សេចក្ដី​ខ្មាស​របស់​ខ្លួន ដោយ​ព្រោះ​ឯង​បាន​ធ្វើ​ឲ្យ​បង​ប្អូន​ស្រី​ឯង​មើល​ទៅ​ដូច​ជា​សុចរិត​វិញ។

53. អញ​នឹង​នាំ​ពួក​គេ ដែល​នៅ​ជា​ឈ្លើយ ឲ្យ​មក​វិញ គឺ​សូដុំម ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ សាម៉ារី ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ និង​ពួក​ឯង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​ឈ្លើយ ឲ្យ​មក​កណ្តាល​គេ​ផង

54. ដើម្បី​ឲ្យ​ឯង​បាន​ទទួល​រង​សេចក្ដី​ខ្មាស​របស់​ខ្លួន ហើយ​ឲ្យ​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​គ្រប់​ទាំង​អំពើ​ដែល​ឯង​បាន​ប្រព្រឹត្ត​នោះ​ដោយ​ឯង​ជា​ទី​កំសាន្ត​ចិត្ត​ដល់​គេ

55. ឯ​ប្អូន​ស្រី​ឯង គឺ​សូដុំម និង​កូន​ស្រី​វា គេ​នឹង​ត្រឡប់​ទៅ​ឯ​សណ្ឋាន​ដើម​របស់​ខ្លួន ហើយ​សាម៉ារី និង​កូន​វា គេ​នឹង​ត្រឡប់​ទៅ​ឯ​សណ្ឋាន​ដើម​របស់​ខ្លួន​វិញ ចំណែក​ឯង និង​កូន​ឯង ក៏​នឹង​វិល​ត្រឡប់​ទៅ​ដូច​ជា​សណ្ឋាន​ដើម​របស់​ឯង​រាល់​គ្នា​ដែរ

សូមអានជំពូកពេញលេញ អេសេគាល 16