គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 16:33-50 ព្រះគម្ពីរបរិសុទ្ធ (KHOV)

33. គេ​តែង‌តែ​ឲ្យ​ឈ្នួល​ដល់​ស្រី​សំផឹង​ទាំង​ប៉ុន្មាន តែ​ឯង​វិញ ឯង​ឲ្យ​ឈ្នួល​ដល់​សហាយ​ឯង​ទាំង​អស់ ក៏​សូក​គេ​ឲ្យ​មក​ឯ​ឯង​ពី​គ្រប់​ទិស​ជុំវិញ សំរាប់​ទទួល​រួម‌បវេណី

34. ហើយ​ឯង​ខុស​ពី​ស្រី​ធម្មតា ក្នុង​ការ​សំផឹង​របស់​ឯង ដោយ​ឥត​មាន​អ្នក​ណា​រក​តាម​ឯង ដើម្បី​រួម​ដំណេក​នឹង​ឯង​ឡើយ ហើយ​ដោយ​ឯង​ចេញ​ឈ្នួល​ឲ្យ​គេ មិន​មែន​គេ​ចេញ​ឈ្នួល​ដល់​ឯង​ទេ យ៉ាង​នោះ​បាន​ជា​ឯង​ខុស​ពី​គេ​ហើយ។

35. ដូច្នេះ ឱ​ស្រី​សំផឹង​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

36. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​បាន​ប្រព្រឹត្ត​អំពើ​អាស‌អាភាស​របស់​ឯង​ជា​ហូរ‌ហែ ហើយ​បាន​បើក​កេរ‌ខ្មាស​ឯង ដោយ​រួម‌បវេណី​នឹង​ពួក​សហាយ​ឯង ដោយ​ព្រោះ​គ្រប់​អស់​ទាំង​រូប​ដំណាង​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​របស់​ឯង និង​ឈាម​របស់​កូន​ចៅ​ឯង​ដែល​ឯង​បាន​ថ្វាយ​ដល់​វា

37. នោះ​មើល អញ​នឹង​ប្រមូល​ពួក​សហាយ​ឯង ដែល​ឯង​បាន​ត្រេក‌អរ​ជា​មួយ​គ្នា និង​ពួក​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ស្រឡាញ់​នោះ ព្រម​ទាំង​ពួក​ដែល​ឯង​បាន​ស្អប់​ផង អើ អញ​នឹង​ប្រមូល​គេ​ឲ្យ​មក​ទាស់​នឹង​ឯង​នៅ​គ្រប់​ទិស រួច​អញ​នឹង​បើក​កេរ‌ខ្មាស​ឯង​ឲ្យ​គេ​ឃើញ​ច្បាស់ ដើម្បី​ឲ្យ​គេ​បាន​ឃើញ​ទាំង​អស់

38. នោះ​អញ​នឹង​ជំនុំ‌ជំរះ​ឯង ដូច​ជា​គួរ​ជំនុំ‌ជំរះ​ដល់​ស្រី​ដែល​ផិត​ប្ដី ហើយ​កំចាយ​ឈាម​ផង អញ​នឹង​ទំលាក់​ឈាម​ទៅ​លើ​ឯង ដោយ​សេចក្ដី​ក្រោធ និង​សេចក្ដី​ប្រចណ្ឌ

39. អញ​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​គេ នោះ​គេ​នឹង​បំផ្លាញ​ផ្ទះ​បន​របស់​ឯង ហើយ​រំលំ​អស់​ទាំង​ទី​សំខាន់​របស់​ឯង​ដែរ គេ​នឹង​បក​សំលៀក‌បំពាក់​ឯង​ចេញ ហើយ​កាន់​យក​គ្រឿង​លំអ​របស់​ឯង ព្រម​ទាំង​ចោល​ឯង​ឲ្យ​នៅ​អាក្រាត ហើយ​ខ្លួន​ទទេ

40. គេ​នឹង​នាំ​ហ្វូង​មនុស្ស​ឡើង​មក​ទាស់​នឹង​ឯង និង​ចោល​ឯង​ដោយ​ថ្ម ហើយ​ចាក់​ទំលុះ​ឯង​ដោយ​ដាវ

41. រួច​គេ​នឹង​ដុត​ផ្ទះ​ឯង​ចោល ហើយ​នឹង​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ឯង នៅ​ចំពោះ​ភ្នែក​ពួក​ស្រីៗ​ជា​ច្រើន ដូច្នេះ អញ​នឹង​ធ្វើ​ឲ្យ​ឯង​លែង​ប្រព្រឹត្ត​ការ​សំផឹង ហើយ​ឯង​នឹង​មិន​ចេញ​ថ្លៃ​ឈ្នួល​ឲ្យ​គេ​ទៀត​ឡើយ

42. គឺ​យ៉ាង​នោះ ដែល​អញ​នឹង​សំរាក​សេចក្ដី​ក្រោធ​អញ ចំពោះ​ឯង ហើយ​សេចក្ដី​ប្រចណ្ឌ​របស់​អញ នឹង​ថយ​ចេញ​ពី​ចំពោះ​ឯង​ទៅ នោះ​អញ​នឹង​ស្ងៀម​នៅ​វិញ ឥត​មាន​សេចក្ដី​កំហឹង​ទៀត

43. អញ​នឹង​ទំលាក់​អំពើ​របស់​ឯង​ទៅ​លើ​ក្បាល​ឯង​វិញ ដោយ​ព្រោះ​ឯង​មិន​បាន​នឹក​ពី​កាល​ឯង​នៅ​ក្មេង​ទេ គឺ​បាន​ចាក់‌រុក​អញ ដោយ‌សារ​អំពើ​ទាំង​នោះ​ឯង យ៉ាង​នោះ​ឯង​នឹង​មិន​ប្រព្រឹត្ត​អំពើ​គួរ​ខ្មាស​នេះ ព្រម​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​ឯង​ទៀត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

44. មើល អស់​អ្នក​ណា​ដែល​ធ្លាប់​ប្រើ​ពាក្យ​សុភាសិត​គេ​នឹង​ពោល​ពាក្យ​នេះ​ទាស់​នឹង​ឯង​ថា ម្តាយ​យ៉ាង​ណា​កូន​ស្រី​ក៏​យ៉ាង​នោះ​ដែរ

45. ឯង​ជា​កូន​ស្រី​របស់​ម្តាយ​ឯង​ដែល​បាន​ស្អប់​ប្ដី និង​កូន​ខ្លួន ឯង​ក៏​ជា​ប្អូន​ស្រី​របស់​ពួក​បង​ប្អូន​ស្រី​ឯង ដែល​គេ​បាន​ស្អប់​ប្ដី និង​កូន​គេ​ដែរ ម្តាយ​ឯង​ជា​សាសន៍​ហេត ហើយ​ឪពុក​ឯង​ជា​សាសន៍​អាម៉ូរី

46. បង​ស្រី​ឯង គឺ​សាម៉ារី ដែល​នៅ​ខាង​ឆ្វេង​ឯង ទាំង​ខ្លួន​បង​នោះ និង​កូន​ស្រី​របស់​បង​ដែរ ហើយ​ប្អូន​ស្រី​ឯង​ដែល​នៅ​ខាង​ស្តាំ នោះ​គឺ​ជា​សូដុំម និង​កូន​ស្រី​របស់​គេ

47. ប៉ុន្តែ​ឯង​មិន​បាន​ដើរ​តាម​ផ្លូវ​គេ ឬ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​គេ​ទេ គឺ​ឯង​បាន​ប្រព្រឹត្ត​ខូច​អាក្រក់​ជាង​គេ ក្នុង​អស់​ទាំង​ផ្លូវ​របស់​ឯង​ទៅ​ទៀត ដោយ​ស្មាន​ថា​អំពើ​របស់​គេ​តិច‌តួច​ទេ

48. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​សូដុំម ជា​ប្អូន​ឯង ព្រម​ទាំង​កូន​ផង​មិន​បាន​ប្រព្រឹត្ត​ដូច​ជា​ឯង នឹង​កូន​ស្រី​របស់​ឯង​ទេ

49. មើល​ឯ​អំពើ​ទុច្ចរិត​របស់​សូដុំម ជា​ប្អូន​ស្រី​ឯង ព្រម​ទាំង​កូន​ផង​នោះ​គឺ​មាន​សេចក្ដី​អំនួត មាន​អាហារ​បរិភោគ​ឆ្អែត ហើយ​នៅ​ក៏​ដោយ​ឥត​កង្វល់ ទាំង​មាន​សេចក្ដី​ចំរើន ឥត​ដែល​ចំរើន​កំឡាំង​ដៃ​នៃ​ពួក​ក្រីក្រ និង​មនុស្ស​កំសត់​ទុគ៌ត​ឡើយ

50. គេ​ក៏​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ ហើយ​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នៅ​ចំពោះ​អញ ហេតុ​នោះ​បាន​ជា​អញ​ដក​គេ​ចេញ​តាម​ដែល​អញ​ឃើញ​ថា​គួរ

សូមអានជំពូកពេញលេញ អេសេគាល 16