គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 16:24-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. នោះ​ឯង​បាន​សង់​ផ្ទះ​បន​សំរាប់​ខ្លួន ហើយ​ធ្វើ​ទី​យ៉ាង​សំខាន់​សំរាប់​ខ្លួន នៅ​គ្រប់​ទាំង​ផ្លូវ​នោះ​ទៀត

25. ឯង​បាន​ធ្វើ​ទី​យ៉ាង​សំខាន់​នោះ ត្រង់​ក្បាល​គ្រប់​ទាំង​ផ្លូវ ហើយ​បាន​ធ្វើ​ឲ្យ​សេចក្ដី​លំអ​របស់​ឯង​ទៅ​ជា​ទី​ខ្ពើម​ឆ្អើម​វិញ ឯង​បាន​បើក​ជើង​ទទួល​គ្រប់​ទាំង​ប្រុសៗ​ដែល​ដើរ​មក​តាម​នោះ ហើយ​បាន​ចំរើន​ការ​កំផិត​របស់​ឯង​ជា​ច្រើន​ឡើង

26. ឯង​បាន​សហាយ‌ស្មន់​នឹង​សាសន៍​អេស៊ីព្ទ ជា​ពួក​ជិត​ខាង​ឯង​ដែល​ធំ​ធាត់ ព្រម​ទាំង​ចំរើន​ការ​កំផិត​របស់​ឯង​ជា​ច្រើន​ឡើង ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង

27. ដូច្នេះ​មើល​អញ​បាន​លូក​ដៃ​ទៅ​លើ​ឯង​ហើយ ក៏​បន្ថយ​ចំណែក​របស់​ឯង​ចុះ ហើយ​បាន​ប្រគល់​ឯង​ដល់​បំណង​ចិត្ត​របស់​ពួក​អ្នក​ដែល​ស្អប់​ឯង គឺ​ដល់​ពួក​កូន​ស្រី​សាសន៍​ភីលីស្ទីន ដែល​អៀន​ចំពោះ​អំពើ​ឥត​ខ្មាស​របស់​ឯង

28. ឯង​បាន​ភប់‌ប្រសព្វ​នឹង​សាសន៍​អាស‌ស៊ើរដែរ ដ្បិត​ឯង​មិន​ចេះ​ឆ្អែត‌ឆ្អន់​ឡើយ អើ ឯង​បាន​រួម‌បវេណី​នឹង​គេ ក៏​នៅ​តែ​មិន​ស្កប់‌ស្កល់​ទៀត

29. ដូច្នេះ ឯង​បាន​ចំរើន​ការ​កំផិត​របស់​ឯង រហូត​ដល់​ស្រុក​នៃ​ពួក​ឈ្មួញ ជា​សាសន៍​ខាល់ដេ នៅ​ក្នុង​ស្រុក​កាណាន ប៉ុន្តែ​ឯង​នៅ​តែ​មិន​ទាន់​ឆ្អែត​ទៀត។

30. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចិត្ត​ឯង​ទន់​អី​ម៉្លេះ ដែល​ឯង​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ជា​ការ​របស់​ស្រី​សំផឹង​ដ៏​ឈ្នះ‌ឈ្នាន

31. ដោយ​ឯង​បាន​សង់​ផ្ទះ​បន​របស់​ឯង នៅ​ត្រង់​ក្បាល​គ្រប់​ទាំង​ផ្លូវ និង​ទី​សំខាន់​របស់​ឯង​នៅ​អស់​ទាំង​ផ្លូវ​ថ្នល់ តែ​ឯង​មិន​មែន​ដូច​ជា​ស្រី​សំផឹង​ទេ ពី​ព្រោះ​ឯង​មិន​រមឹល​មើល​ថ្លៃ​ឈ្នួល​ឡើយ

32. យីះ ឯង​ជា​ស្រី​ដែល​ប្រព្រឹត្ត​សេចក្ដី​កំផិត ជា​ស្រី​ដែល​យក​មនុស្ស​ដទៃ​មក​ជំនួស​ប្ដី​ហើយ

33. គេ​តែង‌តែ​ឲ្យ​ឈ្នួល​ដល់​ស្រី​សំផឹង​ទាំង​ប៉ុន្មាន តែ​ឯង​វិញ ឯង​ឲ្យ​ឈ្នួល​ដល់​សហាយ​ឯង​ទាំង​អស់ ក៏​សូក​គេ​ឲ្យ​មក​ឯ​ឯង​ពី​គ្រប់​ទិស​ជុំវិញ សំរាប់​ទទួល​រួម‌បវេណី

34. ហើយ​ឯង​ខុស​ពី​ស្រី​ធម្មតា ក្នុង​ការ​សំផឹង​របស់​ឯង ដោយ​ឥត​មាន​អ្នក​ណា​រក​តាម​ឯង ដើម្បី​រួម​ដំណេក​នឹង​ឯង​ឡើយ ហើយ​ដោយ​ឯង​ចេញ​ឈ្នួល​ឲ្យ​គេ មិន​មែន​គេ​ចេញ​ឈ្នួល​ដល់​ឯង​ទេ យ៉ាង​នោះ​បាន​ជា​ឯង​ខុស​ពី​គេ​ហើយ។

35. ដូច្នេះ ឱ​ស្រី​សំផឹង​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

សូមអានជំពូកពេញលេញ អេសេគាល 16