គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 16:1-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា

2. កូន​មនុស្ស​អើយ ចូរ​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ស្គាល់​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន​ចុះ

3. ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ក្រុង​យេរូ‌សាឡិម​ដូច្នេះ ជំនួរ​វង្ស​នឹង​កំណើត​របស់​ឯង នោះ​ចេញ​ពី​ស្រុក​របស់​សាសន៍​កាណាន​មក ឪពុក​ឯង​ជា​សាសន៍​អាម៉ូរី ហើយ​ម្តាយ​ឯង​ជា​សាសន៍​ហេត

4. ឯ​កំណើត​ឯង គឺ​នៅ​ថ្ងៃ​ដែល​ឯង​កើត​មក នោះ​គេ​មិន​បាន​កាត់​ផ្ចិត​ឯង​ទេ ក៏​មិន​បាន​លាង​ជំរះ​ឯង​ដោយ​ទឹក ឬ​លាប​អំបិល ឬ​រុំ​សំពត់​ឲ្យ​ផង

5. គ្មាន​ភ្នែក​ណា​ប្រណី​ឯង ដើម្បី​នឹង​ធ្វើ​ការ​ទាំង​នោះ​ដល់​ឯង ដោយ​អាណិត‌អាសូរ​ចំពោះ​ឯង​ឡើយ គឺ​គេ​បោះ​ចោល​ឯង​នៅ​ទី​វាល​ទទេ ពី​ព្រោះ​គេ​ខ្ពើម​រូប​ឯង ក្នុង​ថ្ងៃ​ដែល​ឯង​បាន​កើត​មក​នោះ។

6. កាល​អញ​បាន​ដើរ​តាម​នោះ​ជិត​ឯង ឃើញ​ឯង​ឈ្លី‌ឈ្លក់​នៅ​ក្នុង​ឈាម​ខ្លួន នោះ​អញ​បាន​និយាយ​ទៅ​ឯង​ក្នុង​កាល​ដែល​នៅ​ក្នុង​ឈាម​នោះ​ថា ចូរ​មាន​ជីវិត​នៅ​ចុះ អើ​កាល​ឯង​នៅ​ក្នុង​ឈាម​ឯង​នោះ អញ​បាន​ថា ចូរ​មាន​ជីវិត​នៅ​ចុះ

7. អញ​ក៏​ធ្វើ​ឲ្យ​ឯង​មាន​វ័យ​ចំរើន​ឡើង​ដូច​ជា​ស្មៅ​នៅ​វាល ហើយ​ឯង​បាន​កើន​ឡើង​ត្រឡប់​ជា​ធំ ដល់​ទៅ​មាន​រូប​ឆើត​ល្អ ដោះ​ឯង​បាន​ដុះ​ពេញ​រាង​ឡើង សក់​ឯង​ក៏​បាន​វែង​ហើយ ប៉ុន្តែ​ឯង​នៅ​អាក្រាត ហើយ​ខ្លួន​ទទេ

8. គ្រា​នោះ កាល​អញ​បាន​ដើរ​តាម​ទី​នោះ​មើល​ឯង នោះ​ឃើញ​ថា ដល់​ពេល​ស្រឡាញ់​ហើយ ដូច្នេះ អញ​បាន​យក​ជាយ​អាវ​អញ​គ្រប​លើ​ឯង ព្រម​ទាំង​បិទ​បាំង​សណ្ឋាន​អាក្រាត​របស់​ឯង អើ អញ​បាន​ស្បថ​នឹង​ឯង ហើយ​តាំង​សញ្ញា នឹង​ឯង​ផង នោះ​ឯង​បាន​ត្រឡប់​ជា​របស់​ផង​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

9. ខណៈ​នោះ អញ​បាន​លាង​ឯង​ដោយ​ទឹក អើ អញ​បាន​ជំរះ​ឈាម​ឯង​ចេញ​យ៉ាង​ស្អាត រួច​ចាក់​ប្រេង​លាប​ឲ្យ

10. អញ​បាន​តែង​តួ​ឯង​ដោយ​សំពត់​ប៉ាក់ ក៏​បំពាក់​ស្បែក​ជើង​ធ្វើ​ពី​ស្បែក​ផ្សោត​ឲ្យ​ឯង ហើយ​ក្រវាត់​ឯង​ដោយ​សំពត់​ទេស‌ឯក រួច​គ្រលុំ​ដោយ​សំពត់​ព្រែ

11. ក៏​បាន​តាក់‌តែង​ឯង​ដោយ​គ្រឿង​លំអ បាន​បំពាក់​កង​នៅ​ដៃ​ឯង ហើយ​ខ្សែ​នៅ​ក

12. ព្រម​ទាំង​បំពាក់​ក្រវិល​នៅ​ច្រមុះ ហើយ​ទំហូ​នៅ​ត្រចៀក និង​ក្បាំង​យ៉ាង​ល្អ​នៅ​ក្បាល​ឯង

13. ដូច្នេះ ឯង​បាន​ប្រដាប់​ដោយ​មាស ហើយ​នឹង​ប្រាក់ ឯ​សំលៀក‌បំពាក់​របស់​ឯង នោះ​បាន​ធ្វើ​ពី​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត និង​ព្រែ ហើយ​សំពត់​ប៉ាក់ ឯង​បាន​ចិញ្ចឹម​ខ្លួន​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត ទឹក​ឃ្មុំ និង​ប្រេង ឯង​មាន​រូប​ល្អ​ឆើត​ក្រៃលែង ហើយ​បាន​ចំរើន​ឡើង​ដល់​ទៅ​មាន​អំណាច​ជា​ស្តេច

14. ឯ​កិត្តិសព្ទ​ពី​លំអ​រុងរឿង​របស់​ឯង បាន​ខ្ចរ‌ខ្ចាយ​ទៅ​ដល់​អស់​ទាំង​នគរ ពី​ព្រោះ​លំអរ​របស់​ឯង​បាន​គ្រប់​លក្ខណ៍ ដោយ‌សារ​រស្មី​របស់​អញ​ដែល​អញ​បាន​ឲ្យ​ស្ថិត​លើ​ឯង នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

15. ប៉ុន្តែ​ឯង​បាន​ទុក​ចិត្ត​នឹង​រូប​លំអ​របស់​ឯង ហើយ​បាន​ធ្វើ​ជា​ស្រី​សំផឹង ដោយ​ព្រោះ​ល្បី​ឈ្មោះ​នោះ ក៏​បាន​ត្រូវ​ការ​នឹង​អស់​អ្នក​ណា​ដែល​ដើរ​កាត់​មុខ​ឯង ឯង​បាន​សំរាប់​ជា​របស់​គេ​ហើយ

16. ឯង​បាន​យក​សំលៀក‌បំពាក់​របស់​ឯង​ទៅ ធ្វើ​ជា​ទី​ខ្ពស់​តាក់‌តែង​ដោយ​ពណ៌​ផ្សេងៗ រួច​បាន​ភប់‌ប្រសព្វ​នឹង​គេ​នៅ​លើ​ទី​នោះ ជា​ការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ឡើយ ហើយ​ទៅ​មុខ​ក៏​នឹង​ឥត​មាន​ដែរ

សូមអានជំពូកពេញលេញ អេសេគាល 16