គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 14:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គ្រា​នោះ មាន​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ខ្លះ​មក​ឯ​ខ្ញុំ ហើយ​ក៏​អង្គុយ​នៅ​ចំពោះ​មុខ​ខ្ញុំ

2. នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា

3. កូន​មនុស្ស​អើយ ពួក​អ្នក​ទាំង​នេះ​បាន​តាំង​រូប​ព្រះ​របស់​គេ នៅ​ក្នុង​ចិត្ត​ខ្លួន ក៏​បាន​ដាក់​ហេតុ​ចំពប់​របស់​អំពើ​ទុច្ចរិត​ខ្លួន នៅ​ចំពោះ​មុខ​ហើយ ដូច្នេះ តើ​គួរ​ឲ្យ​គេ​មក​សួរ​អញ​ឬ​អី

4. ចូរ​ឯង​ប្រាប់​ដល់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯ​អស់​អ្នក​ណា​នៅ​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល ដែល​តាំង​រូប​ព្រះ​របស់​ខ្លួន​នៅ​ក្នុង​ចិត្ត ហើយ​ដាក់​ហេតុ​ចំពប់​នៃ​អំពើ​ទុច្ចរិត​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ដូច្នេះ រួច​មក​រក​ហោរា នោះ​អញ​នេះ​គឺ​ព្រះ‌យេហូវ៉ា នឹង​ឆ្លើយ​ដល់​គេ​តាម​ចំនួន​រូប​ព្រះ​របស់​គេ​វិញ

5. ដើម្បី​ឲ្យ​អញ​បាន​ចាប់​ទោស​ពួក​វង្ស​អ៊ីស្រា‌អែល ដោយ​នូវ​ចិត្ត​របស់​ខ្លួន​គេ ពី​ព្រោះ​គេ​សុទ្ធ​តែ​ព្រាត់‌ប្រាស​ពី​អញ ដោយ‌សារ​រូប​ព្រះ​របស់​គេ​ទាំង​អស់​ហើយ។

6. ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​វិល​មក​វិញ ចូរ​បែរ​ចេញ​ពី​រូប​ព្រះ​របស់​ឯង​រាល់​គ្នា​ទៅ ហើយ​ងាក​មុខ​ពី​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​ឯង​រាល់​គ្នា​ចុះ

7. ដ្បិត ឯ​អស់​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល ឬ​ក្នុង​ពួក​អ្នក​ដទៃ ជា​អ្នក​ស្នាក់​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ដែល​ញែក​ខ្លួន​ចេញ​ពី​អញ ហើយ​តាំង​រូប​ព្រះ​របស់​ខ្លួន​នៅ​ក្នុង​ចិត្ត ព្រម​ទាំង​ដាក់​ហេតុ​ចំពប់​នៃ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន​ចំពោះ​មុខ​ដូច្នេះ រួច​នឹង​មក​រក​ហោរា ដើម្បី​សួរ​អញ​ពី​ដំណើរ​ខ្លួន នោះ​អញ​នេះ គឺ​ព្រះ‌យេហូវ៉ា អញ​នឹង​ឆ្លើយ​ដល់​អ្នក​នោះ ដោយ​ខ្លួន​អញ

8. ហើយ​អញ​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​នោះ ព្រម​ទាំង​ធ្វើ​ឲ្យ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​សំគាល់ និង​ជា​ពាក្យ​ទំនៀម អញ​ក៏​នឹង​កាត់​អ្នក​នោះ​ចេញ​ពី​កណ្តាល​រាស្ត្រ​អញ​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

9. បើ​ហោរា​ណា​ត្រូវ​បញ្ឆោត ហើយ​បាន​បញ្ចេញ​ពាក្យ​ណា​នោះ គឺ​ព្រះ‌យេហូវ៉ា អញ​នេះ​ហើយ ដែល​បាន​បញ្ឆោត​គេ ហើយ​អញ​នឹង​លូក​ដៃ​ទៅ​លើ​គេ ព្រម​ទាំង​បំផ្លាញ​គេ​ចេញ​ពី​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​ទៅ​ផង

10. គេ​នឹង​ត្រូវ​ទ្រាំទ្រ​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន ឯ​សេចក្ដី​ទុច្ចរិត​របស់​ហោរា​នោះ​នឹង​បាន​ដូច​ជា​សេចក្ដី​ទុច្ចរិត របស់​អ្នក​ដែល​រក​គេ​ដែរ

សូមអានជំពូកពេញលេញ អេសេគាល 14