គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 13:7-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ការ​ដែល​ឯង​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តែ​អញ​មិន​បាន​ពោល​សោះ នោះ​តើ​មិន​មែន​ជា​ឃើញ​ការ​ជាក់‌ស្តែង​កំភូត ហើយ​នឹង​ទាយ​កុហក​ទេ​ឬ​អី។

8. ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បញ្ចេញ​សេចក្ដី​កំភូត ហើយ​ឃើញ​ពាក្យ​កុហក​ដូច្នេះ បាន​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ទាស់​នឹង​ឯង​រាល់​គ្នា​ហើយ

9. ដៃ​អញ​ក៏​ទាស់​នឹង​ពួក​ហោរា ដែល​ឃើញ​ការ​ជាក់‌ស្តែង​កំភូត ហើយ​ដែល​ទាយ​សេចក្ដី​កុហក​នោះ គេ​នឹង​មិន​នៅ​ក្នុង​ពួក​ប្រឹក្សា​របស់​រាស្ត្រ​អញ​ឡើយ ក៏​មិន​បាន​កត់​ទុក​ក្នុង​បញ្ជីនៃ​ពូជ‌ពង្ស​អ៊ីស្រា‌អែល ឬ​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ដែរ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ពិត

10. ពី​ព្រោះ គឺ​ពី​ព្រោះ​តែ​គេ​បាន​លួង‌លោម​បញ្ឆោត​រាស្ត្រ​អញ ដោយ​ចេញ​ពាក្យ​ថា «សន្តិ‌សុខ» តែ​គ្មាន​សេចក្ដី​សន្តិ‌សុខ​សោះ​ប៉ុណ្ណោះ​ឯង រាស្ត្រ​អញ​ធ្វើ​កំផែង​ឡើង តែ​ចំណែក​គេៗ​បូក​ដោយ​ល្បាប់​វិញ

11. ចូរ​ប្រាប់​ដល់​ពួក​អ្នក​ដែល​បូក​ដោយ​ល្បាប់​នោះ​ថា កំផែង​នោះ​នឹង​រលំ​ទៅ ដោយ​មាន​ភ្លៀង​រំលា ហើយ​ឯង ឱ​គ្រាប់​ព្រិល​យ៉ាង​ធំ​អើយ ឯង​នឹង​ធ្លាក់​មក ក៏​នឹង​មាន​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​បំបាក់​រលំ​កំផែង​ទៅ

12. ដូច្នេះ កាល​ណា​កំផែង​បាន​រលំ​ហើយ នោះ​តើ​គេ​មិន​សួរ​ឯង​រាល់​គ្នា​ទេ​ឬ​អី​ថា ល្បាប់​ដែល​ឯង​រាល់​គ្នា​បាន​បូក​នោះ តើ​នៅ​ឯ​ណា

13. ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នឹង​រំលំ​កំផែង​នោះ ដោយ​ខ្យល់​គំហុក ក្នុង​សេចក្ដី​ក្រោធ​របស់​អញ ហើយ​នឹង​មាន​ភ្លៀង​រំលា​ដោយ​សេចក្ដី​កំហឹង​របស់​អញ ព្រម​ទាំង​គ្រាប់​ព្រិល​យ៉ាង​ធំ ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ ដើម្បី​នឹង​បំផ្លាញ​បង់

14. គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​រំលំ​កំផែង ដែល​ឯង​រាល់​គ្នា​បាន​បូក​ដោយ​ល្បាប់​នោះ អញ​នឹង​រលំ​ចុះ​ដល់​ដី ឲ្យ​ឫស​បាន​បើក​ឲ្យ​ឃើញ កំផែង​នោះ​នឹង​រំលំ​ចុះ ហើយ​ឯង​រាល់​គ្នា​នឹង​សាប‌សូន្យ​ទៅ នៅ​កណ្តាល​នោះ​ផង ដូច្នេះ ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

15. គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​សំរេច​សេចក្ដី​ក្រោធ​របស់​អញ នៅ​លើ​កំផែង​នោះ ហើយ​លើ​ពួក​អ្នក​ដែល​បាន​បូក​ដោយ​ល្បាប់​ផង​ដែរ រួច​អញ​នឹង​និយាយ​នឹង​ឯង​រាល់​គ្នា​ថា កំផែង​នោះ​មិន​មាន​ទៀត​ទេ ព្រម​ទាំង​ពួក​អ្នក​ដែល​បូក​ផង

16. គឺ​ជា​ពួក​ហោរា​របស់​សាសន៍​អ៊ីស្រា‌អែល ដែល​ទាយ​ពី​ដំណើរ​ក្រុង​យេរូ‌សាឡិម ហើយ​ឃើញ​ការ​ជាក់‌ស្តែង​ពី​សេចក្ដី​សុខ​សំរាប់​ទី​ក្រុង តែ​ឥត​មាន​សេចក្ដី​សុខ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

17. ឯ​ឯង កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ទាស់​នឹង​ពួក​កូន​ស្រី​របស់​សាសន៍​ឯង ដែល​ទាយ​ចេញ​ពី​ចិត្ត​ខ្លួន​គេ ហើយ​ទាយ​ទាស់​នឹង​គេ

18. ដោយ​ពាក្យ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ វេទនា​ដល់​ពួក​ស្រីៗ​ដែល​ដេរ​កែប​កំណល់​ភ្ជាប់ នៅ​កួយ​ដៃ​មនុស្ស ហើយ​ធ្វើ​ស្បៃ​បាំង​មុខ សំរាប់​ក្បាល​គ្រប់​មនុស្ស ទោះ​ទាំង​ធំ​ទាំង​តូច ដើម្បី​នឹង​ចាប់​ព្រលឹង​គេ ឯង​រាល់​គ្នា​រក​ចាប់​ព្រលឹង​របស់​សាសន៍​អញ​ដូច្នេះ នោះ​តើ​នឹង​អាច​ជួយ​សង្គ្រោះ​ព្រលឹង​គេ​ដែល​មក​ឯ​ឯង​ឲ្យ​រស់​នៅ​បាន​ឬ

សូមអានជំពូកពេញលេញ អេសេគាល 13