1. គ្រានោះ ខ្ញុំក្រឡេកទៅឃើញនៅក្នុងអាកាសដែលនៅពីលើក្បាលចេរូប៊ីន មានភាពដូចជាត្បូងកណ្តៀងដែលមើលទៅដូចជាសណ្ឋាននៃបល្ល័ង្ក លេចមកពីលើចេរូប៊ីននោះ
2. ទ្រង់ក៏មានព្រះបន្ទូលដល់មនុស្សដែលស្លៀកសំពត់ទេសឯកថា ចូរឲ្យចូលទៅកណ្តាលកង់ទាំងនោះ គឺក្រោមចេរូប៊ីន ហើយកើបរងើកភ្លើងពេញដៃទាំង២ ពីកណ្តាលចេរូប៊ីននោះ រួចបាចទៅលើទីក្រុងទៅ អ្នកនោះក៏ចូលទៅនៅចំពោះភ្នែកខ្ញុំ
3. កំពុងដែលមនុស្សនោះចូលទៅ ចេរូប៊ីនក៏នៅខាងស្តាំព្រះវិហារ ហើយពពកក៏នៅពេញក្នុងទីលានខាងក្នុង
4. នោះសិរីល្អនៃព្រះយេហូវ៉ាបានឡើងផុតពីចេរូប៊ីន ទៅនៅប្រឡោះទ្វារនៃព្រះវិហារវិញ ឯព្រះវិហារក៏ពេញដោយពពកនោះ ហើយទីលានមានពេញដោយរស្មីនៃសិរីល្អរបស់ព្រះយេហូវ៉ា
5. ក៏មានឮសូរសន្ធឹកស្លាបរបស់ចេរូប៊ីន រហូតដល់ទីលានខាងក្រៅ ហាក់ដូចជាព្រះសៀងនៃព្រះដ៏មានគ្រប់ចេស្តា ក្នុងកាលដែលទ្រង់មានព្រះបន្ទូល
6. រីឯកាលទ្រង់បានបង្គាប់មនុស្សដែលស្លៀកសំពត់ទេសឯក ឲ្យកើបយករងើកភ្លើងពីកណ្តាលកង់ទាំងនោះ គឺពីកណ្តាលចេរូប៊ីនហើយ នោះលោកក៏ចូលទៅឈរនៅក្បែរកង់ទាំងនោះ
7. ចំណែកចេរូប៊ីន១ក៏លូកដៃពីកណ្តាលពួកចេរូប៊ីន ទៅចាប់យកភ្លើងដែលនៅកណ្តាលចេរូប៊ីន ទៅដាក់ក្នុងដៃរបស់មនុស្ស ដែលស្លៀកសំពត់ទេសឯក ហើយអ្នកនោះទទួលយក រួចចេញទៅ
8. ខណៈនោះ នៅក្រោមស្លាបរបស់ចេរូប៊ីន ឃើញមានសណ្ឋានដូចជាដៃមនុស្សលេចមក។