គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 1:21-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. កាល​ណា​ពួក​នោះ​ចេញ​ទៅ ពួក​នេះ​ក៏​ទៅ​ដែរ កាល​ណា​ពួក​នោះ​ឈប់​នៅ ពួក​នេះ​ក៏​ឈប់​ដែរ ហើយ​កាល​ណា​ពួក​នោះ​បាន​លើក​ឡើង​ផុត​ពី​ដី នោះ​កង់​ទាំង‌ឡាយ ក៏​បាន​លើក​ឡើង អម​ទៅ​ព្រម​គ្នា ដ្បិត​វិញ្ញាណ​របស់​តួ​មាន​ជីវិត បាន​នៅ​ជាប់​ក្នុង​កង់​ដែរ។

22. នៅ​ពី​លើ​ក្បាល​នៃ​តួ​មាន​ជីវិត នោះ​មាន​ដូច​ជា​ផ្ទៃ​មេឃ ដែល​មើល​ទៅ​ដូច​ជា​ចរណៃ​គួរ​ស្ញែង‌ខ្លាច ហើយ​ក៏​លាត​ពី​លើ​ក្បាល​តួ​ទាំង​នោះ

23. ឯ​ក្រោម​ផ្ទៃ​មេឃ នោះ​មាន​ស្លាប​របស់​តួ​ទាំង‌ឡាយ ត្រដាង​ទៅ​ត្រង់​តៗ​គ្នា គ្រប់​គ្នា​មាន​ស្លាប​២​ដែល​បាំង​ខ្លួន​ម្ខាង ហើយ​ស្លាប​២ ដែល​បាំង​ខ្លួន​ម្ខាង​ទៀត

24. កាល​ណា​ហោះ​ទៅ នោះ​ខ្ញុំ​ឮ​សូរ​សន្ធឹក​ស្លាប ដូច​ជា​សូរ​នៃ​ទឹក​ធំ គឺ​ដូច​ជា​ព្រះ‌សូរ‌សៀង នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ជា​សូរ​គឹក‌កង ដូច​ជា​សូរ​នៃ​កង‌ទ័ព កាល​ណា​តួ​ទាំង​នោះ​ឈប់​នៅ នោះ​ក៏​សំរប​ស្លាប​ចុះ​មក​វិញ

25. កាល​បាន​ឈប់​សំរប​ស្លាប​ចុះ​មក​វិញ​ហើយ នោះ​មាន​ឮ​សំឡេង​ពី​ផ្ទៃ​មេឃ ដែល​នៅ​ពី​លើ​ក្បាល​តួ​ទាំង​នោះ។

26. នៅ​ពី​លើ​ផ្ទៃ​មេឃ​ដែល​នៅ​ពី​លើ​ក្បាល នោះ​មាន​ភាព​ជា​បល្ល័ង្ក ដែល​មើល​ទៅ​ដូច​ជា​ត្បូង‌កណ្តៀង ហើយ​នៅ​លើ​ភាព​ដែល​មើល​ទៅ​ដូច​ជា​បល្ល័ង្ក នោះ​ឃើញ​មាន​ទ្រង់‌ទ្រាយ​ដូច​ជា​មនុស្ស​អង្គុយ​នៅ​លើ

27. ខ្ញុំ​ក៏​ឃើញ​ពណ៌​ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ ដែល​មើល​ទៅ​ដូច​ជា​ភ្លើង នៅ​ខាង​ក្នុង ហើយ​នៅ​ជុំវិញ ចាប់​តាំង​ពី​កន្លែង​ដែល​មើល​ទៅ​ដូច​ជា​ចង្កេះ​ទៅ​ខាង​លើ ហើយ​ចាប់​តាំង​ពី​កន្លែង​ដែល​មើល​ទៅ​ដូច​ជា​ចង្កេះ ចុះ​ទៅ​ខាង​ក្រោម នោះ​ខ្ញុំ​ឃើញ​ភាព​មើល​ទៅ​ដូច​ភ្លើង ហើយ​មាន​រស្មី​ភ្លឺ​នៅ​ជុំវិញ​អង្គ​នោះ

សូមអានជំពូកពេញលេញ អេសេគាល 1