គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 1:11-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ឯ​មុខ ហើយ​នឹង​ស្លាប នោះ​ដាច់​ពី​គ្នា​ខាង​លើ ស្លាប​២​របស់​រាល់​តួ​នោះ​បាន​ជាប់​ត​គ្នា ហើយ​ស្លាប​២​ទៀត​ក៏​គ្រប​ខ្លួន

12. គ្រប់​គ្នា​ក៏​ហោះ​ចំ​ទៅ​ខាង​មុខ ទី​ណា​ដែល​ព្រះ‌វិញ្ញាណ​ត្រូវ​ទៅ តួ​ទាំង​នោះ​ក៏​ទៅ​ដែរ ឥត​ងាក​បែរ​ឡើយ

13. ឯ​ភាព​នៃ​តួ​មាន​ជីវិត​ទាំង​នោះ គឺ​មើល​ទៅ​ដូច​ជា​រងើក​ភ្លើង ហើយ​ក៏​ដូច​ជា​ចន្លុះ​ឆេះ ដែល​ទ្រោល​ចុះ​ឡើង​នៅ​កណ្តាល​តួ​មាន​ជីវិត​ទាំង​នោះ ឯ​ភ្លើង​នោះ​ក៏​ភ្លឺ​ចាំង ហើយ​មាន​ផ្លេក‌បន្ទោរ​ចេញ​ពី​ភ្លើង​នោះ​មក

14. តួ​មាន​ជីវិត​ទាំង​នោះ ក៏​ហោះ​ទៅ​មក​មើល​ទៅ​ដូច​ជា​ផ្លេក‌បន្ទោរ។

15. កាល​ខ្ញុំ​កំពុង​តែ​មើល​តួ​មាន​ជីវិត​ទាំង​នោះ ខ្ញុំ​ក៏​ឃើញ​កង់​១ នៅ​លើ​ដី​ក្បែរ​តួ​មាន​ជីវិត​ទាំង​នោះ សំរាប់​មុខ​នីមួយៗ​គ្រប់​ទាំង​៤

16. ភាព​នឹង​បែប​ផែន​នៃ​កង់​ទាំង​នោះ ក៏​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល កង់​ទាំង​៤​មាន​រាង​ដូច​គ្នា ឯ​ភាព និង​សណ្ឋាន​វា ក៏​មើល​ទៅ​ដូច​ជា​កង់​១​នៅ​ក្នុង​កង់​១​ទៀត

17. កាល​ណា​វា​ទៅ នោះ​ក៏​ទៅ​ទាំង​៤​មុខ​ឥត​បែរ​ទៅ​ខាង​ណា​ឡើយ

18. ឯ​ខ្នង​កង់​នោះ ខ្ពស់​គួរ​ស្ញែង‌ខ្លាច ហើយ​ខ្នង​កង់​ទាំង​៤​នោះ មាន​ភ្នែកនៅ​ពេញ​ជុំវិញ

19. កាល​ណា​តួ​មាន​ជីវិត​ទាំង​៤​បាន​ហោះ​ទៅ នោះ​កង់​ទាំង​នោះ​ក៏​អម​ទៅ​ដែរ កាល​ណា​តួ​មាន​ជីវិត​ទាំង​៤​បាន​លើក​ឡើង​ផុត​ពី​ដី​ទៅ នោះ​កង់​ទាំង​នោះ​ក៏​បាន​លើក​ឡើង​ដូច​គ្នា

20. នៅ​ទី​ណា​ដែល​ព្រះ‌វិញ្ញាណ​ត្រូវ​ទៅ នោះ​វា​ក៏​ទៅ​ដែរ គឺ​វិញ្ញាណ​របស់​វា​ក៏​ទៅ​កន្លែង​ដដែល កង់​ទាំង​នោះ​បាន​លើក​ឡើង​អម​ទៅ ពី​ព្រោះ​វិញ្ញាណ​របស់​តួ​មាន​ជីវិត ក៏​នៅ​ក្នុង​កង់​ដែរ

21. កាល​ណា​ពួក​នោះ​ចេញ​ទៅ ពួក​នេះ​ក៏​ទៅ​ដែរ កាល​ណា​ពួក​នោះ​ឈប់​នៅ ពួក​នេះ​ក៏​ឈប់​ដែរ ហើយ​កាល​ណា​ពួក​នោះ​បាន​លើក​ឡើង​ផុត​ពី​ដី នោះ​កង់​ទាំង‌ឡាយ ក៏​បាន​លើក​ឡើង អម​ទៅ​ព្រម​គ្នា ដ្បិត​វិញ្ញាណ​របស់​តួ​មាន​ជីវិត បាន​នៅ​ជាប់​ក្នុង​កង់​ដែរ។

22. នៅ​ពី​លើ​ក្បាល​នៃ​តួ​មាន​ជីវិត នោះ​មាន​ដូច​ជា​ផ្ទៃ​មេឃ ដែល​មើល​ទៅ​ដូច​ជា​ចរណៃ​គួរ​ស្ញែង‌ខ្លាច ហើយ​ក៏​លាត​ពី​លើ​ក្បាល​តួ​ទាំង​នោះ

23. ឯ​ក្រោម​ផ្ទៃ​មេឃ នោះ​មាន​ស្លាប​របស់​តួ​ទាំង‌ឡាយ ត្រដាង​ទៅ​ត្រង់​តៗ​គ្នា គ្រប់​គ្នា​មាន​ស្លាប​២​ដែល​បាំង​ខ្លួន​ម្ខាង ហើយ​ស្លាប​២ ដែល​បាំង​ខ្លួន​ម្ខាង​ទៀត

សូមអានជំពូកពេញលេញ អេសេគាល 1