គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 9:2-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ឯ​បណ្តា‌ជន​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​នៃ​ម្លប់​សេចក្ដី​ស្លាប់ គេ​មាន​ពន្លឺ​ភ្លឺ​មក​លើ​គេ​ហើយ

3. ទ្រង់​បាន​ប្រោស​ឲ្យ​បណ្តា‌ជន​ចំរើន​ឡើង ហើយ​បាន​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​រីក‌រាយ​ជា​ច្រើន​ឡើង​ដែរ គេ​មាន​សេចក្ដី​អំណរ​នៅ​ចំពោះ​ទ្រង់ ដូច​ជា​សេចក្ដី​អំណរ ក្នុង​រដូវ​ចំរូត ហើយ​ដូច​ជា​សេចក្ដី​អំណរ​នៃ​មនុស្ស​ដែល​កំពុង​តែ​ចែក​របឹប​គ្នា

4. ដ្បិត​ទ្រង់​បាន​បំបាក់​នឹម ដែល​សង្កត់​លើ​គេ និង​ដង្រែក​នៅ​ស្មា​គេ ហើយ​ដំបង​របស់​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​គេ​ផង ដូច​ជា​នៅ​គ្រា​នៃ​ពួក​សាសន៍​ម៉ាឌាន​ដែរ

5. ពី​ព្រោះ​គ្រប់​ទាំង​ស្បែក​ជើង​របស់​ពួក​ទាហាន​ក្នុង​ចំបាំង​យ៉ាង​អ៊ឹក‌ធឹក ហើយ​សំលៀក‌បំពាក់​ប្រឡាក់​ជោក​ដោយ​ឈាម នោះ​នឹង​បាន​សំរាប់​ដុត ហើយ​ជា​ចំណី​ដល់​ភ្លើង

6. ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់‌គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ‌នាម​ទ្រង់​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ព្រះ‌វរបិតា​ដ៏​គង់​នៅ​អស់‌កល្ប និង​ជា​ម្ចាស់​នៃ​មេត្រី‌ភាព

7. ឯ​សេចក្ដី​ចំរើន​នៃ​រដ្ឋ​បាល​ទ្រង់ និង​សេចក្ដី​សុខ‌សាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ និង​នគរ​នៃ​ទ្រង់​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់‌ទល់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀង‌រាប​ដរាប​ទៅ គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នឹង​សំរេច​ការ​នេះ។

8. ព្រះ‌អម្ចាស់​ទ្រង់​បាន​ផ្ញើ​ព្រះ‌បន្ទូល​មក ក្នុង​ពួក​យ៉ាកុប ហើយ​ព្រះ‌បន្ទូល​នោះ​បាន​ធ្លាក់​មក ត្រូវ​ជន‌ជាតិ​អ៊ីស្រា‌អែល

9. បណ្តា‌ជន​ទាំង​អស់​គ្នា​នឹង​ដឹង​ដែរ ទោះ​ទាំង​ពួក​អេប្រា‌អិម និង​ពួក​អ្នក​នៅ​ស្រុក​សាម៉ារី​ផង ជា​ពួក​អ្នក​ដែល​និយាយ​ដោយ​សេចក្ដី​អំនួត និង​ចិត្ត​ធំ​របស់​គេ​ថា

10. ជញ្ជាំង​ឥដ្ឋ​បាន​រលំ​ហើយ តែ​យើង​នឹង​សង់​ឡើង​ដោយ​ថ្ម​ដាប់​វិញ ដើម​ឧទុម្ពរ​បាន​ត្រូវ​កាប់​អស់​ទៅ​ហើយ តែ​យើង​នឹង​យក​ដើម​តាត្រៅ​មក​ជំនួស​វិញ

11. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ពួក​ខ្មាំង​សត្រូវ​របស់​រេស៊ីន​ឲ្យ​ទាស់​នឹង​គេ ហើយ​នឹង​ញុះ‌ញង់​ពួក​សត្រូវ​របស់​គេ​ដែរ

12. គឺ​ពួក​សាសន៍​ស៊ីរី​នៅ​ខាង​មុខ ហើយ​ពួក​សាសន៍​ភីលីស្ទីន​នៅ​ខាង​ក្រោយ ពួក​ទាំង​នោះ​នឹង​ហា​មាត់ ត្របាក់​លេប​សាសន៍​អ៊ីស្រា‌អែល​ទៅ ប៉ុន្តែ ទោះ​បើ​ធ្វើ​ទោស ជា​ច្រើន​ដល់​ម៉្លេះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​ទ្រង់​នៅ​តែ​លូក​មក​ទៀត។

សូមអានជំពូកពេញលេញ អេសាយ 9