គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 66:9-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អញ​នឹង​នាំ​ទៅ​ដល់​កំណត់​ដែល​ត្រូវ​សំរាល ឥត​ធ្វើ​ឲ្យ​កើត​មក​ផង​ឬ ព្រះ​នៃ​ឯង​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​សួរ​ថា ឯ​អញ​ដែល​ធ្វើ​ឲ្យ​កើត​មក តើ​អញ​នឹង​បង្ខាំង​ផ្ទៃ​ឬ​អី។

10. ឱ​ពួក​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​រីក‌រាយ​ឡើង​ជា​មួយ​នឹង​វា ហើយ​មាន​សេចក្ដី​អំណរ​ដោយ​ព្រោះ​វា​ចុះ អស់​អ្នក​ដែល​យំ​ទួញ​នឹង​ទី​ក្រុង​អើយ ចូរ​រីក‌រាយ​ឡើង​ដោយ​សេចក្ដី​អំណរ​ចំពោះ​វា​វិញ

11. ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​បៅ​ដោះ ជា​សេចក្ដី​កំសាន្ត​ចិត្ត​របស់​វា​ឲ្យ​ឆ្អែត ហើយ​ឲ្យ​បាន​ជព្ជាក់​ទឹក​ដោះ​របស់​វា ព្រម​ទាំង​ចាប់​ចិត្ត​ចំពោះ​សិរី‌ល្អ​ដ៏​បរិបូរ​របស់​វា​ផង

12. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ផ្សាយ​សេចក្ដី​សុខ ឲ្យ​ហូរ​ទៅ​ដល់​វា​ដូច​ជា​ទន្លេ ព្រម​ទាំង​សិរី‌ល្អ​របស់​អស់​ទាំង​សាសន៍ ដូច​ជា​ទឹក​ជ្រោះ​ដែល​ហូរ​លិច​ច្រាំង​ផង នោះ​ឯង​រាល់​គ្នា​នឹង​ជព្ជាក់​បៅ វា​នឹង​ពរ​ឯង ហើយ​ថ្នម​ឯង​នៅ​លើ​ភ្លៅ

13. អញ​នឹង​កំសាន្ត​ចិត្ត​ឯង ដូច​ជា​ម្តាយ​ដែល​លួង‌លោម​កូន នោះ​ឯង​រាល់​គ្នា​នឹង​មាន​សេចក្ដី​កំសាន្ត​ចិត្ត​ចំពោះ​ក្រុង​យេរូ‌សាឡិម​ហើយ

14. ឯង​រាល់​គ្នា​នឹង​ឃើញ ហើយ​នឹង​មាន​សេចក្ដី​អំណរ​រីក‌រាយ​ក្នុង​ចិត្ត ឯ​ឆ្អឹង​ឯង​រាល់​គ្នា នោះ​នឹង​បាន​ស្រស់ ដូច​ស្មៅ​ខ្ចី ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​សំដែង​ចេញ ដល់​ពួក​អ្នក​បំរើ​របស់​ទ្រង់ ហើយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ នឹង​សង្កត់​លើ​អស់​ទាំង​ខ្មាំង​សត្រូវ​ផង។

15. ដ្បិត​មើល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​មក​នាំ​ទាំង​ភ្លើង​មក​ជា​មួយ ហើយ​ព្រះ‌រាជ‌រថ​របស់​ទ្រង់​នឹង​បាន​ដូច​ជា​ខ្យល់​កួច ដើម្បី​នឹង​សំរេច​តាម​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់ និង​តាម​ពាក្យ​ស្តី​បន្ទោស​របស់​ទ្រង់ ដោយ‌សារ​អណ្តាត​ភ្លើង

16. ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌​ដល់​អស់​ទាំង​មនុស្ស ដោយ‌សារ​ភ្លើង​នឹង​ដាវ​របស់​ទ្រង់ ដូច្នេះ ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់ និង​ប្រហារ​ជីវិត នោះ​នឹង​មាន​ជា​ច្រើន

17. ឯ​ពួក​អ្នក​ដែល​ញែក​ខ្លួន ហើយ​ជំរះ​ខ្លួន​ចេញ សំរាប់​ការ​ថ្វាយ‌បង្គំ​នៅ​ក្នុង​សួន‌ច្បារ ហើយ​គោរព​ដល់​រូប​ព្រះ​១​នៅ​កណ្តាល​នោះ ព្រម​ទាំង​ស៊ី​សាច់​ជ្រូក និង​កណ្តុរ​ជា​របស់​គួរ​ខ្ពើម​ឆ្អើម នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​ទាំង​នោះ​នឹង​ត្រូវ​វិនាស​ទៅ​ជា​មួយ​គ្នា​ទាំង​អស់។

18. អញ​ស្គាល់​អស់​ទាំង​អំពើ និង​គំនិត​របស់​គេ​ហើយ នឹង​មាន​ពេល​វេលា​មក​ដល់ ដែល​អញ​នឹង​ប្រមូល​អស់​ទាំង​សាសន៍​គ្រប់​ភាសា គេ​នឹង​មូល​មក​ឃើញ​សិរី‌ល្អ​របស់​អញ

សូមអានជំពូកពេញលេញ អេសាយ 66