គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 66:15-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ដ្បិត​មើល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​មក​នាំ​ទាំង​ភ្លើង​មក​ជា​មួយ ហើយ​ព្រះ‌រាជ‌រថ​របស់​ទ្រង់​នឹង​បាន​ដូច​ជា​ខ្យល់​កួច ដើម្បី​នឹង​សំរេច​តាម​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់ និង​តាម​ពាក្យ​ស្តី​បន្ទោស​របស់​ទ្រង់ ដោយ‌សារ​អណ្តាត​ភ្លើង

16. ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌​ដល់​អស់​ទាំង​មនុស្ស ដោយ‌សារ​ភ្លើង​នឹង​ដាវ​របស់​ទ្រង់ ដូច្នេះ ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់ និង​ប្រហារ​ជីវិត នោះ​នឹង​មាន​ជា​ច្រើន

17. ឯ​ពួក​អ្នក​ដែល​ញែក​ខ្លួន ហើយ​ជំរះ​ខ្លួន​ចេញ សំរាប់​ការ​ថ្វាយ‌បង្គំ​នៅ​ក្នុង​សួន‌ច្បារ ហើយ​គោរព​ដល់​រូប​ព្រះ​១​នៅ​កណ្តាល​នោះ ព្រម​ទាំង​ស៊ី​សាច់​ជ្រូក និង​កណ្តុរ​ជា​របស់​គួរ​ខ្ពើម​ឆ្អើម នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​ទាំង​នោះ​នឹង​ត្រូវ​វិនាស​ទៅ​ជា​មួយ​គ្នា​ទាំង​អស់។

18. អញ​ស្គាល់​អស់​ទាំង​អំពើ និង​គំនិត​របស់​គេ​ហើយ នឹង​មាន​ពេល​វេលា​មក​ដល់ ដែល​អញ​នឹង​ប្រមូល​អស់​ទាំង​សាសន៍​គ្រប់​ភាសា គេ​នឹង​មូល​មក​ឃើញ​សិរី‌ល្អ​របស់​អញ

19. អញ​នឹង​តាំង​ទី​សំគាល់​១​នៅ​កណ្តាល​ពួក​គេ ហើយ​ចាត់​ពួក​គេ​ណា​ខ្លះ​ដែល​រួច​ខ្លួន ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ គឺ​ទៅ​ឯ​ស្រុក​តើស៊ីស ស្រុក​ពូល និង​ស្រុក​លូឌ ជា​សាសន៍​ដែល​ជំនាញ​ធ្នូ ហើយ​ស្រុក​ទូបាល និង​ស្រុក​យ៉ាវ៉ាន ហើយ​ទៅ​ឯ​កោះ​ទាំង​ប៉ុន្មាន ដែល​នៅ​ឆ្ងាយ ជា​ពួក​អ្នក​ដែល​មិន​ទាន់​ឮ​និយាយ​ពី​កិត្តិសព្ទ​របស់​អញ ឬ​ឃើញ​សិរី‌ល្អ​របស់​អញ​នៅ​ឡើយ អ្នក​ទាំង​នោះ​នឹង​ប្រកាស​ប្រាប់​ពី​សិរី‌ល្អ​របស់​អញ នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន

20. គេ​នឹង​បញ្ជិះ​ពួក​បង​ប្អូន​ឯង​រាល់​គ្នា​ទាំង​ប៉ុន្មាន លើ​សេះ រទេះ អង្រឹង​ស្នែង លា‌កាត់ ហើយ​លើ​អូដ្ឋ នាំ​ចេញ​ពី​អស់​ទាំង​សាសន៍​មក ទុក​ជា​ដង្វាយ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​មក​ឯ​ក្រុង​យេរូ‌សាឡិម ជា​ភ្នំ​បរិសុទ្ធ​របស់​អញ ដូច​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ធ្លាប់​យក​ដង្វាយ​របស់​គេ ដាក់​ក្នុង​ភាជនៈ​ដ៏​ស្អាត​មក​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

21. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​យក​ពួក​អ្នក​នោះ​ខ្លះ តាំង​ឡើង​ជា​សង្ឃ ហើយ​ជា​ពួក​លេវី។

22. ដ្បិត​ដែល​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​អញ​នឹង​បង្កើត​ឡើង​នោះ នឹង​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​អញ​ជា​យ៉ាង​ណា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពូជ‌ពង្ស​របស់​ឯង និង​ឈ្មោះ​ឯង​រាល់​គ្នា ក៏​នឹង​ស្ថិត‌ស្ថេរ​នៅ​យ៉ាង​នោះ​ដែរ

23. គ្រា​នោះ​នឹង​កើត​មាន​ដូច្នេះ​ថា ចាប់​តាំង​ពី​ថ្ងៃ​ចូល​ខែ​១ ដរាប​ដល់​ថ្ងៃ​ចូល​ខែ​១​ទៀត ហើយ​ពី​ថ្ងៃ​ឈប់​សំរាក​១ ដរាប​ដល់​ថ្ងៃ​ឈប់​សំរាក​១​ទៀត នោះ​គ្រប់​មនុស្ស​ទាំង​អស់​នឹង​មក​ក្រាប​ថ្វាយ‌បង្គំ​នៅ​ចំពោះ​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

24. គេ​នឹង​ចេញ​ទៅ​មើល​សាក​ខ្មោច​របស់​មនុស្ស​ទាំង​ប៉ុន្មាន ដែល​បាន​បះ‌បោរ​នឹង​អញ ដ្បិត​ដង្កូវ​នៃ​ខ្មោច​ទាំង​នោះ​នឹង​មិន​ស្លាប់​ឡើយ ហើយ​ភ្លើង​ក៏​មិន​ចេះ​រលត់​ដែរ សាក​ខ្មោច​ទាំង​នោះ​នឹង​បាន​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​អស់​ទាំង​មនុស្ស។:៚

សូមអានជំពូកពេញលេញ អេសាយ 66