គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 65:4-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. គេ​អង្គុយ​នៅ​កណ្តាល​ផ្នូរ​ខ្មោច ហើយ​ស្នាក់​នៅ​កន្លែង​លាក់​កំបាំង គេ​ស៊ី​សាច់​ជ្រូក ហើយ​មាន​សំឡ​គួរ​ខ្ពើម​នៅ​ក្នុង​ឆ្នាំង​របស់​គេ

5. ក៏​ពោល​ថា ចូរ​ឈរ​នៅ​ទី​នោះ​ដោយ​ខ្លួន​ទៅ កុំ​ឲ្យ​មក​ជិត​អញ​ឡើយ ដ្បិត​អញ​បរិសុទ្ធ​ជាង​ឯង ពួក​យ៉ាង​នោះ​ជា​ផ្សែង​នៅ​ក្នុង​រន្ធ​ច្រមុះ​អញ គឺ​ជា​ភ្លើង​ដែល​ឆេះ​ជានិច្ច

6. មើល អំពើ​ទាំង​នោះ​បាន​កត់​ទុក​នៅ​ចំពោះ​អញ​ហើយ អញ​មិន​ព្រម​នៅ​ស្ងៀម​ឡើយ អញ​នឹង​សង​ដល់​គេ អើ អញ​នឹង​ដាក់​សំណង​នោះ នៅ​លើ​ដើម​ទ្រូង​របស់​គេ​ផង

7. គឺ​ជា​អំពើ​ទុច្ចរិត​របស់​ឯង​រាល់​គ្នា ហើយ​នឹង​អំពើ​ទុច្ចរិត​របស់​ពួក​អយ្យកោ​ឯង​ផង ជា​ការ​ដែល​ឯង​រាល់​គ្នា​បាន​ដុត​កំញាន​នៅ​លើ​អស់​ទាំង​ភ្នំ​ធំ ហើយ​បាន​ប្រមាថ​អញ​នៅ​លើ​ភ្នំ​តូច​ទាំង​ប៉ុន្មាន ដូច្នេះ អញ​នឹង​វាល់​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​ពី​ដើម​ទាំង​នោះ ដាក់​នៅ​ដើម​ទ្រូង​គេ​ជា​ពិត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

8. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ណា​រក​បាន​ផ្លែ​ទំពាំង‌បាយ‌ជូរ​១​ចង្កោម​មាន​ទឹក​ពេញ ហើយ​មាន​គេ​ហាម​ថា កុំ​បំផ្លាញ​ឡើយ ដ្បិត​ជា​ផ្លែ​មាន​ពរ​ហើយ គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​ប្រព្រឹត្ត ចំពោះ​ពួក​អ្នក​បំរើ​របស់​អញ​ទាំង​ប៉ុន្មាន​ដែរ ដើម្បី​មិន​ឲ្យ​គេ​ត្រូវ​បំផ្លាញ​អស់​រលីង​ឡើយ

9. អញ​នឹង​បង្កើត​ជំនួរ​វង្ស​១ ចេញ​ពី​យ៉ាកុប​មក ហើយ​ឲ្យ​មាន​ពួក​១ ចេញ​ពី​យូដា​មក ដែល​នឹង​គ្រង​បាន​ស្រុក​ភ្នំ​របស់​អញ​ទុក​ជា​មរដក ពួក​អ្នក​រើស​តាំង​របស់​អញ​នឹង​ទទួល​បាន​ស្រុក​នោះ ហើយ​ពួក​អ្នក​បំរើ​របស់​អញ​នឹង​អាស្រ័យ​នៅ​ឯ​នោះ​ផង

10. នោះ​វាល​សារ៉ុន​នឹង​បាន​សំរាប់​ជា​ទី​ឃ្វាល​ហ្វូង​ចៀម ហើយ​ច្រក​ភ្នំ​អាកោរ​ជា​កន្លែង​ឲ្យ​ហ្វូង​គោ​ដេក​នៅ ដល់​ពួក​រាស្ត្រ​របស់​អញ​ដែល​បាន​ស្វែង​រក​អញ

11. តែ​ឯ​ឯង​រាល់​គ្នា​ដែល​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​អ្នក​ដែល​ភ្លេច​ភ្នំ​បរិសុទ្ធ​របស់​អញ ហើយ​ក៏​រៀប​អាស‌នា​១​ថ្វាយ​ដល់​ព្រះ​មាន​លាភ ព្រម​ទាំង​ចាក់​ស្រា​ពេញ​ពែង ថ្វាយ​ដល់​ព្រះ​វាសនា

12. អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​មាន​វាសនា​ជា​ដាវ​វិញ ហើយ​ឯង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឱន​ទៅ ឲ្យ​គេ​កាប់​សំឡាប់ ពី​ព្រោះ​កាល​អញ​បាន​ហៅ​នោះ​ឯង​រាល់​គ្នា​មិន​បាន​ឆ្លើយ​សោះ ហើយ​កាល​អញ​បាន​និយាយ នោះ​ឯង​រាល់​គ្នា​មិន​បាន​ឮ​ឡើយ គឺ​ឯង​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ដែល​អាក្រក់​នៅ​ភ្នែក​អញ ហើយ​បាន​រើស​យក​របស់​ដែល​អញ​មិន​ចូល​ចិត្ត​វិញ។

13. ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល ពួក​អ្នក​បំរើ​អញ​នឹង​បាន​ស៊ី តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ឃ្លាន មើល ពួក​អ្នក​បំរើ​អញ​នឹង​បាន​ផឹក តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ស្រេក មើល​ពួក​អ្នក​បំរើ​អញ​នឹង​អរ​សប្បាយ តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស

14. មើល ពួក​អ្នក​បំរើ​អញ​នឹង​ច្រៀង​ដោយ​មាន​ចិត្ត​អំណរ តែ​ឯង​រាល់​គ្នា​នឹង​ស្រែក​ឡើង ដោយ​មាន​ចិត្ត​ព្រួយ ហើយ​នឹង​ទ្រហោ‌យំ​ដោយ​មាន​វិញ្ញាណ​គ្រាំ‌គ្រា​វិញ

15. ឯង​រាល់​គ្នា​នឹង​បន្ត​ឈ្មោះ​របស់​ឯង ទុក​ជា​ទី​ផ្តាសា​ដល់​ពួក​រើស​តាំង​របស់​អញ ហើយ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​សំឡាប់​ឯង​បង់ ទ្រង់​នឹង​ដាក់​ឈ្មោះ​ផ្សេង​ទៀត​ឲ្យ​ដល់​ពួក​អ្នក​បំរើ​របស់​ទ្រង់

16. បាន​ជា​អ្នក​ណា​នៅ​ផែនដី ដែល​ចង់​បាន​ពរ នោះ​នឹង​រក​ពរ​ដោយ​ព្រះ​នៃ​សេចក្ដី​ពិត ហើយ​អ្នក​ណា​នៅ​ផែនដី​ដែល​ស្បថ នោះ​នឹង​ស្បថ​ដោយ​ព្រះ​នៃ​សេចក្ដី​ពិត​ដែរ ពី​ព្រោះ​សេចក្ដី​វេទនា​ពី​ជាន់​មុន​បាន​ភ្លេច​ទៅ​ហើយ ក៏​បាន​កំបាំង​ពី​ភ្នែក​អញ​ផង។

17. ដ្បិត​មើល អញ​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី ឯ​របស់​ពី​មុនៗ នោះ​នឹង​គ្មាន​អ្នក​ណា​នឹង​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ

18. ប៉ុន្តែ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្ដី​អំណរ ហើយ​រីក‌រាយ​ឡើង​ជា​ដរាប​ចំពោះ​ការ​ដែល​អញ​បង្កើត​នោះ ដ្បិត​មើល អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​ជា​ទី​រីក‌រាយ ហើយ​ប្រជា‌ជន​ទាំង‌ឡាយ​ជា​សេចក្ដី​អំណរ

19. នោះ​អញ​នឹង​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ក្រុង​យេរូ‌សាឡិម និង​សេចក្ដី​អំណរ​ចំពោះ​រាស្ត្រ​អញ រួច​នៅ​ក្នុង​ទី​ក្រុង​នោះ នឹង​លែង​ឮ​សំឡេង​យំ និង​សំរែក​ទៀត​ឡើយ

សូមអានជំពូកពេញលេញ អេសាយ 65