គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 65:15-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ឯង​រាល់​គ្នា​នឹង​បន្ត​ឈ្មោះ​របស់​ឯង ទុក​ជា​ទី​ផ្តាសា​ដល់​ពួក​រើស​តាំង​របស់​អញ ហើយ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​សំឡាប់​ឯង​បង់ ទ្រង់​នឹង​ដាក់​ឈ្មោះ​ផ្សេង​ទៀត​ឲ្យ​ដល់​ពួក​អ្នក​បំរើ​របស់​ទ្រង់

16. បាន​ជា​អ្នក​ណា​នៅ​ផែនដី ដែល​ចង់​បាន​ពរ នោះ​នឹង​រក​ពរ​ដោយ​ព្រះ​នៃ​សេចក្ដី​ពិត ហើយ​អ្នក​ណា​នៅ​ផែនដី​ដែល​ស្បថ នោះ​នឹង​ស្បថ​ដោយ​ព្រះ​នៃ​សេចក្ដី​ពិត​ដែរ ពី​ព្រោះ​សេចក្ដី​វេទនា​ពី​ជាន់​មុន​បាន​ភ្លេច​ទៅ​ហើយ ក៏​បាន​កំបាំង​ពី​ភ្នែក​អញ​ផង។

17. ដ្បិត​មើល អញ​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី ឯ​របស់​ពី​មុនៗ នោះ​នឹង​គ្មាន​អ្នក​ណា​នឹង​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ

18. ប៉ុន្តែ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្ដី​អំណរ ហើយ​រីក‌រាយ​ឡើង​ជា​ដរាប​ចំពោះ​ការ​ដែល​អញ​បង្កើត​នោះ ដ្បិត​មើល អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​ជា​ទី​រីក‌រាយ ហើយ​ប្រជា‌ជន​ទាំង‌ឡាយ​ជា​សេចក្ដី​អំណរ

19. នោះ​អញ​នឹង​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ក្រុង​យេរូ‌សាឡិម និង​សេចក្ដី​អំណរ​ចំពោះ​រាស្ត្រ​អញ រួច​នៅ​ក្នុង​ទី​ក្រុង​នោះ នឹង​លែង​ឮ​សំឡេង​យំ និង​សំរែក​ទៀត​ឡើយ

20. ក៏​នឹង​លែង​មាន​កូន​តូច​ដែល​រស់​នៅ​តែ​ប៉ុន្មាន​ថ្ងៃ ឬ​មនុស្ស​ចាស់​ដែល​មិន​បាន​រស់​នៅ​ឲ្យ​ពេញ​កំណត់​អាយុ​ត​ទៅ​ទៀត ដ្បិត​អ្នក​ណា​ដែល​ស្លាប់​ក្នុង​អាយុ​១០០​ឆ្នាំ នោះ​គេ​នឹង​រាប់​ថា ជា​ក្មេង​ទេ ហើយ​មនុស្ស​បាប​ណា​ដែល​រស់​ដល់​ត្រឹម​១០០​ឆ្នាំ នោះ​នឹង​ត្រូវ​បណ្តាសា​វិញ

21. គ្រា​នោះ​មនុស្ស​នឹង​សង់​ផ្ទះ ហើយ​នឹង​អាស្រ័យ​នៅ​ផង ក៏​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ ហើយ​នឹង​បរិភោគ​ផល​ដែរ

22. គេ​នឹង​មិន​សង់ រួច​មាន​ម្នាក់​ទៀត​អាស្រ័យ​នៅ ឬ​ដាំ រួច​មាន​ម្នាក់​ទៀត​បរិភោគ​ផល​នោះ​ឡើយ ដ្បិត​អាយុ​របស់​រាស្ត្រ​អញ​នឹង​បាន​វែង​ដូច​ជា​អាយុ​នៃ​ដើម​ឈើ ហើយ​ពួក​រើស​តាំង​របស់​អញ​នឹង​ប្រើ‌ប្រាស់​ការ​ដែល​ដៃ​គេ​ធ្វើ​ជា​យឺន‌យូរ​ទៅ

23. គេ​នឹង​មិន​ខំ​ធ្វើ​ជា​ឥត​ប្រយោជន៍ ឬ​បង្កើត​មក​ឲ្យ​តែ​បាន​ត្រូវ​វិនាស​ទៅ​នោះ​ឡើយ ដ្បិត​គេ​ជា​ពូជ​នៃ​ពួក​ដ៏​មាន​ពរ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កូន​ដែល​គេ​បង្កើត​ត​ទៅ​ផង

24. គ្រា​នោះ​មុន​ដែល​គេ​អំពាវ‌នាវ នោះ​អញ​នឹង​តប​ឆ្លើយ ហើយ​កាល​គេ​កំពុង​តែ​ចេញ​សំដី​នៅ​ឡើយ នោះ​អញ​នឹង​ស្តាប់​ដែរ

25. ឯ​ឆ្កែ​ព្រៃ និង​កូន​ចៀម​វា​នឹង​រក​ស៊ី​ជា​មួយ​គ្នា ហើយ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ ចំណែក​ពស់ វា​នឹង​មាន​ធូលី​ដី​ជា​អាហារ​សត្វ​ទាំង‌ឡាយ​នឹង​មិន​បៀត‌បៀន ឬ​បំផ្លាញ​អ្វី​នៅ​គ្រប់​ក្នុង​ស្រុក​ភ្នំ​បរិសុទ្ធ​របស់​អញ​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមអានជំពូកពេញលេញ អេសាយ 65