គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 59:9-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ហេតុ​នោះ​បាន​ជា​សេចក្ដី​យុត្តិ‌ធម៌​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ ឯ​សេចក្ដី​សុចរិត​ក៏​មក​តាម​យើង​ខ្ញុំ​មិន​ទាន់​ផង យើង​ខ្ញុំ​រង់‌ចាំ​ពន្លឺ តែ​មើល មាន​សុទ្ធ​តែ​ងងឹត​ទទេ ក៏​ចាំ​ឲ្យ​ស្វាង​ឡើង តែ​យើង​ខ្ញុំ​ដើរ​ក្នុង​សេចក្ដី​សូន្យ‌សុង​វិញ

10. យើង​ខ្ញុំ​ស្រវា​រាវ​រក​កំផែង​ដូច​ជា​មនុស្ស​ខ្វាក់ អើ ស្រវា​រាវ​រក​ដូច​ជា​មនុស្ស​ដែល​គ្មាន​ភ្នែក​សោះ យើង​ខ្ញុំ​ចំពប់​នៅ​ពេល​ថ្ងៃ​ត្រង់ ដូច​ជា​នៅ​ពេល​ព្រលប់​ដែរ ក៏​ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់​នៅ​កណ្តាល​ទី​សាប‌សូន្យ

11. យើង​ខ្ញុំ​គ្រហឹម​ទាំង​អស់​គ្នា ដូច​ជា​ខ្លា‌ឃ្មុំ ហើយ​ថ្ងូរ​ជា​ខ្លាំង ដូច​ជា​ព្រាប យើង​ខ្ញុំ​រង់‌ចាំ​សេចក្ដី​យុត្តិ‌ធម៌ តែ​គ្មាន​សោះ ក៏​រង់‌ចាំ​សេចក្ដី​សង្គ្រោះ តែ​សេចក្ដី​នោះ​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទេ

12. ដ្បិត​អំពើ​រំលង​របស់​យើង​ខ្ញុំ បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ចំពោះ​ទ្រង់ ឯ​ចំណែក​អំពើ​បាប​របស់​យើង​ខ្ញុំ ក៏​ធ្វើ​បន្ទាល់​ទាស់​នឹង​យើង​ខ្ញុំ​ដែរ ពី​ព្រោះ​អំពើ​រំលង​របស់​យើង​ខ្ញុំ​នៅ​ជាប់​នឹង​យើង​ខ្ញុំ ឯ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​ក៏​ស្គាល់​ទាំង​អស់​ហើយ

13. គឺ​យើង​ខ្ញុំ​តែង‌តែ​ប្រព្រឹត្ត​រំលង ហើយ​មិន​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌យេហូវ៉ា ក៏​បែរ​ចេញ​លែង​តាម​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​ពោល​តែ​ពី​ការ​សង្កត់‌សង្កិន និង​ការ​បះ‌បោរ ព្រម​ទាំង​គិត​បង្កើត ហើយ​ពោល​ពាក្យ​ភូត‌ភរ​ចេញ​ពី​ចិត្ត​មក

14. ឯ​សេចក្ដី​យុត្តិ‌ធម៌ បាន​ត្រឡប់​ថយ​ចេញ​ទៅ ហើយ​សេចក្ដី​សុចរិត​ក៏​ឈរ​នៅ​ទី​ឆ្ងាយ ដ្បិត​សេចក្ដី​ពិត​បាន​ដួល​នៅ​កណ្តាល​ផ្លូវ ហើយ​សេចក្ដី​ទៀង​ត្រង់​ចូល​មក​មិន​បាន

15. អើ សេចក្ដី​ពិត​ក៏​គ្មាន​ដែរ ហើយ​អ្នក​ណា​ដែល​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​សុខ​ចិត្ត​ធ្វើ​ជា​រំពា​ដល់​គេ​ហើយ។ព្រះ‌យេហូវ៉ា​ក៏​ទត​ឃើញ​ហើយ ឯ​ការ​ដែល​ឥត​មាន​សេចក្ដី​យុត្តិធម៌​ដូច្នេះ ក៏​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា

16. ទ្រង់​ឃើញ​ថា ឥត​មាន​អ្នក​ណា​មួយ​ឡើយ ហើយ​ក៏​នឹក​ប្លែក​ពី​ការ​ដែល​ឥត​មាន​អ្នក​ណា សំរាប់​ជួយ​អង្វរ​ជំនួស​គេ ដូច្នេះ ព្រះ‌ពាហុ​របស់​ទ្រង់​បាន​នាំ​យក​សេចក្ដី​សង្គ្រោះ​មក​ឯ​ទ្រង់ ហើយ​សេចក្ដី​សុចរិត​របស់​ទ្រង់​ក៏​ទប់‌ទល់​ទ្រង់

17. ទ្រង់​បាន​ប្រដាប់​អង្គ​ដោយ​សេចក្ដី​សុចរិត ទុក​ជា​អាវ​ក្រោះ ហើយ​សេចក្ដី​សង្គ្រោះ​នៅ​លើ​ព្រះ‌សិរ​ទុក​ជា​មួក​សឹក ក៏​ទ្រង់​ព្រះ‌ពស្ត្រ​ដោយ​សេចក្ដី​សង‌សឹក និង​សេចក្ដី​ខ្មី‌ឃ្មាត ទុក​ជា​ព្រះ‌ភូសា​គ្រលុំ​អង្គ

សូមអានជំពូកពេញលេញ អេសាយ 59