គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 59:3-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ដ្បិត​ដៃ​របស់​ឯង​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម ហើយ​ម្រាម​ដៃ​ដោយ​អំពើ​ទុច្ចរិត​ដែរ បបូរ​មាត់​ឯង​បាន​ពោល​ពាក្យ​កំភូត ហើយ​អណ្តាត​ឯង​ពោល​ងាំៗ​ចេញ​ជា​សេចក្ដី​ទុច្ចរិត

4. គ្មាន​អ្នក​ណា​មួយ​ហៅ​រក​សេចក្ដី​សុចរិត ឬ​អ្នក​ណា​ដែល​ប្តឹង​ដោយ​សេចក្ដី​ពិត​ឡើយ គេ​ទុក​ចិត្ត​នឹង​សេចក្ដី​សោះ‌សូន្យ ហើយ​ពោល​តែ​សេចក្ដី​ភូត‌ភរ​ទទេ គេ​មាន​ទំងន់​ជា​គំនិត​បៀត‌បៀន ហើយ​សំរាល​ចេញ​ជា​អំពើ​ទុច្ចរិត

5. គេ​ភ្ញាស់​ពង​របស់​ពស់‌វែក ហើយ​ក៏​ព័ទ្ធ​ជា​មង​ពីង‌ពាង អ្នក​ណា​ដែល​ស៊ី​ពង​នោះ នោះ​រមែង​ស្លាប់​ទៅ ហើយ​ពង​ណា​ដែល​ត្រូវ​ជាន់​បែក នោះ​ក៏​ញាស់​ចេញ​ជា​ពស់‌វែក

6. មង​របស់​គេ​នឹង​ប្រើ​ធ្វើ​ជា​សំលៀក‌បំពាក់​មិន​បាន ហើយ​គេ​នឹង​បិទ​បាំង​ខ្លួន ដោយ​ការ​ដែល​គេ​ធ្វើ​ក៏​មិន​បាន​ដែរ ការ​របស់​គេ​សុទ្ធ​តែ​ជា​អំពើ​ទុច្ចរិត​ទាំង​អស់ ហើយ​មាន​អំពើ​ច្រឡោត​នៅ​ដៃ​គេ

7. ជើង​គេ​រត់​ទៅ​តាម​សេចក្ដី​អាក្រក់ គេ​ក៏​រហ័ស​នឹង​កំចាយ​ឈាម​ដែល​ឥត​ទោស គំនិត​របស់​គេ​គិត​តែ​ពី​សេចក្ដី​ទុច្ចរិត​ទទេ មាន​សេចក្ដី​វិនាស និង​សេចក្ដី​បំផ្លាញ​នៅ​អស់​ទាំង​ផ្លូវ​របស់​គេ​ដែរ

8. គេ​មិន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុខ​ទេ ហើយ​សេចក្ដី​យុត្តិ‌ធម៌​ក៏​គ្មាន នៅ​ក្នុង​អស់​ទាំង​ដំណើរ​របស់​គេ​ផង គេ​បាន​ធ្វើ​ផ្លូវ​ច្រក​ក្ងិច‌ក្ងក់​សំរាប់​ខ្លួន ឯ​អ្នក​ណា​ដែល​ចូល​តាម​ផ្លូវ​នោះ ជា​អ្នក​មិន​ស្គាល់​សេចក្ដី​សុខ​ឡើយ។

9. ហេតុ​នោះ​បាន​ជា​សេចក្ដី​យុត្តិ‌ធម៌​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ ឯ​សេចក្ដី​សុចរិត​ក៏​មក​តាម​យើង​ខ្ញុំ​មិន​ទាន់​ផង យើង​ខ្ញុំ​រង់‌ចាំ​ពន្លឺ តែ​មើល មាន​សុទ្ធ​តែ​ងងឹត​ទទេ ក៏​ចាំ​ឲ្យ​ស្វាង​ឡើង តែ​យើង​ខ្ញុំ​ដើរ​ក្នុង​សេចក្ដី​សូន្យ‌សុង​វិញ

10. យើង​ខ្ញុំ​ស្រវា​រាវ​រក​កំផែង​ដូច​ជា​មនុស្ស​ខ្វាក់ អើ ស្រវា​រាវ​រក​ដូច​ជា​មនុស្ស​ដែល​គ្មាន​ភ្នែក​សោះ យើង​ខ្ញុំ​ចំពប់​នៅ​ពេល​ថ្ងៃ​ត្រង់ ដូច​ជា​នៅ​ពេល​ព្រលប់​ដែរ ក៏​ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់​នៅ​កណ្តាល​ទី​សាប‌សូន្យ

11. យើង​ខ្ញុំ​គ្រហឹម​ទាំង​អស់​គ្នា ដូច​ជា​ខ្លា‌ឃ្មុំ ហើយ​ថ្ងូរ​ជា​ខ្លាំង ដូច​ជា​ព្រាប យើង​ខ្ញុំ​រង់‌ចាំ​សេចក្ដី​យុត្តិ‌ធម៌ តែ​គ្មាន​សោះ ក៏​រង់‌ចាំ​សេចក្ដី​សង្គ្រោះ តែ​សេចក្ដី​នោះ​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទេ

12. ដ្បិត​អំពើ​រំលង​របស់​យើង​ខ្ញុំ បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ចំពោះ​ទ្រង់ ឯ​ចំណែក​អំពើ​បាប​របស់​យើង​ខ្ញុំ ក៏​ធ្វើ​បន្ទាល់​ទាស់​នឹង​យើង​ខ្ញុំ​ដែរ ពី​ព្រោះ​អំពើ​រំលង​របស់​យើង​ខ្ញុំ​នៅ​ជាប់​នឹង​យើង​ខ្ញុំ ឯ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​ក៏​ស្គាល់​ទាំង​អស់​ហើយ

13. គឺ​យើង​ខ្ញុំ​តែង‌តែ​ប្រព្រឹត្ត​រំលង ហើយ​មិន​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌យេហូវ៉ា ក៏​បែរ​ចេញ​លែង​តាម​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​ពោល​តែ​ពី​ការ​សង្កត់‌សង្កិន និង​ការ​បះ‌បោរ ព្រម​ទាំង​គិត​បង្កើត ហើយ​ពោល​ពាក្យ​ភូត‌ភរ​ចេញ​ពី​ចិត្ត​មក

14. ឯ​សេចក្ដី​យុត្តិ‌ធម៌ បាន​ត្រឡប់​ថយ​ចេញ​ទៅ ហើយ​សេចក្ដី​សុចរិត​ក៏​ឈរ​នៅ​ទី​ឆ្ងាយ ដ្បិត​សេចក្ដី​ពិត​បាន​ដួល​នៅ​កណ្តាល​ផ្លូវ ហើយ​សេចក្ដី​ទៀង​ត្រង់​ចូល​មក​មិន​បាន

15. អើ សេចក្ដី​ពិត​ក៏​គ្មាន​ដែរ ហើយ​អ្នក​ណា​ដែល​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​សុខ​ចិត្ត​ធ្វើ​ជា​រំពា​ដល់​គេ​ហើយ។ព្រះ‌យេហូវ៉ា​ក៏​ទត​ឃើញ​ហើយ ឯ​ការ​ដែល​ឥត​មាន​សេចក្ដី​យុត្តិធម៌​ដូច្នេះ ក៏​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ អេសាយ 59