គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 57:9-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ឯង​បាន​នាំ​ដង្វាយ ជា​ប្រេង ទៅ​គាល់​ស្តេច ហើយ​បាន​ចំរើន​គ្រឿង​ក្រអូប​របស់​ឯង​ជា​ច្រើន​ឡើង ក៏​បាន​ចាត់​ទូត​របស់​ឯង​ឲ្យ​ទៅ​ឯ​ស្រុក​ឆ្ងាយ ព្រម​ទាំង​បន្ទាប​ខ្លួន​ឯង​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់

10. ឯង​ត្រូវ​អស់​កំឡាំង ដោយ​ផ្លូវ​របស់​ឯង​វែង​ឆ្ងាយ ប៉ុន្តែ​ឯង​មិន​បាន​ថា​ជា​បង់​កំឡាំង​ទទេ​នោះ​ទេ គឺ​ឯង​បាន​ទទួល​សេចក្ដី​ចំរើន​កំឡាំង​វិញ បាន​ជា​ឯង​មិន​បាន​ណាយ​ចិត្ត​សោះ​ឡើយ។

11. តើ​ឯង​បាន​ភ័យ​ខ្លាច ហើយ​ស្រយុត​ចិត្ត​ចំពោះ​អ្នក​ណា បាន​ជា​ឯង​កុហក ហើយ​មិន​បាន​នឹក​ដល់​អញ ឬ​យក​ចិត្ត​ទុក​ដាក់​សោះ​ដូច្នេះ តើ​អញ​មិន​បាន​អត់‌ធ្មត់​ជា​យូរ​មក​ហើយ​ទេ​ឬ​អី ប៉ុន្តែ​ឯង​មិន​បាន​កោត‌ខ្លាច​ដល់​អញ​សោះ

12. អញ​នឹង​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត​របស់​ឯង ហើយ​ការ​ដែល​ឯង​ប្រព្រឹត្ត នឹង​មិន​មាន​ប្រយោជន៍​ដល់​ឯង​សោះ

13. កាល​ណា​ឯង​អំពាវ‌នាវ នោះ​ឲ្យ​ពួក​ដែល​ឯង​បាន​ប្រមូល​ជួយ​ឯង​ឲ្យ​រួច​ចុះ តែ​ខ្យល់​នឹង​ផាត់​គេ​ទៅ​ទាំង​អស់ សេចក្ដី​ទទេៗ​នឹង​ចាប់​យក​គេ​ទៅ​អស់​រលីង ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ពឹង​ជ្រក​នឹង​អញ​វិញ គេ​នឹង​បាន​ស្រុក​ទុក​ជា​កេរ‌អាករ ហើយ​នឹង​បាន​ភ្នំ​បរិសុទ្ធ​របស់​អញ​ទុក​ជា​មរដក។

14. នោះ​នឹង​មាន​គេ​បង្គាប់​ថា ចូរ​លើក​ដី​ឡើង ចូរ​លើក​ដី​ឡើង ចូរ​រៀប‌ចំ​ថ្នល់ ហើយ​យក​ថ្ម​ចំពប់​ចេញ​ពី​ផ្លូវ​របស់​រាស្ត្រ​អញ​ទៅ

15. ដ្បិត​ព្រះ​ដ៏​ជា​ធំ ហើយ​ខ្ពស់​បំផុត​ជា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប‌ជានិច្ច ដែល​ព្រះ‌នាម​ទ្រង់​ជា​នាម​បរិសុទ្ធ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នៅ​ឯ​ស្ថាន​ដ៏​ខ្ពស់ ហើយ​បរិសុទ្ធ ក៏​នៅ​ជា​មួយ​នឹង​អ្នក​ណា​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទន់​ទាប ដើម្បី​នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​ទន់​ទាប​បាន​សង្ឃឹម​ឡើង ហើយ​ចិត្ត​របស់​មនុស្ស​សង្រេង​បាន​សង្ឃឹម​ឡើង​ដែរ

16. ដ្បិត​អញ​មិន​ព្រម​តវ៉ា​ជា​ដរាប​ទៅ​ទេ ក៏​មិន​មាន​សេចក្ដី​ក្រោធ​ជានិច្ច​ដែរ ព្រោះ​វិញ្ញាណ​គេ​នឹង​រលត់​ទៅ​នៅ​មុខ​អញ ព្រម​ទាំង​ព្រលឹង​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ធ្វើ​នេះ​ដែរ

17. អញ​បាន​ខឹង ហើយ​បាន​វាយ​គេ​ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​នៃ​ចិត្ត​លោភ​របស់​គេ អញ​បាន​គេច​មុខ ហើយ​មាន​សេចក្ដី​ក្រោធ តែ​គេ​បាន​ចេះ​តែ​ថយ​ទៅ​តាម​អំពើ​ចិត្ត​ជានិច្ច

18. អញ​បាន​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ ហើយ​អញ​នឹង​ប្រោស​ឲ្យ​ជា អញ​នឹង​នាំ​មុខ​គេ​ដែរ ព្រម​ទាំង​កំសាន្ត​ចិត្ត​គេ ហើយ​ពួក​អ្នក​ដែល​កាន់​ទុក្ខ​នឹង​គេ ឲ្យ​បាន​ក្សាន្ត​ឡើង​ផង

19. គឺ​អញ​ដែល​បង្កើត​ពាក្យ​ចេញ​ពី​បបូរ​មាត់ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សូម​សេចក្ដី​សុខ សេចក្ដី​សុខ ដល់​អ្នក​ណា​ដែល​នៅ​ឆ្ងាយ ហើយ​ដល់​អ្នក​ដែល​នៅ​ជិត​ផង អញ​នឹង​ប្រោស​គេ​ឲ្យ​ជា

20. តែ​ឯ​ពួក​មនុស្ស​អាក្រក់ គេ​ប្រៀប​ដូច​ជា​សមុទ្រ​ដែល​ចេះ​តែ​កំរើក ឥត​មាន​ស្ងប់​ឡើយ ហើយ​ទឹក​នោះ​ចេះ​តែ​បារ​ល្បាប់ និង​ភក់​ឡើង

21. ព្រះ​នៃ​ខ្ញុំ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គ្មាន​សេចក្ដី​សុខ ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ។

សូមអានជំពូកពេញលេញ អេសាយ 57