គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 57:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. មនុស្ស​សុចរិត​គេ​វិនាស​ទៅ ឥត​មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ ហើយ​មនុស្ស​ចិត្ត​ល្អ គេ​ត្រូវ​យក​ទៅ​ឥត​មាន​អ្នក​ណា​ពិចារណា​ថា មនុស្ស​សុចរិត​បាន​ដក​ចេញ​ឲ្យ​រួច​ពី​ចំពោះ​ការ​អាក្រក់​នោះ​ទេ

2. អ្នក​នោះ​ចូល​ទៅ​ក្នុង​សេចក្ដី​សុខ‌សាន្ត គេ​សំរាក​នៅ​លើ​ដំណេក​របស់​ខ្លួន គឺ​គ្រប់​ទាំង​មនុស្ស​ដែល​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់។

3. ឯ​ឯង​រាល់​គ្នា ពួក​កូន​ចៅ​នៃ​ស្រី​ដែល​ជា​គ្រូ​នក្ខត្ត‌ឫក្ស គឺ​ជា​ពូជ​របស់​អ្នក​ក្បត់​ប្រពន្ធ និង​ស្រី​សំផឹង​អើយ ចូរ​មក​ជិត​នេះ​ចុះ

4. តើ​ឯង​រាល់​គ្នា​ឡក‌ឡឺយ​ឲ្យ​អ្នក​ណា ឯង​ហា​មាត់​ចំអក ហើយ​លៀន​អណ្តាត​ឲ្យ​អ្នក​ណា តើ​ឯង​រាល់​គ្នា​មិន​មែន​ជា​កូន​ឥត​ខាន់ស្លា គឺ​ជា​ពូជ​មនុស្ស​ភូត‌ភរ​ទេ​ឬ​អី

5. ឯង​រាល់​គ្នា​ជា​អ្នក​កំរើប​រោល‌រាល​ចំពោះ​រូប​ព្រះ នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី ហើយ​ក៏​សំឡាប់​កូន​ក្មេង​នៅ​ក្រហែង​ថ្ម​ត្រង់​អស់​ទាំង​ច្រក​ភ្នំ

6. ចំណែក​របស់​ឯង គឺ​នៅ​កណ្តាល​អស់​ទាំង​ថ្ម​រលីង​ក្នុង​បាត​ជ្រោះ ឯង​បាន​ច្រួច​ដង្វាយ​ច្រួច និង​ដង្វាយ​ម្សៅ​ថ្វាយ​ដល់​ថ្ម​ទាំង​នោះ ដូច្នេះ ថ្ម​ទាំង​នោះ​ជា​ចំណែក​របស់​ឯង​ហើយ តើ​គួរ​ឲ្យ​អញ​រសាយ​សេចក្ដី​កំហឹង​ចំពោះ​អំពើ​យ៉ាង​នោះ​ឬ​អី

7. ឯង​បាន​ដាក់​គ្រែ​ដេក​របស់​ឯង​នៅ​លើ​កំពូល​ភ្នំ​ធំ​ខ្ពស់ គឺ​នៅ​ទី​នោះ​ដែល​ឯង​បាន​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដែរ

8. ឯង​បាន​ដំឡើង​ទី​រំឭក​ពី​ឯង​នៅ​ខាង​ក្រោយ​សន្លឹក​ទ្វារ និង​ក្រប​ទ្វារ​ដែរ ហើយ​ឯង​បាន​បើក​ខ្លួន​ឲ្យ​ដល់​ម្នាក់​ដទៃ​ទៀត​ក្រៅ​ពី​អញ ឯង​បាន​ឡើង​ទៅ​ធ្វើ​ឲ្យ​គ្រែ​ឯង​ធំ​ទូលាយ ហើយ​បាន​តាំង​សញ្ញា​នឹង​គេ ឯង​បាន​ស្រឡាញ់​ដំណេក​របស់​គេ ក៏​បាន​រៀប​កន្លែង​ឲ្យ

9. ឯង​បាន​នាំ​ដង្វាយ ជា​ប្រេង ទៅ​គាល់​ស្តេច ហើយ​បាន​ចំរើន​គ្រឿង​ក្រអូប​របស់​ឯង​ជា​ច្រើន​ឡើង ក៏​បាន​ចាត់​ទូត​របស់​ឯង​ឲ្យ​ទៅ​ឯ​ស្រុក​ឆ្ងាយ ព្រម​ទាំង​បន្ទាប​ខ្លួន​ឯង​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់

10. ឯង​ត្រូវ​អស់​កំឡាំង ដោយ​ផ្លូវ​របស់​ឯង​វែង​ឆ្ងាយ ប៉ុន្តែ​ឯង​មិន​បាន​ថា​ជា​បង់​កំឡាំង​ទទេ​នោះ​ទេ គឺ​ឯង​បាន​ទទួល​សេចក្ដី​ចំរើន​កំឡាំង​វិញ បាន​ជា​ឯង​មិន​បាន​ណាយ​ចិត្ត​សោះ​ឡើយ។

11. តើ​ឯង​បាន​ភ័យ​ខ្លាច ហើយ​ស្រយុត​ចិត្ត​ចំពោះ​អ្នក​ណា បាន​ជា​ឯង​កុហក ហើយ​មិន​បាន​នឹក​ដល់​អញ ឬ​យក​ចិត្ត​ទុក​ដាក់​សោះ​ដូច្នេះ តើ​អញ​មិន​បាន​អត់‌ធ្មត់​ជា​យូរ​មក​ហើយ​ទេ​ឬ​អី ប៉ុន្តែ​ឯង​មិន​បាន​កោត‌ខ្លាច​ដល់​អញ​សោះ

12. អញ​នឹង​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុចរិត​របស់​ឯង ហើយ​ការ​ដែល​ឯង​ប្រព្រឹត្ត នឹង​មិន​មាន​ប្រយោជន៍​ដល់​ឯង​សោះ

សូមអានជំពូកពេញលេញ អេសាយ 57