គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 51:5-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ឯ​សេចក្ដី​សុចរិត​របស់​អញ​បាន​មក​ជិត សេចក្ដី​សង្គ្រោះ​របស់​អញ​បាន​ផ្សាយ​ចេញ​ទៅ​ហើយ ដើម​ដៃ​អញ​នឹង​ជំនុំ‌ជំរះ​អស់​ទាំង​សាសន៍ ឯ​បណ្តា​កោះ​ទាំង​ប៉ុន្មាន គេ​នឹង​សង្ឃឹម​ដល់​អញ ហើយ​នឹង​ទុក​ចិត្ត​នឹង​ដៃ​អញ​ដែរ

6. ចូរ​ងើយ​ភ្នែក​មើល​ទៅ​លើ​មេឃ ហើយ​មើល​ចុះ​មក​ផែនដី​ខាង​ក្រោម​នេះ​ទៀត ដ្បិត​ផ្ទៃ​មេឃ​នឹង​សូន្យ​បាត់​ទៅ ដូច​ជា​ផ្សែង ហើយ​ផែនដី​នឹង​ចាស់​ទៅ​ដូច​ជា​សំលៀក‌បំពាក់ ឯ​ពួក​អ្នក​ដែល​នៅ​ស្ថាន​នេះ នឹង​ស្លាប់​ទៅ​បែប​ដូច្នោះ​ដែរ តែ​សេចក្ដី​សង្គ្រោះ​របស់​អញ​នឹង​នៅ​ជា​ដរាប ហើយ​សេចក្ដី​សុចរិត​របស់​អញ​នឹង​មិន​ត្រូវ​លើក​ចោល​ឡើយ។

7. ឯង​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត ជា​ជន‌ជាតិ​ដែល​មាន​ច្បាប់​របស់​អញ​នៅ​ក្នុង​ចិត្ត​អើយ ចូរ​ស្តាប់​តាម​អញ​ចុះ កុំ​ឲ្យ​ខ្លាច​សេចក្ដី​ត្មះ‌តិះដៀល​របស់​មនុស្ស​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ដោយ​ពាក្យ​បង្កាច់​របស់​គេ​ដែរ

8. ពី​ព្រោះ​កន្លាត​នឹង​កាត់​ស៊ី​គេ ដូច​ជា​កាត់​អាវ ហើយ​ដង្កូវ​នឹង​ចុះ​គេ ដូច​ជា​ចុះ​សំពត់​រោម​ចៀម តែ​សេចក្ដី​សុចរិត​របស់​អញ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​សេចក្ដី​សង្គ្រោះ​ផង ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ។

9. ឱ​ព្រះ‌ពាហុ​នៃ​ព្រះ‌យេហូវ៉ា​អើយ សូម​តើន​ឡើង សូម​តើន​ឡើង ហើយ​ពាក់​ជា​ឥទ្ធិ‌ឫទ្ធិ សូម​តើន​ឡើង ដូច​ជា​កាល​ពី​ចាស់​បុរាណ ក្នុង​គ្រា​ដំណ​មនុស្ស​ពី​ដើម តើ​មិន​មែន​ទ្រង់​ដែល​កាត់​រ៉ាហាប​ខ្ទេច‌ខ្ទី ដែល​ចាក់​ទំលុះ​សត្វ​សំបើម​នោះ​ទេ​ឬ​អី

10. តើ​មិន​មែន​ទ្រង់​ទេ​ឬ​អី ដែល​ពង្រីង​ទឹក​សមុទ្រ គឺ​ជា​ទឹក​នៃ​ទី​ជំរៅ​ធំ ហើយ​បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​ត្រឡប់​ជា​ផ្លូវ សំរាប់​ឲ្យ​ពួក​មនុស្ស​ដែល​ប្រោស​លោះ​បាន​ដើរ​ឆ្លង​ទៅ

11. ឯ​ពួក​អ្នក​ប្រោស​លោះ​របស់​ព្រះ‌យេហូវ៉ា គេ​នឹង​វិល​មក​វិញ ហើយ​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង​ចំរៀង គេ​នឹង​មាន​សេចក្ដី​អំណរ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​ពាក់​លើ​ក្បាល គេ​នឹង​ទទួល​បាន​សេចក្ដី​រីក‌រាយ និង​សេចក្ដី​អំណរ ឯ​សេចក្ដី​ទុក្ខ​ព្រួយ និង​ដំងូរ នោះ​នឹង​ខ្ចាត់​បាត់​ទៅ។

12. អញ គឺ​អញ​នេះ​ហើយ ជា​អ្នក​ដែល​កំសាន្ត​ចិត្ត​ឯង​រាល់​គ្នា តើ​ឯង​ជា​អ្វី បាន​ជា​ឯង​ខ្លាច​ចំពោះ​មនុស្ស​ដែល​ត្រូវ​តែ​ស្លាប់ ហើយ​ចំពោះ​ពួក​អ្នក​ដែល​កើត​ពី​មនុស្ស​មក​ដូច្នេះ ដែល​គេ​នឹង​ត្រូវ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ​នោះ

សូមអានជំពូកពេញលេញ អេសាយ 51