គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 5:8-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. វេទនា​ដល់​ពួក​អ្នក​ដែល​សង់​ផ្ទះ​ភ្ជាប់​គ្នា ហើយ​កៀរ​ប្រមូល​ស្រែ​ចំការ​តៗ​គ្នា ឥត​មាន​ចន្លោះ​ណា​ឡើយ ទាំង​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​នៅ​តែ​ឯង​នា​ញក​ស្រុក​វិញ

9. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដាក់​ត្រចៀក​ខ្ញុំ​ថា ពិត​ប្រាកដ​ជា​ផ្ទះ​ជា​ច្រើន​នោះ​នឹង​ត្រូវ​ចោល​ទទេ គឺ​ជា​ផ្ទះ​ធំ​ល្អ​ផង ឥត​មាន​អ្នក​ណា​នៅ​ឡើយ

10. ដ្បិត​ចំការ​ទំហំ​១០​រ៉ៃ​នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ​តែ​២​ប៉ោត ហើយ​ពូជ​ពង្រោះ​១០​ថាំង​នឹង​ច្រូត​បាន​តែ​១​ថាំង​ទេ។

11. វេទនា​ដល់​ពួក​អ្នក ដែល​ក្រោក​ឡើង ពី​ព្រលឹម​ស្រាង ដើម្បី​តែ​នឹង​រក​គ្រឿង​ស្រវឹង ហើយ​អត់​ងងុយ​ដរាប​ដល់​យប់​ជ្រៅ ទាល់​តែ​ឆេះ​រោល‌រាល ដោយ‌សារ​ស្រា​ទំពាំង‌បាយ‌ជូរ

12. ជា​ពួក​អ្នក​ដែល​មាន​ស៊ុង ពិណ ក្រាប់ ខ្លុយ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ក្នុង​ការ​ស៊ី‌លៀង​របស់​គេ តែ​គេ​មិន​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ស្នាដៃ​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​ពិចារណា​ពី​ការ​ដែល​ព្រះ‌ហស្ត​ទ្រង់​ធ្វើ​ដែរ។

13. ហេតុ​នោះ​បាន​ជា​រាស្ត្រ​របស់​អញ បាន​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ គឺ​ដោយ​ព្រោះ​គេ​ខ្វះ​ប្រាជ្ញា ពួក​អ្នក​រុងរឿង​ត្រូវ​អត់‌ឃ្លាន​រហិត‌រហៃ​ទៅ ហើយ​ពួក​បណ្តា‌ជន​ណែន‌ណាន់​ក៏​ខះ​ក​ដោយ​ស្រេក​ទឹក

14. ដូច្នេះ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​បាន​រីក​ធំ​ឡើង ព្រម​ទាំង​ហា​មាត់​ជា​ធំ​ហួស​ប្រមាណ ឯ​ពួក​រុងរឿង​ឧត្តម ពួក​ណែន‌ណាន់​តាន់‌តាប់ ពួក​អ៊ឹក‌ធឹក និង​ពួក​អ្នក​ដែល​រីក‌រាយ​សប្បាយ​ក្នុង​ពួក​គេ ក៏​ចុះ​ទៅ​ឯ​ស្ថាន​នោះ

15. មនុស្ស​ជាន់​ទាប​ត្រូវ​ឱន​ចុះ ហើយ​មនុស្ស​ជាន់​ខ្ពស់​ក៏​ត្រូវ​បន្ទាប​ដែរ ឯ​ភ្នែក​របស់​អ្នក​មាន​ឫក​ខ្ពស់​នឹង​ត្រូវ​សំយុង​ជ្រប់

16. តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ដំកើង​ឡើង​ដោយ​សេចក្ដី​យុត្តិ‌ធម៌ គឺ​ព្រះ​ដ៏​បរិសុទ្ធ ទ្រង់​បាន​រាប់​ជា​បរិសុទ្ធ​ដោយ​សេចក្ដី​សុចរិត​វិញ

17. នៅ​គ្រា​នោះ​កូន​ចៀម​នឹង​រក​ស៊ី​នៅ​គ្រប់​កន្លែង ដូច​ជា​នៅ​វាល​ស្មៅ​របស់​វា ឯ​មនុស្ស​ដទៃ​គេ​នឹង​ត្របាក់​លេប​ទ្រព្យ‌សម្បត្តិ​បាក់​បែក​របស់​ពួក​អ្នក​ស្តុក‌ស្តម្ភ។

18. វេទនា​ដល់​ពួក​អ្នក ដែល​អូស‌ទាញ​សេចក្ដី​ទុច្ចរិត ដោយ​ខ្សែ​ជា​សេចក្ដី​ភូត‌ភរ ហើយ​អំពើ​បាប ដោយ​ខ្សែ​លាម​រទេះ

19. ជា​ពួក​អ្នក​ដែល​ថា ចូរ​ឲ្យ​ទ្រង់​ប្រញាប់​ឡើង​ឲ្យ​ទ្រង់​បង្ហើយ​ការ​ឲ្យ​ឆាប់​ចុះ ដើម្បី​ឲ្យ​យើង​បាន​ឃើញ​នឹង​ភ្នែក ចូរ​ឲ្យ​គំនិត​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ចូល​មក​ជិត ហើយ​មក​ដល់​ចុះ ឲ្យ​យើង​បាន​ស្គាល់​ផង។

20. វេទនា​ដល់​ពួក​អ្នក ដែល​រាប់​សេចក្ដី​អាក្រក់​ថា ជា​ល្អ ហើយ​សេចក្ដី​ល្អ​ថា​ជា​អាក្រក់​វិញ ជា​ពួក​អ្នក​ដែល​យក​សេចក្ដី​ងងឹត​ជា​ពន្លឺ ហើយ​យក​ពន្លឺ​ជា​ងងឹត ក៏​យក​សេចក្ដី​ជូរ​ចត់​ជា​ផ្អែម ហើយ​យក​ផ្អែម​ជា​ជូរ​ចត់​វិញ

21. វេទនា​ដល់​ពួក​អ្នក​ដែល​រាប់​ខ្លួន​ថា ជា​មាន​ប្រាជ្ញា ហើយ​ស្មាន​ថា​ខ្លួន​គេ​មាន​គំនិត​ស្រួច

22. វេទនា​ដល់​ពួក​អ្នក​ដែល​ប៉ិន‌ប្រសប់​នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ និង​អ្នក​ដែល​ខ្លាំង​ពូកែ​ក្នុង​ការ​លាយ​គ្រឿង​ស្រវឹង

សូមអានជំពូកពេញលេញ អេសាយ 5