គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 5:14-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ដូច្នេះ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​បាន​រីក​ធំ​ឡើង ព្រម​ទាំង​ហា​មាត់​ជា​ធំ​ហួស​ប្រមាណ ឯ​ពួក​រុងរឿង​ឧត្តម ពួក​ណែន‌ណាន់​តាន់‌តាប់ ពួក​អ៊ឹក‌ធឹក និង​ពួក​អ្នក​ដែល​រីក‌រាយ​សប្បាយ​ក្នុង​ពួក​គេ ក៏​ចុះ​ទៅ​ឯ​ស្ថាន​នោះ

15. មនុស្ស​ជាន់​ទាប​ត្រូវ​ឱន​ចុះ ហើយ​មនុស្ស​ជាន់​ខ្ពស់​ក៏​ត្រូវ​បន្ទាប​ដែរ ឯ​ភ្នែក​របស់​អ្នក​មាន​ឫក​ខ្ពស់​នឹង​ត្រូវ​សំយុង​ជ្រប់

16. តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ដំកើង​ឡើង​ដោយ​សេចក្ដី​យុត្តិ‌ធម៌ គឺ​ព្រះ​ដ៏​បរិសុទ្ធ ទ្រង់​បាន​រាប់​ជា​បរិសុទ្ធ​ដោយ​សេចក្ដី​សុចរិត​វិញ

17. នៅ​គ្រា​នោះ​កូន​ចៀម​នឹង​រក​ស៊ី​នៅ​គ្រប់​កន្លែង ដូច​ជា​នៅ​វាល​ស្មៅ​របស់​វា ឯ​មនុស្ស​ដទៃ​គេ​នឹង​ត្របាក់​លេប​ទ្រព្យ‌សម្បត្តិ​បាក់​បែក​របស់​ពួក​អ្នក​ស្តុក‌ស្តម្ភ។

18. វេទនា​ដល់​ពួក​អ្នក ដែល​អូស‌ទាញ​សេចក្ដី​ទុច្ចរិត ដោយ​ខ្សែ​ជា​សេចក្ដី​ភូត‌ភរ ហើយ​អំពើ​បាប ដោយ​ខ្សែ​លាម​រទេះ

19. ជា​ពួក​អ្នក​ដែល​ថា ចូរ​ឲ្យ​ទ្រង់​ប្រញាប់​ឡើង​ឲ្យ​ទ្រង់​បង្ហើយ​ការ​ឲ្យ​ឆាប់​ចុះ ដើម្បី​ឲ្យ​យើង​បាន​ឃើញ​នឹង​ភ្នែក ចូរ​ឲ្យ​គំនិត​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ចូល​មក​ជិត ហើយ​មក​ដល់​ចុះ ឲ្យ​យើង​បាន​ស្គាល់​ផង។

20. វេទនា​ដល់​ពួក​អ្នក ដែល​រាប់​សេចក្ដី​អាក្រក់​ថា ជា​ល្អ ហើយ​សេចក្ដី​ល្អ​ថា​ជា​អាក្រក់​វិញ ជា​ពួក​អ្នក​ដែល​យក​សេចក្ដី​ងងឹត​ជា​ពន្លឺ ហើយ​យក​ពន្លឺ​ជា​ងងឹត ក៏​យក​សេចក្ដី​ជូរ​ចត់​ជា​ផ្អែម ហើយ​យក​ផ្អែម​ជា​ជូរ​ចត់​វិញ

21. វេទនា​ដល់​ពួក​អ្នក​ដែល​រាប់​ខ្លួន​ថា ជា​មាន​ប្រាជ្ញា ហើយ​ស្មាន​ថា​ខ្លួន​គេ​មាន​គំនិត​ស្រួច

22. វេទនា​ដល់​ពួក​អ្នក​ដែល​ប៉ិន‌ប្រសប់​នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ និង​អ្នក​ដែល​ខ្លាំង​ពូកែ​ក្នុង​ការ​លាយ​គ្រឿង​ស្រវឹង

23. ជា​ពួក​អ្នក​ដែល​ស៊ី​សំណូក ដើម្បី​រាប់​មនុស្ស​អាក្រក់​ថា​ជា​សុចរិត​វិញ ហើយ​ដក​សេចក្ដី​សុចរិត​របស់​មនុស្ស​សុចរិត​ចេញ។

24. ហេតុ​ដូច្នោះ បែប​ដូច​ជា​អណ្តាត​ភ្លើង​ឆេះ​បន្សុស​ជញ្ជ្រាំង ហើយ​ស្មៅ​ក្រៀម​ស្រុត​ចុះ​ក្នុង​ភ្លើង​យ៉ាង​ណា នោះ​ឫស​របស់​ពួក​អ្នក​ទាំង​នោះ​នឹង​បាន​ដូច​ជា​អ្វី​ដែល​ពុក‌រលួយ ហើយ​ផ្កា​របស់​គេ​នឹង​ហុយ​ឡើង ដូច​ជា​ធូលី​យ៉ាង​នោះ​ដែរ ដ្បិត​គេ​បាន​លះ​ចោល​បញ្ញត្ត​ច្បាប់​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រម​ទាំង​មើល‌ងាយ​ចំពោះ​ព្រះ‌បន្ទូល​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង

25. ហេតុ​នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា បាន​ឆេះ​ឡើង​ទាស់​នឹង​រាស្ត្រ​នៃ​ទ្រង់ ហើយ​ទ្រង់​បាន​លូក​ព្រះ‌ហស្ត​មក​វាយ​គេ ឯ​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​ញ័រ ហើយ​ខ្មោច​គេ​បាន​ត្រឡប់​ដូច​ជា​សំរាម​នៅ​កណ្តាល​ផ្លូវ​ទាំង​ប៉ុន្មាន ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​ទាំង​អស់​ទៅ​ដែរ គឺ​ព្រះ‌ហស្ត​ទ្រង់​ចេះ​តែ​លូក​មក​ទៀត។

26. ទ្រង់​នឹង​លើក​ទង់‌ជ័យ​សំរាប់​ពួក​សាសន៍​ដែល​នៅ​ទី​ឆ្ងាយ ហើយ​នឹង​ហួច​ហៅ​ឲ្យ​មក​ពី​ចុង​ផែនដី នោះ​ពួក​ខ្មាំង​នឹង​ខំ​សង្វាត​មក​ដោយ​ប្រញាប់

27. ឥត​មាន​អ្នក​ណា​មួយ​អស់​កំឡាំង ឬ​ចំពប់​ជើង​ឡើយ ឥត​មាន​អ្នក​ណា​មួយ​ងុយ‌ងោក ឬ​ដេក​លក់ ក៏​ឥត​មាន​អ្នក​ណា​មួយ​បន្ធូរ​ខ្សែ​ក្រវាត់ ឬ​ស្រាយ​ខ្សែ​ស្បែក​ជើង​ដែរ

សូមអានជំពូកពេញលេញ អេសាយ 5