គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 5:1-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ខ្ញុំ​សូម​ច្រៀង​បទ​ថ្វាយ​ស្ងួន​សំឡាញ់​របស់​ខ្ញុំ គឺ​ជា​បទ​ចំរៀង ច្រៀង​ពី​ស្ងួន​សំឡាញ់​ខ្ញុំ ខាង​ឯ​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​ទ្រង់​ថា-ស្ងួន​សំឡាញ់​ខ្ញុំ ទ្រង់​មាន​ចំការ​ទំពាំង‌បាយ‌ជូរ​នៅ​លើ​ភ្នំ ដែល​មាន​ជី​ជាតិ

2. ទ្រង់​ក៏​កាប់​គាស់​ដី ហើយ​រើស​យក​ដុំ​ថ្ម​ចេញ រួច​ទ្រង់​ដាំ​ទំពាំង‌បាយ‌ជូរ យ៉ាង​ល្អ​បំផុត ក៏​សង់​ប៉ម​១​នៅ​ជា​កណ្តាល ហើយ​ធ្វើ​ធុង​ឃ្នាប​គាប​ផ្លែ​ផង ក្រោយ​នោះ ទ្រង់​ប្រាថ្នា​ចង់​ឲ្យ​ទំពាំង‌បាយ‌ជូរ​នោះ​កើត​ផល តែ​បាន​កើត​ផល​ក្លាយ​ជា​ទំពាំង‌បាយ‌ជូរ​ព្រៃ​វិញ។

3. ឥឡូវ​នេះ ឱ​ពួក​ក្រុង​យេរូ‌សាឡិម និង​ជន‌ជាតិ​យូដា​អើយ សូម​វិនិច្ឆ័យ​រឿង​អញ​ដែល​កើត​ក្តី​នឹង​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​អញ​នេះ​ចុះ

4. តើ​គួរ​ឲ្យ​អញ​ធ្វើ​អ្វី​ទៀត​ដល់​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​អញ ដែល​អញ​លះ‌បង់​មិន​បាន​ធ្វើ​នោះ ដូច្នេះ កាល​អញ​ប្រាថ្នា​ឲ្យ​កើត​មាន​ផល​ល្អ ម្តេច​ក៏​ក្លាយ​ទៅ​ជា​មាន​ផ្លែ​ទំពាំង‌បាយ‌ជូរ​ព្រៃ​វិញ

5. ឥឡូវ​នេះ អញ​នឹង​ប្រាប់​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ជា​អញ​នឹង​ធ្វើ​អ្វី​ដល់​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​អញ​នោះ គឺ​អញ​នឹង​រើ​របង​ចេញ នោះ​សត្វ​នឹង​ចូល​ស៊ី​បំផ្លាញ អញ​នឹង​រំលំ​កំផែង​ចេញ នោះ​ចំការ​នឹង​ត្រូវ​ជាន់​ឈ្លី​ទៅ

6. អញ​នឹង​បំផ្លាញ​អស់​រលីង នឹង​គ្មាន​អ្នក​ណា​កាត់​លួស ឬ​ជ្រួយ​ដី​ទៀត​ឡើយ គឺ​នឹង​កើត​មាន​អញ្ចាញ ហើយ​នឹង​បន្លា​ដុះ​ឡើង​វិញ ហើយ​អញ​នឹង​បង្គាប់​ដល់​មេឃ ហាម​មិន​ឲ្យ​ធ្លាក់​ភ្លៀង​មក​លើ​ចំការ​នោះ​ត​ទៅ

7. ពី​ព្រោះ​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នោះ​គឺ​ជា​ពូជ‌ពង្ស​របស់​អ៊ីស្រា‌អែល និង​ពួក​យូដា ជា​ដំណាំ​ដែល​គាប់​ដល់​ព្រះ‌នេត្រ​ទ្រង់ ហើយ​ទ្រង់​ប្រាថ្នា​ចង់​បាន​សេចក្ដី​យុត្តិ‌ធម៌ តែ​មើល បាន​តែ​ការ​កំចាយ​ឈាម​វិញ ក៏​ប្រាថ្នា​ចង់​បាន​សេចក្ដី​សុចរិត​ដែរ តែ​មើល​បាន​តែ​សំរែក​ក្រលួច​វិញ។

8. វេទនា​ដល់​ពួក​អ្នក​ដែល​សង់​ផ្ទះ​ភ្ជាប់​គ្នា ហើយ​កៀរ​ប្រមូល​ស្រែ​ចំការ​តៗ​គ្នា ឥត​មាន​ចន្លោះ​ណា​ឡើយ ទាំង​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​នៅ​តែ​ឯង​នា​ញក​ស្រុក​វិញ

9. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដាក់​ត្រចៀក​ខ្ញុំ​ថា ពិត​ប្រាកដ​ជា​ផ្ទះ​ជា​ច្រើន​នោះ​នឹង​ត្រូវ​ចោល​ទទេ គឺ​ជា​ផ្ទះ​ធំ​ល្អ​ផង ឥត​មាន​អ្នក​ណា​នៅ​ឡើយ

10. ដ្បិត​ចំការ​ទំហំ​១០​រ៉ៃ​នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ​តែ​២​ប៉ោត ហើយ​ពូជ​ពង្រោះ​១០​ថាំង​នឹង​ច្រូត​បាន​តែ​១​ថាំង​ទេ។

11. វេទនា​ដល់​ពួក​អ្នក ដែល​ក្រោក​ឡើង ពី​ព្រលឹម​ស្រាង ដើម្បី​តែ​នឹង​រក​គ្រឿង​ស្រវឹង ហើយ​អត់​ងងុយ​ដរាប​ដល់​យប់​ជ្រៅ ទាល់​តែ​ឆេះ​រោល‌រាល ដោយ‌សារ​ស្រា​ទំពាំង‌បាយ‌ជូរ

12. ជា​ពួក​អ្នក​ដែល​មាន​ស៊ុង ពិណ ក្រាប់ ខ្លុយ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ក្នុង​ការ​ស៊ី‌លៀង​របស់​គេ តែ​គេ​មិន​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ស្នាដៃ​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​ពិចារណា​ពី​ការ​ដែល​ព្រះ‌ហស្ត​ទ្រង់​ធ្វើ​ដែរ។

13. ហេតុ​នោះ​បាន​ជា​រាស្ត្រ​របស់​អញ បាន​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ គឺ​ដោយ​ព្រោះ​គេ​ខ្វះ​ប្រាជ្ញា ពួក​អ្នក​រុងរឿង​ត្រូវ​អត់‌ឃ្លាន​រហិត‌រហៃ​ទៅ ហើយ​ពួក​បណ្តា‌ជន​ណែន‌ណាន់​ក៏​ខះ​ក​ដោយ​ស្រេក​ទឹក

14. ដូច្នេះ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​បាន​រីក​ធំ​ឡើង ព្រម​ទាំង​ហា​មាត់​ជា​ធំ​ហួស​ប្រមាណ ឯ​ពួក​រុងរឿង​ឧត្តម ពួក​ណែន‌ណាន់​តាន់‌តាប់ ពួក​អ៊ឹក‌ធឹក និង​ពួក​អ្នក​ដែល​រីក‌រាយ​សប្បាយ​ក្នុង​ពួក​គេ ក៏​ចុះ​ទៅ​ឯ​ស្ថាន​នោះ

សូមអានជំពូកពេញលេញ អេសាយ 5