គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 49:11-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. អញ​នឹង​ធ្វើ​អស់​ទាំង​ភ្នំ​របស់​អញ​ឲ្យ​ជា​ផ្លូវ ឯ​អស់​ទាំង​ថ្នល់​របស់​អញ នឹង​បាន​លើក​ឡើង

12. មើល​ពួក​នេះ​នឹង​មក​ពី​ទី​ចំងាយ ហើយ​មើល ពួក​នោះ​នឹង​មក​ពី​ទិស​ខាង​ជើង និង​ពី​ទិស​ខាង​លិច ហើយ​ពួក​១​នេះ​ពី​ស្រុក​ស៊ីនីម

13. ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង ឱ​ផែនដី​អើយ ចូរ​ឲ្យ​អរ​សប្បាយ​ចុះ ឱ​ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចំរៀង ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​កំសាន្ត​ចិត្ត​រាស្ត្រ​ទ្រង់​ហើយ ទ្រង់​នឹង​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​ដល់​ពួក​របស់​ទ្រង់​ដែល​ត្រូវ​រង​ទុក្ខ​វេទនា​ផង។

14. តែ​ក្រុង​ស៊ីយ៉ូន​បាន​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បោះ‌បង់​ចោល​ខ្ញុំ​ទេ គឺ​ព្រះ‌អម្ចាស់​ទ្រង់​បាន​ភ្លេច​ខ្ញុំ​ហើយ

15. ចុះ​តើ​ស្ត្រី​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅ​ដោះ ឥត​មាន​អាណិត​ដល់​កូន​ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ អើ គេ​នឹង​ភ្លេច​បាន ប៉ុន្តែ​អញ​មិន​ដែល​ភ្លេច​ឯង​ឡើយ

16. មើល អញ​បាន​ចារឹក​ឯង​ទុក​នៅ​ផ្ទៃ​បាត​ដៃ​របស់​អញ​ហើយ អស់​ទាំង​កំផែង​ឯង​នៅ​ចំពោះ​ភ្នែក​អញ​ជានិច្ច

17. ពួក​កូន​ចៅ​របស់​ឯង​នឹង​ប្រញាប់​ឡើង ពួក​ដែល​បំផ្លាញ​ឯង ហើយ​ពួក​ដែល​រំលាង​ឯង គេ​នឹង​ចេញ​ពី​ឯង​ទៅ

18. ចូរ​ងើប​ភ្នែក​ឡើង​មើល​ជុំវិញ​ចុះ ពួក​ទាំង​នេះ​គេ​មូល​គ្នា​ចូល​មក​ឯ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​ស្បថ​នឹង​ជីវិត​អញ​ថា ប្រាកដ​ជា​ឯង​នឹង​បាន​ប្រដាប់​កាយ​ដោយ​អ្នក​ទាំង​នោះ ដូច​ជា​ពាក់​គ្រឿង​លំអ ហើយ​ក្រវាត់​ខ្លួន ដោយ​អ្នក​ទាំង​នោះ ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី​ដែល​តែង​ខ្លួន​ដែរ

19. ដ្បិត​ឯ​ទី​កន្លែង​ដែល​រំលាង ហើយ​ចោល​ស្ងាត់ និង​ស្រុក​ឯង​ដែល​ត្រូវ​បំផ្លាញ​នោះ ឥឡូវ​នេះ​នឹង​បាន​ជា​ទី​ចង្អៀត​ណែន ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​វិញ ហើយ​ពួក​អ្នក​ដែល​បាន​លេប​ឯង គេ​នឹង​នៅ​ឆ្ងាយ​ពី​ឯង​ហើយ

20. ពួក​កូន​ចៅ​ឯង​ដែល​កើត​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​របស់​ឯង គេ​នឹង​និយាយ​ដាក់​ត្រចៀក​ឯង​ថា ទី​នេះ​ចង្អៀត​ដល់​យើង​ខ្ញុំ​ណាស់ សូម​ឲ្យ​មាន​ទី​អាស្រ័យ​នៅ​ផង

21. នោះ​ឯង​នឹង​នឹក​ក្នុង​ចិត្ត​ថា តើ​អ្នក​ណា​បាន​បង្កើត​កូន​ទាំង​នេះ​ឲ្យ​អញ ដ្បិត​អញ​បាន​បាត់​កូន​ចៅ​អញ​អស់​ទៅ ហើយ​អញ​ក៏​នៅ​ឯក​ឯង​ដូច្នេះ គឺ​ជា​អ្នក​ដែល​ត្រូវ​បំបរ‌បង់ ហើយ​ដើរ​រសាត់‌ព្រាត់​ផង តើ​អ្នក​ណា​បាន​ចិញ្ចឹម​កូន​ទាំង​នេះ មើល អញ​បាន​ត្រូវ​ចោល​នៅ​តែ​ឯង ដូច្នេះ តើ​កូន​ទាំង​នេះ​បាន​នៅ​ឯ​ណា។

22. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​បោយ​ដៃ​ហៅ​អស់​ទាំង​សាសន៍ ហើយ​នឹង​លើក​ទង់‌ជ័យ​អញ​ឡើង សំរាប់​ប្រជា‌ជាតិ​ទាំង‌ឡាយ រួច​គេ​នឹង​បី​យក​កូន​ប្រុសៗ​របស់​ឯង​មក ហើយ​នឹង​បញ្ជិះ​កូន​ស្រីៗ​របស់​ឯង​នៅ​លើ​ស្មា​គេ

23. ពួក​មហា‌ក្សត្រ​នឹង​ធ្វើ​ជា​ឪពុក​ចិញ្ចឹម​ឯង ហើយ​ពួក​អគ្គ‌មហេសី​នឹង​ធ្វើ​ជា​ម្តាយ​បំបៅ​ឯង គេ​នឹង​ក្រាប​ផ្កាប់​មុខ​ដល់​ដី​នៅ​មុខ​ឯង ហើយ​នឹង​លិទ្ធ​ធូលី​ដី​ដែល​ជាប់​ជើង​ឯង នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ហើយ​អស់​អ្នក​ដែល​សង្ឃឹម​ដល់​អញ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ។

24. តើ​នឹង​ឆក់​យក​របឹប​ពី​អ្នក​ខ្លាំង​ពូកែ ឬ​ដោះ​ពួក​ឈ្លើយ ដែល​ចាប់​មក​តាម​ច្បាប់​ចេញ​បាន​ឬ​ទេ

25. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ទោះ​ទាំង​ពួក​ឈ្លើយ​របស់​មនុស្ស​ខ្លាំង​ពូកែ​ក៏​នឹង​ត្រូវ​ឆក់​យក​ទៅ ហើយ​របឹប​របស់​ពួក​គួរ​ស្ញែង‌ខ្លាច​នឹង​បាន​ដោះ​ចេញ​ផង ដ្បិត​អញ​នឹង​ត​តាំង​ចំពោះ​អ្នក​ដែល​ត​តាំង​នឹង​ឯង ហើយ​អញ​នឹង​ជួយ​សង្គ្រោះ​កូន​ចៅ​ឯង​ដែរ

សូមអានជំពូកពេញលេញ អេសាយ 49