គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 47:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​នាង​ក្រមុំ ជា​កូន​នៃ​ក្រុង​បាប៊ី‌ឡូន​អើយ ចូរ​ចុះ​មក​អង្គុយ​នៅ​ធូលី​ដី ឪ​កូន​ស្រី​នៃ​សាសន៍​ខាល់ដេ​អើយ ចូរ​អង្គុយ​នៅ​ដី ឥត​មាន​បល្ល័ង្ក​ចុះ ដ្បិត​គេ​នឹង​លែង​ហៅ​ឯង​ថា ជា​អ្នក​ល្វន់‌ល្វត ហើយ​ទន់‌ភ្លន់​ទៀត

2. ចូរ​យក​ត្បាល់​កិន ហើយ​កិន​ម្សៅ​ទៅ ត្រូវ​ឲ្យ​ដោះ​ស្បៃ​ឯង​ចេញ ហើយ​បក​សំលៀក​ឯង​ចុះ ចូរ​សើយ​សំពត់​ឯង​ឡើង​លុយ​កាត់​ទន្លេ​ទៅ

3. កាយ​អាក្រាត​របស់​ឯង​នឹង​ត្រូវ​បើក​ចំហ អើ គេ​នឹង​ឃើញ​កេរ‌ខ្មាស​ឯង​ផង អញ​នឹង​សង‌សឹក ឥត​ប្រណី​ដល់​អ្នក​ណា​ឡើយ

4. ឯ​ព្រះ​ដែល​ប្រោស​លោះ​យើង ទ្រង់​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល

5. ឱ​កូន​ស្រី​នៃ​ពួក​ខាល់ដេ​អើយ ចូរ​ឲ្យ​ឯង​អង្គុយ​ស្ងៀម ហើយ​ចូល​ទៅ​ឯ​ទី​ងងឹត​ចុះ ដ្បិត​គេ​នឹង​លែង​ហៅ​ឯង​ជា​ម្ចាស់​នៃ​អស់​ទាំង​សាសន៍​ទៀត

6. អញ​បាន​ក្រោធ​ចំពោះ​រាស្ត្រ​របស់​អញ ក៏​បាន​ឲ្យ​មរដក​អញ​ត្រូវ​ទាប​ចុះ ព្រម​ទាំង​ប្រគល់​គេ​ទៅ ក្នុង​កណ្តាប់​ដៃ​របស់​ឯង ឯ​ឯង​មិន​បាន​អាណិត​មេត្តា​ដល់​គេ​ទេ ឯង​បាន​ដាក់​នឹម​ឯង​ទៅ​លើ​ពួក​ចាស់ៗ​យ៉ាង​ធ្ងន់

7. ហើយ​បាន​គិត​ថា ឯង​នឹង​ធ្វើ​ជា​ម្ចាស់​ជា​ដរាប​ទៅ បាន​ជា​ឯង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ទាំង​នេះ ក៏​មិន​បាន​គិត​ដល់​ចុង​បំផុត​ដែរ។

8. ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ ឯង​ដែល​អាល័យ​តែ​លេង​សប្បាយ ហើយ​នៅ​ដោយ​ឥត​កង្វល់ ឯង​នឹក​ក្នុង​ចិត្ត​ថា គឺ​អញ​នេះ​ហើយ ឥត​មាន​អ្នក​ណា​ទៀត​ឡើយ អញ​នឹង​មិន​ដែល​អង្គុយ​ជា​ស្រី​មេម៉ាយ ក៏​មិន​ដែល​ស្គាល់​ការ​ប្រាស‌ចាក​កូន​ឡើយ

9. តែ​សេចក្ដី​ទាំង​២​មុខ​នេះ​នឹង​កើត​ដល់​ឯង​ជា​១​រំពេច នៅ​ថ្ងៃ​ដដែល គឺ​ទាំង​ការ​ប្រោស​ចាក​កូន ហើយ​នៅ​ជា​មេម៉ាយ​ផង នោះ​នឹង​កើត​ដល់​ឯង​ពេញ​ទី ទោះ​បើ​ឯង​មាន​របៀន​ជា​ច្រើន ហើយ​វេទ‌មន្ត​ជា​បរិបូរ​យ៉ាង​ណា​ក៏​ដោយ

10. ពី​ព្រោះ​ឯង​បាន​ទុក​ចិត្ត​នឹង​អំពើ​កំណាច​របស់​ឯង ឯង​បាន​គិត​ថា គ្មាន​អ្នក​ណា​ឃើញ​ឯង​ទេ ឯ​ប្រាជ្ញា និង​ចំណេះ​របស់​ឯង នោះ​បាន​បង្ខូច​ចិត្ត​ឯង​ហើយ ឯង​បាន​នឹក​ក្នុង​ចិត្ត​ថា គឺ​អញ​នេះ​ហើយ ឥត​មាន​អ្នក​ណា​ទៀត​ឡើយ

សូមអានជំពូកពេញលេញ អេសាយ 47