គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 45:6-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ​រហូត​ដល់​ទិស​ខាង​ថ្ងៃ​លិច​បាន​ដឹង​ថា ក្រៅ​ពី​អញ​គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ គឺ​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ឥត​មាន​ព្រះ​ណា​ទៀត​សោះ

7. គឺ​អញ​ដែល​បង្កើត​ពន្លឺ ហើយ​ក៏​ធ្វើ​ឲ្យ​មាន​ងងឹត​ផង អញ​ធ្វើ​ឲ្យ​មាន​សន្តិ‌សុខ ហើយ​ឲ្យ​មាន​សេចក្ដី​វេទនា​ដែរ គឺ​អញ​នេះ​ហើយ ជា​យេហូវ៉ា ដែល​ធ្វើ​គ្រប់​ការ​ទាំង​នេះ។

8. ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ស្រក់​ទឹក​ពី​លើ​មក ហើយ​ឲ្យ​ពពក​ចាក់​សេចក្ដី​សុចរិត​ចុះ​មក ចូរ​ឲ្យ​ផែនដី​ហា​ឡើង ឲ្យ​បាន​បង្កើត​ផល​ជា​សេចក្ដី​សង្គ្រោះ ហើយ​ឲ្យ​សេចក្ដី​សុចរិត​ពន្លក​ឡើង​ជា​មួយ​គ្នា ឯ​អញ គឺ​យេហូវ៉ា អញ​បាន​បង្កើត​សេចក្ដី​នោះ​ឡើង។

9. វេទនា​ដល់​អ្នក​ណា​ដែល​ត​តាំង​នឹង​ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក គេ​ជា​អំបែង​ឆ្នាំង​១​នៅ​ក្នុង​អស់​ទាំង​អំបែង​នៅ​ផែនដី តើ​ដី​ឥដ្ឋ​នឹង​ប្រកែក​ចំពោះ​ជាង​ស្មូន​ថា តើ​ធ្វើ​អ្វី​ដូច្នេះ ឬ​ការ​ដែល​ឯង​ធ្វើ​នឹង​ហ៊ាន​ថា គេ​គ្មាន​ថ្វី‌ដៃ​ទេ ឬ​អី

10. វេទនា​ដល់​អ្នក​ណា ដែល​សួរ​ដល់​ឪពុក​ថា តើ​បាន​បង្កើត​អ្វី​ដូច្នេះ ឬ​ដល់​ម្តាយ​ខ្លួន​ថា តើ​បាន​សំរាល​អ្វី​មក​យ៉ាង​នេះ។

11. ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​ព្រះ​ដែល​បង្កើត​គេ​មក ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​សួរ​អញ​ពី​អស់​ទាំង​ការ​ដែល​ត្រូវ​មក​ខាង​មុខ ចូរ​បង្គាប់​មក​អញ ពី​ដំណើរ​កូន​អញ​ទាំង​ប៉ុន្មាន ហើយ​ពី​ដំណើរ​ការ​ដែល​ដៃ​អញ​ធ្វើ​ផង

12. អញ​បាន​រៀប‌ចំ​ផែនដី ហើយ​បង្កើត​មនុស្ស​ឲ្យ​អាស្រ័យ​នៅ គឺ​ដៃ​អញ​ដែល​បាន​លាត​ផ្ទៃ​មេឃ ហើយ​អញ​បាន​បង្គាប់​ដល់​អស់​ទាំង​ពល‌បរិវារ ដែល​នៅ​លើ​ស្ថាន​នោះ​ដែរ

13. អញ​បាន​លើក​ស៊ីរូស​នេះ​ឡើង​ដោយ​សេចក្ដី​សុចរិត អញ​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ផ្លូវ​របស់​គេ​បាន​ត្រង់ គេ​នឹង​សង់​ទី​ក្រុង​របស់​អញ​ឡើង ហើយ​នឹង​លែង​ពួក​បំបរ‌បង់​របស់​អញ​ឲ្យ​វិល​មក​វិញ មិន​មែន​ដោយ​ទទួល​ថ្លៃ​លោះ ឬ​រង្វាន់​ណា​ទេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

14. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កំរៃ​នៃ​ស្រុក​អេស៊ីព្ទ ហើយ​ផល​ចំរើន​នៃ​ពួក​អេធីយ៉ូពី និង​ពួក​សេបា ជា​មនុស្ស​មាន​មាឌ​ធំ នោះ​នឹង​មក​ឯ​ឯង ហើយ​ខ្លួន​គេ​នឹង​បាន​ជា​របស់​ផង​ឯង​ដែរ គេ​នឹង​ដើរ​តាម​ក្រោយ​ឯង គេ​នឹង​ឆ្លង​មក​ទាំង​ជាប់​ច្រវាក់ ហើយ​ទំលាក់​ខ្លួន​ក្រាប​ចុះ​អង្វរ​ចំពោះ​ឯង ដោយ​ពាក្យ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​លោក​ជា​ពិត គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​ទ្រង់​ឡើយ

15. ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​អើយ ប្រាកដ​ជា​ទ្រង់​ជា​ព្រះ​ដែល​ពួន​អង្គ

16. ឯ​អស់​ពួក​អ្នក​ដែល​ធ្វើ​រូប​ព្រះ គេ​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​ទាំង​អស់​គ្នា គេ​នឹង​ត្រូវ​គ្រប​ឃ្លុប ដោយ​សេចក្ដី​អៀន‌ខ្មាស​ទាំង​អស់​គ្នា

17. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​សង្គ្រោះ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​រួច ដោយ​សេចក្ដី​សង្គ្រោះ​ដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច ឯង​រាល់​គ្នា​នឹង​មិន​ត្រូវ​ខ្មាស ឬ​ជ្រប់​មុខ​ដរាប​ដល់​អស់​កល្ប​ត​រៀង​ទៅ។

18. ដ្បិត​ព្រះ‌យេហូវ៉ា​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ជា​ព្រះ​ដែល​ទ្រង់​សូន​ធ្វើ ហើយ​ប្រតិ‌ស្ឋាន​ផែនដី ក៏​តាំង​ឡើង មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ គឺ​បាន​ជប‌សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា គឺ​អញ​នេះ​ជា​យេហូវ៉ា ឥត​មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ

19. អញ​មិន​បាន​ពោល​ដោយ​សំងាត់ ក្នុង​ទី​ងងឹត​នៅ​ផែនដី​ទេ អញ​មិន​បាន​បង្គាប់​ដល់​ពួក​ពូជ‌ពង្ស​នៃ​យ៉ាកុប​ថា ចូរ​ខំ​ស្វែង​រក​អញ​ដោយ​ពោល​ជា​ឥត​ប្រយោជន៍​នោះ​ទេ គឺ​អញ ព្រះ‌យេហូវ៉ា​នេះ អញ​និយាយ​តាម​សុចរិត អញ​ថ្លែង​ប្រាប់​សេចក្ដី​ដែល​ត្រឹម‌ត្រូវ។

សូមអានជំពូកពេញលេញ អេសាយ 45