គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 45:14-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កំរៃ​នៃ​ស្រុក​អេស៊ីព្ទ ហើយ​ផល​ចំរើន​នៃ​ពួក​អេធីយ៉ូពី និង​ពួក​សេបា ជា​មនុស្ស​មាន​មាឌ​ធំ នោះ​នឹង​មក​ឯ​ឯង ហើយ​ខ្លួន​គេ​នឹង​បាន​ជា​របស់​ផង​ឯង​ដែរ គេ​នឹង​ដើរ​តាម​ក្រោយ​ឯង គេ​នឹង​ឆ្លង​មក​ទាំង​ជាប់​ច្រវាក់ ហើយ​ទំលាក់​ខ្លួន​ក្រាប​ចុះ​អង្វរ​ចំពោះ​ឯង ដោយ​ពាក្យ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​លោក​ជា​ពិត គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​ទ្រង់​ឡើយ

15. ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​អើយ ប្រាកដ​ជា​ទ្រង់​ជា​ព្រះ​ដែល​ពួន​អង្គ

16. ឯ​អស់​ពួក​អ្នក​ដែល​ធ្វើ​រូប​ព្រះ គេ​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​ទាំង​អស់​គ្នា គេ​នឹង​ត្រូវ​គ្រប​ឃ្លុប ដោយ​សេចក្ដី​អៀន‌ខ្មាស​ទាំង​អស់​គ្នា

17. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​សង្គ្រោះ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​រួច ដោយ​សេចក្ដី​សង្គ្រោះ​ដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច ឯង​រាល់​គ្នា​នឹង​មិន​ត្រូវ​ខ្មាស ឬ​ជ្រប់​មុខ​ដរាប​ដល់​អស់​កល្ប​ត​រៀង​ទៅ។

18. ដ្បិត​ព្រះ‌យេហូវ៉ា​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ជា​ព្រះ​ដែល​ទ្រង់​សូន​ធ្វើ ហើយ​ប្រតិ‌ស្ឋាន​ផែនដី ក៏​តាំង​ឡើង មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ គឺ​បាន​ជប‌សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា គឺ​អញ​នេះ​ជា​យេហូវ៉ា ឥត​មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ

19. អញ​មិន​បាន​ពោល​ដោយ​សំងាត់ ក្នុង​ទី​ងងឹត​នៅ​ផែនដី​ទេ អញ​មិន​បាន​បង្គាប់​ដល់​ពួក​ពូជ‌ពង្ស​នៃ​យ៉ាកុប​ថា ចូរ​ខំ​ស្វែង​រក​អញ​ដោយ​ពោល​ជា​ឥត​ប្រយោជន៍​នោះ​ទេ គឺ​អញ ព្រះ‌យេហូវ៉ា​នេះ អញ​និយាយ​តាម​សុចរិត អញ​ថ្លែង​ប្រាប់​សេចក្ដី​ដែល​ត្រឹម‌ត្រូវ។

20. ពួក​អ្នក​ដែល​រួច​ពី​សាសន៍​ដទៃ​អើយ ចូរ​មូល​មក ហើយ​ចូល​ឲ្យ​ជិត​ចុះ ពួក​អ្នក​ដែល​លើក​យក​ដុំ​ឈើ​ជា​រូប​ព្រះ​ឆ្លាក់​របស់​គេ​ទៅ ហើយ​អធិ‌ស្ឋាន​ដល់​ព្រះ​ដែល​ជួយ​សង្គ្រោះ​ខ្លួន​មិន​បាន នោះ​ជា​អ្នក​អាប់​ឥត​ប្រាជ្ញា​ទេ

21. ចូរ​ថ្លែង​ប្រាប់ ហើយ​សំដែង​ហេតុ​ចេញ​ចុះ ត្រូវ​ឲ្យ​ប្រឹក្សា​គ្នា​ផង តើ​អ្នក​ណា​បាន​ប្រាប់​ពី​ការ​នេះ ចាប់​តាំង​ពី​ចាស់​បុរាណ​មក តើ​អ្នក​ណា​បាន​ទាយ​ទុក តាំង​ពី​យូរ​មក​ហើយ តើ​មិន​មែន​អញ ជា​យេហូវ៉ា ទេ​ឬ​អី ក្រៅ​ពី​អញ គ្មាន​ព្រះ​ឯ​ណា​ទៀត ដែល​ជា​ព្រះ​សុចរិត ហើយ​ជា​ព្រះ‌អង្គ​សង្គ្រោះ​ទេ គ្មាន​ណា​មួយ​ក្រៅ​ពី​អញ​ឡើយ

22. អស់​ទាំង​មនុស្ស​នៅ​ចុង​ផែនដី​អើយ ចូរ​មើល​មក​អញ ហើយ​ទទួល​សេចក្ដី​សង្គ្រោះ​ចុះ ដ្បិត​អញ​នេះ​ជា​ព្រះ ឥត​មាន​ណា​ទៀត​ឡើយ

23. អញ​បាន​ស្បថ​ដោយ​ខ្លួន​អញ ពាក្យ​នោះ​បាន​ចេញ​ពី​មាត់​អញ ដោយ​សេចក្ដី​សុចរិត​ហើយ ក៏​មិន​ដែល​ប្រែ‌ប្រួល​ដែរ គឺ​ថា​គ្រប់​ទាំង​ជង្គង់​នឹង​លុត​ចុះ​នៅ​មុខ​អញ ហើយ​គ្រប់​ទាំង​អណ្តាត​នឹង​ស្បថ​ពី​ដំណើរ​អញ​ថា

24. សេចក្ដី​សុចរិត និង​អានុ‌ភាព នោះ​មាន​នៅ​ក្នុង​ព្រះ‌យេហូវ៉ា​តែ​១​ទេ មនុស្ស​ទាំង‌ឡាយ​នឹង​មក​ឯ​ទ្រង់ ហើយ​អស់​អ្នក​ដែល​បាន​ក្តៅ​ក្រហាយ​នឹង​ទ្រង់ គេ​នឹង​ត្រូវ​ខ្មាស​វិញ

25. ឯ​អស់​ទាំង​ពូជ‌ពង្ស​នៃ​អ៊ីស្រា‌អែល នឹង​បាន​សុចរិត​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​គេ​នឹង​អួត​សរសើរ។

សូមអានជំពូកពេញលេញ អេសាយ 45