គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 45:12-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. អញ​បាន​រៀប‌ចំ​ផែនដី ហើយ​បង្កើត​មនុស្ស​ឲ្យ​អាស្រ័យ​នៅ គឺ​ដៃ​អញ​ដែល​បាន​លាត​ផ្ទៃ​មេឃ ហើយ​អញ​បាន​បង្គាប់​ដល់​អស់​ទាំង​ពល‌បរិវារ ដែល​នៅ​លើ​ស្ថាន​នោះ​ដែរ

13. អញ​បាន​លើក​ស៊ីរូស​នេះ​ឡើង​ដោយ​សេចក្ដី​សុចរិត អញ​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ផ្លូវ​របស់​គេ​បាន​ត្រង់ គេ​នឹង​សង់​ទី​ក្រុង​របស់​អញ​ឡើង ហើយ​នឹង​លែង​ពួក​បំបរ‌បង់​របស់​អញ​ឲ្យ​វិល​មក​វិញ មិន​មែន​ដោយ​ទទួល​ថ្លៃ​លោះ ឬ​រង្វាន់​ណា​ទេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

14. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កំរៃ​នៃ​ស្រុក​អេស៊ីព្ទ ហើយ​ផល​ចំរើន​នៃ​ពួក​អេធីយ៉ូពី និង​ពួក​សេបា ជា​មនុស្ស​មាន​មាឌ​ធំ នោះ​នឹង​មក​ឯ​ឯង ហើយ​ខ្លួន​គេ​នឹង​បាន​ជា​របស់​ផង​ឯង​ដែរ គេ​នឹង​ដើរ​តាម​ក្រោយ​ឯង គេ​នឹង​ឆ្លង​មក​ទាំង​ជាប់​ច្រវាក់ ហើយ​ទំលាក់​ខ្លួន​ក្រាប​ចុះ​អង្វរ​ចំពោះ​ឯង ដោយ​ពាក្យ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​លោក​ជា​ពិត គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​ទ្រង់​ឡើយ

15. ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​អើយ ប្រាកដ​ជា​ទ្រង់​ជា​ព្រះ​ដែល​ពួន​អង្គ

16. ឯ​អស់​ពួក​អ្នក​ដែល​ធ្វើ​រូប​ព្រះ គេ​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​ទាំង​អស់​គ្នា គេ​នឹង​ត្រូវ​គ្រប​ឃ្លុប ដោយ​សេចក្ដី​អៀន‌ខ្មាស​ទាំង​អស់​គ្នា

17. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​សង្គ្រោះ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​រួច ដោយ​សេចក្ដី​សង្គ្រោះ​ដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច ឯង​រាល់​គ្នា​នឹង​មិន​ត្រូវ​ខ្មាស ឬ​ជ្រប់​មុខ​ដរាប​ដល់​អស់​កល្ប​ត​រៀង​ទៅ។

18. ដ្បិត​ព្រះ‌យេហូវ៉ា​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ជា​ព្រះ​ដែល​ទ្រង់​សូន​ធ្វើ ហើយ​ប្រតិ‌ស្ឋាន​ផែនដី ក៏​តាំង​ឡើង មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ គឺ​បាន​ជប‌សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា គឺ​អញ​នេះ​ជា​យេហូវ៉ា ឥត​មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ

19. អញ​មិន​បាន​ពោល​ដោយ​សំងាត់ ក្នុង​ទី​ងងឹត​នៅ​ផែនដី​ទេ អញ​មិន​បាន​បង្គាប់​ដល់​ពួក​ពូជ‌ពង្ស​នៃ​យ៉ាកុប​ថា ចូរ​ខំ​ស្វែង​រក​អញ​ដោយ​ពោល​ជា​ឥត​ប្រយោជន៍​នោះ​ទេ គឺ​អញ ព្រះ‌យេហូវ៉ា​នេះ អញ​និយាយ​តាម​សុចរិត អញ​ថ្លែង​ប្រាប់​សេចក្ដី​ដែល​ត្រឹម‌ត្រូវ។

20. ពួក​អ្នក​ដែល​រួច​ពី​សាសន៍​ដទៃ​អើយ ចូរ​មូល​មក ហើយ​ចូល​ឲ្យ​ជិត​ចុះ ពួក​អ្នក​ដែល​លើក​យក​ដុំ​ឈើ​ជា​រូប​ព្រះ​ឆ្លាក់​របស់​គេ​ទៅ ហើយ​អធិ‌ស្ឋាន​ដល់​ព្រះ​ដែល​ជួយ​សង្គ្រោះ​ខ្លួន​មិន​បាន នោះ​ជា​អ្នក​អាប់​ឥត​ប្រាជ្ញា​ទេ

21. ចូរ​ថ្លែង​ប្រាប់ ហើយ​សំដែង​ហេតុ​ចេញ​ចុះ ត្រូវ​ឲ្យ​ប្រឹក្សា​គ្នា​ផង តើ​អ្នក​ណា​បាន​ប្រាប់​ពី​ការ​នេះ ចាប់​តាំង​ពី​ចាស់​បុរាណ​មក តើ​អ្នក​ណា​បាន​ទាយ​ទុក តាំង​ពី​យូរ​មក​ហើយ តើ​មិន​មែន​អញ ជា​យេហូវ៉ា ទេ​ឬ​អី ក្រៅ​ពី​អញ គ្មាន​ព្រះ​ឯ​ណា​ទៀត ដែល​ជា​ព្រះ​សុចរិត ហើយ​ជា​ព្រះ‌អង្គ​សង្គ្រោះ​ទេ គ្មាន​ណា​មួយ​ក្រៅ​ពី​អញ​ឡើយ

សូមអានជំពូកពេញលេញ អេសាយ 45