គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 42:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. មើល នេះ​នែ​អ្នក​បំរើ​របស់​អញ ដែល​អញ​ទប់‌ទល់ គឺ​ជា​អ្នក​ជ្រើស‌រើស​របស់​អញ ដែល​ជា​ទី​រីក‌រាយ​ដល់​ចិត្ត​អញ អញ​បាន​ដាក់​វិញ្ញាណ​អញ​ឲ្យ​សណ្ឋិត​លើ​ទ្រង់ ហើយ​ទ្រង់​នឹង​សំដែង​ចេញ ឲ្យ​គ្រប់​ទាំង​សាសន៍​បាន​ឃើញ​សេចក្ដី​យុត្តិ‌ធម៌

2. ទ្រង់​នឹង​មិន​ស្រែក ឬ​បន្លឺ​ឡើង ឬ​ឲ្យ​អ្នក​ណា​ឮ​សំឡេង​នៅ​ក្នុង​ផ្លូវ​ឡើយ

3. ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់​ទេ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ ទ្រង់​នឹង​សំដែង​ចេញ​នូវ​សេចក្ដី​យុត្តិ‌ធម៌ ដោយ​សេចក្ដី​ពិត

4. ទ្រង់​នឹង​មិន​ដែល​អន់​ថយ ឬ​រសាយ​ចិត្ត​ដរាប​ដល់​បាន​តាំង​សេចក្ដី​យុត្តិ‌ធម៌​ឡើង​នៅ​ផែនដី ហើយ​កោះ​ទាំង​ប៉ុន្មាន​នឹង​សង្ឃឹម​ដល់​ក្រឹត្យ‌ក្រម​របស់​ទ្រង់។

5. ឯ​ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ ហើយ​បាន​លាត​ផង គឺ​ជា​ព្រះ​ដែល​បាន​ក្រាល​ផែនដី និង​របស់​សព្វ​សារពើ​ដែល​ចេញ​ពី​នោះ​មក គឺ​ព្រះ‌អង្គ​ដែល​ប្រទាន​ឲ្យ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន នៅ​ផែនដី​មាន​ដង្ហើម ព្រម​ទាំង​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ដែល​ដើរ​ក្នុង​លោក​មាន​វិញ្ញាណ​ផង ទ្រង់​មាន​ព្រះ‌បន្ទូល​ថា

6. អញ​នេះ​គឺ​ជា​យេហូវ៉ា អញ​បាន​ហៅ​ឯង​មក​ដោយ​សេចក្ដី​សុចរិត អញ​នឹង​កាន់​ដៃ​ឯង ហើយ​ថែ​រក្សា​ឯង អញ​នឹង​តាំង​ឯង​ឡើង ទុក​ជា​សេចក្ដី​សញ្ញា​ដល់​បណ្តា‌ជន ហើយ​ជា​ពន្លឺ​ភ្លឺ​ដល់​អស់​ទាំង​សាសន៍

7. ដើម្បី​នឹង​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ឡើង និង​នាំ​ពួក​ត្រូវ​ចាប់​ចង​ចេញ​ពី​គុក​ងងឹត ហើយ​ឲ្យ​ពួក​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ចេញ​រួច​ពី​ទី​ឃុំ‌ឃាំង

8. អញ​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​អញ អញ​មិន​ព្រម​ប្រគល់​សិរី‌ល្អ​របស់​អញ​ដល់​អ្នក​ណា​ទៀត ឬ​ឲ្យ​សេចក្ដី​សរសើរ​របស់​អញ ដល់​រូប​ឆ្លាក់​ឡើយ

9. មើល​ការ​ខាង​ដើម​ទាំង​ប៉ុន្មាន​បាន​កន្លង​ទៅ​ហើយ គឺ​ជា​ការ​ថ្មី ដែល​អញ​ថ្លែង​ប្រាប់​នេះ អញ​ប្រាប់​ពី​ការ​ទាំង​នោះ ដល់​ឯង​រាល់​គ្នា មុន​ដែល​កើត​មក​ផង។

10. ឯង​រាល់​គ្នា​ដែល​ចុះ​ទៅ​ឯ​សមុទ្រ ហើយ​ទាំង​អស់​ដែល​នៅ​ក្នុង​នោះ ព្រម​ទាំង​កោះ និង​ពួក​អ្នក​នៅ​កោះ​ទាំង​នោះ​ផង ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​សេចក្ដី​សរសើរ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ចុះ

11. ឯ​ទី​រហោ‌ស្ថាន និង​ទី​អាស្រ័យ​នៅ​ក្នុង​នោះ​ទាំង​ប៉ុន្មាន ចូរ​បន្លឺ​ឡើង ព្រម​ទាំង​បណ្តា​ភូមិ​ដែល​ពួក​កេដារ​នៅ​ទាំង​អស់​ផង ត្រូវ​ឲ្យ​ពួក​អ្នក​នៅ​ក្រុង​សេឡា​ច្រៀង​ឡើង ត្រូវ​ឲ្យ​គេ​ស្រែក​ពី​កំពូល​ភ្នំ​ចុះ

12. ត្រូវ​ឲ្យ​គេ​ថ្វាយ​កិត្តិសព្ទ​ដល់​ព្រះ‌យេហូវ៉ា ហើយ​បញ្ចេញ​សេចក្ដី​សរសើរ​របស់​ទ្រង់​ដល់​អស់​ទាំង​កោះ

13. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​ចេញ​ទៅ ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ទ្រង់​នឹង​បណ្តាល​សេចក្ដី​ឧស្សាហ៍​ឡើង​ដូច​ជា​មនុស្ស​ថ្នឹក​ចំបាំង ទ្រង់​នឹង​ស្រែក​ឡើង អើ ទ្រង់​នឹង​ស្រែក​ជា​ខ្លាំង ហើយ​នឹង​បង្ក្រាប​ពួក​សត្រូវ​ដោយ​ឫទ្ធា‌នុភាព។

សូមអានជំពូកពេញលេញ អេសាយ 42