គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 38:2-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. នោះ​ហេសេគា​ទ្រង់​ក៏​បែរ​ព្រះ‌ភក្ត្រ​ទៅ​ឯ​ជញ្ជាំង ក៏​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា

3. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូល‌បង្គំ​ដែល​បាន​ដើរ​នៅ​ចំពោះ​ទ្រង់ ដោយ​ពិត​ត្រង់ ហើយ​ដោយ​ចិត្ត​ស្មោះ​ចំពោះ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ដ៏​ល្អ​នៅ​ព្រះ‌នេត្រ​ទ្រង់​ជា​យ៉ាង​ណា រួច​ហេសេគា​ទ្រង់​ព្រះ‌កន្សែង​ជា​ខ្លាំង

4. នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​អេសាយ​ថា

5. ចូរ​ទៅ​ប្រាប់​ហេសេគា​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ដាវីឌ អយ្យកោ​ឯង ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​ឮ​ពាក្យ​អធិ‌ស្ឋាន​របស់​ឯង ក៏​បាន​ឃើញ​ទឹក​ភ្នែក​ឯង​ហើយ មើល អញ​នឹង​ចំរើន​អាយុ​ឯង​ឡើង​១៥​ឆ្នាំ​ទៀត

6. ហើយ​នឹង​ដោះ​ឯង និង​ទី​ក្រុង​នេះ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ ព្រម​ទាំង​ការ‌ពារ​ទី​ក្រុង​នេះ​ផង

7. នេះ​នឹង​បាន​ទុក​ជា​ទី​សំគាល់​ពី​ព្រះ‌យេហូវ៉ា​ដល់​ឯង ថា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សំរេច​ការ​នេះ ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ

8. គឺ​អញ​នឹង​ធ្វើ​ឲ្យ​ស្រមោល ដែល​បាន​ជ្រេ​ទៅ​នៅ​នាឡិកា ថ្ងៃ​របស់​ស្តេច​អ័ហាស បាន​ថយ​មក​វិញ ដូច្នេះ​ស្រមោល​ក៏​ថយ​មក​វិញ​១០​ចុច តាម​ដែល​បាន​ជ្រេ​ទៅ​ហើយ។

9. នេះ​ជា​ពាក្យ​ដែល​ហេសេគា ជា​ស្តេច​យូដា បាន​សរសេរ ក្នុង​កាល​ដែល​ទ្រង់​ប្រឈួន ហើយ​បាន​ជា​ឡើង​វិញ។

10. យើង​បាន​ពោល​ថា យើង​នឹង​ទៅ​ឯ​ទ្វារ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក្នុង​កាល​ដែល​នៅ​ពាក់​កណ្តាល​អាយុ​ទេ សំណល់​នៃ​ឆ្នាំ​អាយុ​បាន​បង្អត់​ដល់​យើង​ហើយ

11. យើង​បាន​ពោល​ថា យើង​នឹង​លែង​ឃើញ​ព្រះ គឺ​ជា​ព្រះ‌យេហូវ៉ា នៅ​ស្ថាន​របស់​មនុស្ស​រស់​នេះ​ទៀត យើង​នឹង​ខាន​ឃើញ​មនុស្ស ដែល​នៅ​កណ្តាល​ពួក​មនុស្ស​លោក​ត​ទៅ

12. ជីវិត​របស់​យើង​បាន​ត្រូវ​រើរុះ​ចេញ គឺ​បាន​លើក​យក​ចេញ​ពី​យើង ដូច​ជា​ត្រសាល​របស់​អ្នក​គង្វាល យើង​បាន​មូរ​បំព្រួញ​ជីវិត ដូច​ជា​អ្នក​ត្បាញ ទ្រង់​នឹង​កាត់​យើង​ចេញ​ពី​តំបាញ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ទ្រង់​នឹង​ផ្តាច់​ជីវិត​យើង​ទៅ

13. ដរាប​ដល់​ពេល​ព្រឹក យើង​បាន​គិត​ថា ទ្រង់​នឹង​បំបាក់​អស់​ទាំង​ឆ្អឹង​យើង ដូច​ជា​សិង្ហ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ទ្រង់​ផ្តាច់​ជីវិត​យើង

14. យើង​បាន​យំ​ចេច‌ចាច​ដូច​ជា​សត្វ​ត្រចៀក‌កាំ ឬ​ដូច​ជា​ក្រសារ ក៏​បាន​ថ្ងូរ​ដូច​ព្រាប​ដែរ ឯ​ភ្នែក​យើង​បាន​ស្រវាំង​ទៅ ដោយ​ងើយ​មើល​ទៅ​លើ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ត្រូវ​សង្កត់‌សង្កិន សូម​ធានា​ឲ្យ​ទូល‌បង្គំ​ផង

15. តើ​ទូល‌បង្គំ​នឹង​ថា​ដូច​ម្តេច ទ្រង់​បាន​ទាំង​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ ហើយ​បាន​សំរេច​តាម​សំដី​ផង ទូល‌បង្គំ​បាន​ដើរ​សន្សឹមៗ​គ្រប់​១​ជីវិត ដោយ​ព្រោះ​សេចក្ដី​ជូរ​ចត់​នៅ​ក្នុង​ចិត្ត

16. ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ដោយ​សេចក្ដី​ទាំង​នេះ​ហើយ ដែល​មនុស្ស​រស់​នៅ ហើយ​ជីវិត​នៃ​វិញ្ញាណ​ទូល‌បង្គំ ក៏​នៅ​ទាំង​មូល​ក្នុង​សេចក្ដី​ទាំង​នេះ​ឯង ដូច្នេះ សូម​ទ្រង់​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ជា ហើយ​ឲ្យ​ទូល‌បង្គំ​បាន​រស់​វិញ

សូមអានជំពូកពេញលេញ អេសាយ 38