1. នៅគ្រានោះហេសេគាទ្រង់ព្រះប្រឈួនហៀបនឹងសុគត ហើយហោរាអេសាយ ជាកូនអ័ម៉ូស ក៏មកគាល់ទ្រង់ទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរផ្តាំដល់វង្សារបស់ឯងចុះ ដ្បិតឯងត្រូវស្លាប់ហើយ មិនរស់ទេ
2. នោះហេសេគាទ្រង់ក៏បែរព្រះភក្ត្រទៅឯជញ្ជាំង ក៏អធិស្ឋានដល់ព្រះយេហូវ៉ាថា
3. ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីទូលបង្គំដែលបានដើរនៅចំពោះទ្រង់ ដោយពិតត្រង់ ហើយដោយចិត្តស្មោះចំពោះ ព្រមទាំងប្រព្រឹត្តអំពើដ៏ល្អនៅព្រះនេត្រទ្រង់ជាយ៉ាងណា រួចហេសេគាទ្រង់ព្រះកន្សែងជាខ្លាំង
4. នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់អេសាយថា
5. ចូរទៅប្រាប់ហេសេគាថា ព្រះយេហូវ៉ាជាព្រះនៃដាវីឌ អយ្យកោឯង ទ្រង់មានព្រះបន្ទូលដូច្នេះ អញបានឮពាក្យអធិស្ឋានរបស់ឯង ក៏បានឃើញទឹកភ្នែកឯងហើយ មើល អញនឹងចំរើនអាយុឯងឡើង១៥ឆ្នាំទៀត
6. ហើយនឹងដោះឯង និងទីក្រុងនេះ ឲ្យរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរ ព្រមទាំងការពារទីក្រុងនេះផង
7. នេះនឹងបានទុកជាទីសំគាល់ពីព្រះយេហូវ៉ាដល់ឯង ថាព្រះយេហូវ៉ាទ្រង់នឹងសំរេចការនេះ ដែលទ្រង់បានមានព្រះបន្ទូលហើយ
8. គឺអញនឹងធ្វើឲ្យស្រមោល ដែលបានជ្រេទៅនៅនាឡិកា ថ្ងៃរបស់ស្តេចអ័ហាស បានថយមកវិញ ដូច្នេះស្រមោលក៏ថយមកវិញ១០ចុច តាមដែលបានជ្រេទៅហើយ។
9. នេះជាពាក្យដែលហេសេគា ជាស្តេចយូដា បានសរសេរ ក្នុងកាលដែលទ្រង់ប្រឈួន ហើយបានជាឡើងវិញ។
10. យើងបានពោលថា យើងនឹងទៅឯទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក្នុងកាលដែលនៅពាក់កណ្តាលអាយុទេ សំណល់នៃឆ្នាំអាយុបានបង្អត់ដល់យើងហើយ
11. យើងបានពោលថា យើងនឹងលែងឃើញព្រះ គឺជាព្រះយេហូវ៉ា នៅស្ថានរបស់មនុស្សរស់នេះទៀត យើងនឹងខានឃើញមនុស្ស ដែលនៅកណ្តាលពួកមនុស្សលោកតទៅ