គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 37:5-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ពួក​ជំនិត​របស់​ស្តេច​ហេសេគា ក៏​មក​ឯ​អេសាយ

6. ហើយ​អេសាយ​លោក​មាន​ប្រសាសន៍​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទូល​ដល់​ចៅ‌ហ្វាយ​អ្នក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ កុំ​ឲ្យ​ខ្លាច​ចំពោះ​ពាក្យ​សំដី​ដែល​ឯង​បាន​ឮ ជា​ពាក្យ​ដែល​ពួក​បំរើ​របស់​ស្តេច​អាស‌ស៊ើរ បាន​ប្រមាថ​ដល់​អញ​នោះ​ឡើយ

7. មើល អញ​នឹង​បណ្តាល​គំនិត​វា ឲ្យ​សំរេច​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​វា​វិញ ដោយ​វា​ឮ​ដំណឹង​១ រួច​អញ​នឹង​ឲ្យ​វា​ដួល​ស្លាប់​ដោយ​ដាវ នៅ​ក្នុង​ស្រុក​របស់​វា​ទៅ។

8. ចំណែក​រ៉ាបសាកេ ក៏​ត្រឡប់​ទៅ​រក​ស្តេច​អាស‌ស៊ើរ​ឃើញ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​លិបណា ដ្បិត​លោក​បាន​ឮ​ថា ទ្រង់​ថយ​ពី​ក្រុង​ឡាគីស​ទៅ​ហើយ

9. ស្តេច​បាន​ឮ​និយាយ​ពី​ទារ‌ហា‌កា ជា​ស្តេច​អេធីយ៉ូពី ថា​ចេញ​មក​ច្បាំង​នឹង​ទ្រង់​ហើយ លុះ​ទ្រង់​បាន​ឮ​ដូច្នោះ ក៏​ចាត់​សារ​ទៅ​ឯ​ហេសេគា​ដោយ​ពាក្យ​ថា

10. ចូរ​ឯង​រាល់​គ្នា​ប្រាប់​ដល់​ហេសេគា​ជា​ស្តេច​យូដា​ដូច្នេះ កុំ​ឲ្យ​ព្រះ​របស់​ឯង ដែល​ឯង​ទុក​ចិត្ត​នោះ​បញ្ឆោត​ឯង​ដោយ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ នោះ​ឡើយ

11. មើល​ឯង​បាន​ឮ​និយាយ​ពី​ការ​ដែល​ស្តេច​អាស‌ស៊ើរ​បាន​ធ្វើ ដល់​ស្រុក​ទាំង​ប៉ុន្មាន​ហើយ គឺ​ដែល​ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ដូច្នេះ​តើ​ឯង​នឹង​បាន​រួច​ឬ

12. ឯ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​ពួក​ព្ធយុ‌កោ​អញ​បាន​បំផ្លាញ គឺ​ពួក​ក្រុង​កូសាន ក្រុង​ខារ៉ាន ក្រុង​រេសែភ និង​ពួក​កូន​ចៅ​អេដែន​ដែល​នៅ​ស្រុក​ធេឡា‌សើរ តើ​ព្រះ​របស់​គេ​បាន​ជួយ​ឲ្យ​គេ​រួច​ឬ​ទេ

13. តើ​ស្តេច​ស្រុក​ហាម៉ាត ស្តេច​ក្រុង​អើផាឌ និង​ស្តេច​ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា​នៅ​ឯ​ណា។

14. ហេសេគា​ក៏​ទទួល​សំបុត្រ​នោះ ពី​ដៃ​របស់​ពួក​ទូត​ទៅ​អាន​មើល រួច​ទ្រង់​យាង​ឡើង​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា លា​សំបុត្រ​នោះ​នៅ​ចំពោះ​ទ្រង់

15. ហេសេគា​ទ្រង់​ក៏​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា

16. ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​គង់​ពី​លើ​ចេរូប៊ីន​អើយ គឺ​ទ្រង់​តែ​១​ព្រះ‌អង្គ ដែល​ជា​ព្រះ​នៃ​អស់​ទាំង​សាសន៍​នៅ​ផែនដី ទ្រង់​បាន​បង្ក‌បង្កើត​ផ្ទៃ​មេឃ និង​ផែនដី

17. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​បើក​ព្រះ‌នេត្រ​ទត សូម​ស្តាប់​អស់​ទាំង​ពាក្យ​របស់​សាន‌ហេ‌រីប ដែល​បាន​ចាត់​គេ​មក​ប្រកួត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ

សូមអានជំពូកពេញលេញ អេសាយ 37