គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 35:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ទី​រហោ‌ស្ថាន ហើយ​ទី​ហួត‌ហែង នឹង​មាន​សេចក្ដី​អំណរ ឯ​សមុទ្រ​ខ្សាច់ នឹង​រីក‌រាយ ហើយ​ផ្កា​ឡើង​ដូច​ជា​កុលាប

2. គឺ​នឹង​ផ្កា​ឡើង​យ៉ាង​សន្ធឹក ក៏​នឹង​រីក‌រាយ​ដោយ​សេចក្ដី​អំណរ និង​បទ​ចំរៀង​ផង គេ​នឹង​លើក​សេចក្ដី​សរសើរ​ពី​លំអ​នៃ​ព្រៃ​ល្បាណូន​ផ្ទេរ​ទៅ​ឲ្យ​ដល់​សមុទ្រ​ខ្សាច់​វិញ ព្រម​ទាំង​សេចក្ដី​រុងរឿង​នៃ​ភ្នំ​កើមែល និង​វាល​សារ៉ុន​ផង គេ​នឹង​ឃើញ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​រុងរឿង​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។

3. ចូរ​ចំរើន​កំឡាំង​ដៃ​ដែល​ខ្សោយ ហើយ​ឲ្យ​ក្បាល​ជង្គង់​ដែល​ញ័រ​បាន​មាំ‌មួន​ឡើង

4. ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ភ័យ​ខ្លាច​ថា ចូរ​ឲ្យ​មាន​កំឡាំង​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ មើល ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​យាង​មក​សង‌សឹក ហើយ​នឹង​យក​រង្វាន់​របស់​ព្រះ​មក ទ្រង់​នឹង​យាង​មក​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា។

5. គ្រា​នោះ ភ្នែក​របស់​មនុស្ស​ខ្វាក់ នឹង​បាន​ភ្លឺ​ឡើង ហើយ​ត្រចៀក​របស់​មនុស្ស​ថ្លង់​នឹង​ឮ​បាន

6. គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្តាត​របស់​មនុស្ស​គ​នឹង​ច្រៀង​ឡើង ដ្បិត​នៅ​ទី​រហោ‌ស្ថាន​នឹង​មាន​ក្បាល​ទឹក​ផុស​ចេញ ហើយ​នឹង​មាន​ផ្លូវ​ទឹក​ហូរ​នៅ​សមុទ្រ​ខ្សាច់​ដែរ

7. ខ្សាច់​ដែល​ក្តៅ​ព្រោចៗ​នឹង​ត្រឡប់​ជា​ត្រពាំង​ទឹក ហើយ​ដី​ហួត‌ហែង​នឹង​មាន​ក្បាល​ទឹក​ហូរ នៅ​ត្រង់​ទី​លំនៅ​របស់​ចចក ជា​កន្លែង​ដែល​វា​ដេក នោះ​នឹង​មាន​ដុះ​ស្មៅ ព្រម​ទាំង​បបុស និង​កក់​ផង

8. ហើយ​នៅ​ទី​នោះ​នឹង​មាន​ថ្នល់​១ ជា​ផ្លូវ​ដែល​គេ​នឹង​ហៅ​ថា «ផ្លូវ​បរិសុទ្ធ»ពួក​មនុស្ស​ស្មោក‌គ្រោក​នឹង​មិន​ដែល​ដើរ​តាម​ផ្លូវ​នោះ​ឡើយ គឺ​ផ្លូវ​នោះ នឹង​ទុក​សំរាប់​តែ​ពួក​អ្នក ដែល​បាន​ប្រោស​លោះ​ប៉ុណ្ណោះ ឯ​មនុស្ស​ដែល​ដើរ​ដំណើរ ទោះ​បើ​ជា​មនុស្ស​ល្ងី‌ល្ងើ​ក៏​ដោយ គង់​តែ​មិន​វង្វេង​ដែរ

9. នឹង​គ្មាន​សិង្ហ ឬ​សត្វ​កំណាច​ណា ឡើង​មក​តាម​នោះ​ឡើយ គេ​ក៏​នឹង​មិន​ដែល​ប្រទះ​ឃើញ​វា​ដែរ គឺ​មាន​តែ​ពួក​ប្រោស​លោះ​ដែល​នឹង​ដើរ​តាម​នោះ

សូមអានជំពូកពេញលេញ អេសាយ 35