គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 30:4-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ដ្បិត​ពួក​ចៅ‌ហ្វាយ​របស់​គេ​សុទ្ធ​តែ​នៅ​ក្រុង​សូអាន​ហើយ ឯ​ពួក​រាជ‌ទូត​របស់​គេ​ក៏​បាន​មក​ដល់​ក្រុង​ហានេស​ដែរ

5. គេ​នឹង​មាន​សេចក្ដី​ខ្មាស​ទាំង​អស់​គ្នា ពី​ដំណើរ​សាសន៍​នោះ ដែល​មិន​អាច​នឹង​មាន​ប្រយោជន៍​ដល់​គេ​ឡើយ ជា​សាសន៍​ដែល​មិន​មែន​ជា​ជំនួយ ឬ​ជា​ប្រយោជន៍​សោះ គឺ​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស និង​សេចក្ដី​ដំនៀល​វិញ។

6. នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ពួក​សត្វ​នៅ​ស្រុក​ត្បូង គេ​ផ្ទុក​ទ្រព្យ​របស់​គេ​នៅ​លើ​ខ្នង​លា​ស្ទាវ ហើយ​ផ្ទុក​សម្បត្តិ​របស់​គេ នៅ​លើ​បូក​សត្វ​អូដ្ឋ ដឹក‌នាំ​កាត់​ស្រុក​ដែល​មាន​សេចក្ដី​លំបាក និង​សេចក្ដី​ថប់​ព្រួយ ជា​ទី​មាន​សិង្ហ​ញី សិង្ហ​ឈ្មោល ពស់‌វែក និង​ពស់​ភ្លើង​ហោះ ដើម្បី​ទៅ​ឯ​សាសន៍​មួយ ដែល​នឹង​គ្មាន​ប្រយោជន៍​ដល់​គេ​សោះ

7. ពី​ព្រោះ​សាសន៍​អេស៊ីព្ទ​គេ​ជួយ​ជា​ឥត​អំពើ ហើយ​ជា​ឥត​ប្រយោជន៍​ទទេ ហេតុ​នោះ​បាន​ជា​អញ​បាន​ហៅ​គេ​ថា រ៉ាហាប ជា​អ្នក​ដែល​អង្គុយ​នៅ​តែ​ស្ងៀម។

8. ចូរ​ទៅ​ឥឡូវ ឲ្យ​ចារឹក​សេចក្ដី​នេះ​ចុះ​នៅ​នឹង​បន្ទះ​ថ្ម ហើយ​កត់​ទុក​ក្នុង​សៀវភៅ​ទៅ ដើម្បី​នឹង​ទុក​សំរាប់​ពេល​ទៅ​មុខ​ជា​រៀង‌រាប​ដរាប

9. ដ្បិត​ជន‌ជាតិ​នេះ​គេ​រឹង​ចចេស ជា​ពួក​កូន​ចៅ​ភូត‌កុហក គឺ​ជា​កូន​ចៅ ដែល​មិន​ព្រម​ផ្ចង់​ចិត្ត​ស្តាប់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ទេ

10. គេ​ប្រាប់​ដល់​ពួក​មើល‌ឆុត​ថា កុំ​ឲ្យ​មើល​ឡើយ ហើយ​ដល់​ពួក​ហោរា​ថា កុំ​ឲ្យ​ទាយ​ពី​សេចក្ដី​ទៀង​ត្រង់ ឲ្យ​យើង​ស្តាប់​ឲ្យ​សោះ គឺ​ត្រូវ​និយាយ​ពី​សេចក្ដី​ស្រួល‌បួល​វិញ ត្រូវ​ទាយ​ជា​សេចក្ដី​ភូត‌ភរ​ចុះ

11. ចូរ​លែង​តាម​ផ្លូវ​នេះ ហើយ​បែរ​ចេញ​ពី​ផ្លូវ​ច្រក​នេះ​ទៅ ឲ្យ​បំបាត់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ពី​មុខ​យើង​ចេញ

12. ហេតុ​នោះ ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​ស្អប់​ខ្ពើម​ចំពោះ​ពាក្យ​នេះ ហើយ​ទុក​ចិត្ត​នឹង​ការ​ឆ‌បោក និង​ការ​ទទឹង‌ទទែង ព្រម​ទាំង​ផ្អែក​ខ្លួន​ទៅ​លើ​ការ​ទាំង​នោះ

13. បាន​ជា​អំពើ​ទុច្ចរិត​នេះ នឹង​បាន​ដូច​ជា​កំផែង​បាក់​បែក ដែល​ហៀប​នឹង​រលំ​ដល់​ឯង​រាល់​គ្នា ជា​កន្លែង​ទ្រេត​ក្នុង​កំផែង​យ៉ាង​ខ្ពស់ ដែល​ស្រាប់​តែ​បាក់​ចុះ​មក​ភ្លាម​១​រំពេច

14. ហើយ​ទ្រង់​នឹង​បំបែក​ទៅ ដូច​ជា​គេ​បំបែក​ឆ្នាំង​នៃ​ជាង​ស្មូន គឺ​នឹង​បំបែក​ឲ្យ​ខ្ទេច‌ខ្ទី ឥត​ប្រណី​ឡើយ ទាល់​តែ​រក​បំណែក​ណា​មួយ​ល្មម​នឹង​ដាក់​រងើក​ភ្លើង​ពី​ជើង‌ក្រាន ឬ​នឹង​ដួស​យក​ទឹក​ពី​ពាង​មិន​បាន​ផង។

15. ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​បាន​សង្គ្រោះ​ដោយ​វិល​មក​វិញ ហើយ​ផ្អាក​សំរាក ឯង​រាល់​គ្នា​នឹង​មាន​កំឡាំង​ដោយ​នៅ​តែ​ស្ងៀម ហើយ​មាន​សេចក្ដី​ទុក​ចិត្ត តែ​ឯង​រាល់​គ្នា​មិន​ចូល​ចិត្ត​ទេ

16. គឺ​បាន​សប​ឆ្លើយ​ថា ទេ យើង​នឹង​ជិះ​សេះ​រត់​ទៅ ដូច្នេះ ឯង​រាល់​គ្នា​នឹង​ត្រូវ​រត់​ទៅ​មែន ហើយ​ឯង​ថា យើង​នឹង​ជិះ​សត្វ​លឿន​ដែរ ដូច្នេះ គេ​ដែល​ដេញ​តាម​ឯង​នឹង​បាន​លឿន​ដូច​គ្នា

17. មួយ​ពាន់​នាក់​នឹង​រត់​ទៅ ដោយ​មាន​តែ​ម្នាក់​កំហែង​គេ ហើយ​បើ​មាន​៥​នាក់​កំហែង នោះ​ឯង​រាល់​គ្នា​នឹង​រត់​ទៅ ទាល់​តែ​សំណល់​នៃ​ឯង បាន​ដូច​ជា​បង្គោល​មួយ ដោត​នៅ​លើ​ភ្នំ​ធំ ហើយ​ដូច​ជា​ទង់​នៅ​លើ​ភ្នំ​តូច​ប៉ុណ្ណោះ។

សូមអានជំពូកពេញលេញ អេសាយ 30