គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 30:12-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ហេតុ​នោះ ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​ស្អប់​ខ្ពើម​ចំពោះ​ពាក្យ​នេះ ហើយ​ទុក​ចិត្ត​នឹង​ការ​ឆ‌បោក និង​ការ​ទទឹង‌ទទែង ព្រម​ទាំង​ផ្អែក​ខ្លួន​ទៅ​លើ​ការ​ទាំង​នោះ

13. បាន​ជា​អំពើ​ទុច្ចរិត​នេះ នឹង​បាន​ដូច​ជា​កំផែង​បាក់​បែក ដែល​ហៀប​នឹង​រលំ​ដល់​ឯង​រាល់​គ្នា ជា​កន្លែង​ទ្រេត​ក្នុង​កំផែង​យ៉ាង​ខ្ពស់ ដែល​ស្រាប់​តែ​បាក់​ចុះ​មក​ភ្លាម​១​រំពេច

14. ហើយ​ទ្រង់​នឹង​បំបែក​ទៅ ដូច​ជា​គេ​បំបែក​ឆ្នាំង​នៃ​ជាង​ស្មូន គឺ​នឹង​បំបែក​ឲ្យ​ខ្ទេច‌ខ្ទី ឥត​ប្រណី​ឡើយ ទាល់​តែ​រក​បំណែក​ណា​មួយ​ល្មម​នឹង​ដាក់​រងើក​ភ្លើង​ពី​ជើង‌ក្រាន ឬ​នឹង​ដួស​យក​ទឹក​ពី​ពាង​មិន​បាន​ផង។

15. ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​បាន​សង្គ្រោះ​ដោយ​វិល​មក​វិញ ហើយ​ផ្អាក​សំរាក ឯង​រាល់​គ្នា​នឹង​មាន​កំឡាំង​ដោយ​នៅ​តែ​ស្ងៀម ហើយ​មាន​សេចក្ដី​ទុក​ចិត្ត តែ​ឯង​រាល់​គ្នា​មិន​ចូល​ចិត្ត​ទេ

16. គឺ​បាន​សប​ឆ្លើយ​ថា ទេ យើង​នឹង​ជិះ​សេះ​រត់​ទៅ ដូច្នេះ ឯង​រាល់​គ្នា​នឹង​ត្រូវ​រត់​ទៅ​មែន ហើយ​ឯង​ថា យើង​នឹង​ជិះ​សត្វ​លឿន​ដែរ ដូច្នេះ គេ​ដែល​ដេញ​តាម​ឯង​នឹង​បាន​លឿន​ដូច​គ្នា

17. មួយ​ពាន់​នាក់​នឹង​រត់​ទៅ ដោយ​មាន​តែ​ម្នាក់​កំហែង​គេ ហើយ​បើ​មាន​៥​នាក់​កំហែង នោះ​ឯង​រាល់​គ្នា​នឹង​រត់​ទៅ ទាល់​តែ​សំណល់​នៃ​ឯង បាន​ដូច​ជា​បង្គោល​មួយ ដោត​នៅ​លើ​ភ្នំ​ធំ ហើយ​ដូច​ជា​ទង់​នៅ​លើ​ភ្នំ​តូច​ប៉ុណ្ណោះ។

18. ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​រង់‌ចាំ​ឱកាស នឹង​ផ្តល់​ព្រះ‌គុណ​ដល់​ឯង​រាល់​គ្នា​ដែរ ហើយ​ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ទ្រង់​នឹង​ចាំ​ឯង​លើក​ដំកើង​ទ្រង់​ឡើង ដើម្បី​ឲ្យ​ទ្រង់​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​ឯង ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​យុត្តិ‌ធម៌។មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​រង់‌ចាំ​ទ្រង់

19. អើ ឱ​ជន‌ជាតិ​នៅ​ក្រុង​ស៊ីយ៉ូន ជា​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ឯង​នឹង​មិន​ត្រូវ​យំ​ទៀត​ឡើយ ទ្រង់​នឹង​មាន​ព្រះ‌គុណ​ចំពោះ​ឯង ដោយ​ឮ​សំឡេង​ឯង​ស្រែក​កាល​ណា​ទ្រង់​ឮ នោះ​ទ្រង់​នឹង​ឆ្លើយ​មក​ឯង

20. ហើយ​ទោះ​បើ​ព្រះ‌អម្ចាស់ ទ្រង់​ឲ្យ​ឯង​រាល់​គ្នា​ស៊ី​សេចក្ដី​ទំនាស់​ទុក​ជា​អាហារ ហើយ​ផឹក​សេចក្ដី​រឹប‌ជាន់​ទុក​ជា​ទឹក​ក៏​ដោយ គង់​តែ​ពួក​គ្រូ​របស់​ឯង​មិន​ត្រូវ​លាក់​ពី​ឯង​ទៀត គឺ​ភ្នែក​ឯង​នឹង​ឃើញ​ពួក​គ្រូ​នោះ​វិញ

21. ហើយ​កាល​ណា​ឯង​រាល់​គ្នា​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង នោះ​ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​ឯង​ថា គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ

22. នោះ​ឯង​រាល់​គ្នា​នឹង​រាប់​ប្រាក់​ដែល​ស្រោប​រូប​ឆ្លាក់​របស់​ឯង និង​មាស​ដែល​ស្រោប​រូប​សិត​ឯង ទុក​ជា​របស់​ស្មោក‌គ្រោក​វិញ ឯង​នឹង​បោះ​រូប​ទាំង​នោះ​ចោល​ចេញ ដូច​ជា​កំណាត់​គគ្រក់​ដោយ​ពាក្យ​ថា ចូរ​ចេញ​ឲ្យ​ផុត​ទៅ។

23. យ៉ាង​នោះ ទ្រង់​នឹង​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​សំរាប់​ពូជ​ឯង ដើម្បី​ឲ្យ​ឯង​បាន​សាប‌ព្រោះ​នៅ​ដី ហើយ​អាហារ​ជា​ផល​ចំរើន​ពី​ដី នោះ​នឹង​មាន​ឱជារស ហើយ​សម្បូរ​ផង នៅ​គ្រា​នោះ ហ្វូង​សត្វ​របស់​ឯង​នឹង​រក​ស៊ី​នៅ​វាល​ស្មៅ​ធំ​ទូលាយ

24. ឯ​គោ និង​លា​ស្ទាវ ដែល​ភ្ជួរ‌រាស់​វា​នឹង​បាន​អាហារ​ស៊ី​យ៉ាង​ឆ្ងាញ់ ដែល​គេ​បាន​រំសោះ​ដោយ​ចប‌ចូក និង​សម​ធំ

25. ហើយ​នឹង​មាន​ជ្រោះ និង​ផ្លូវ​ទឹក​នៅ​លើ​គ្រប់​ទាំង​ភ្នំ​ធំ​ខ្ពស់ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន គឺ​ក្នុង​គ្រា​ដែល​មាន​ការ​ប្រហារ​ជីវិត​យ៉ាង​ធំ ក្នុង​កាល​ដែល​អស់​ទាំង​ប៉ម​រលំ​មក​នោះ

សូមអានជំពូកពេញលេញ អេសាយ 30