គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 30:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា វេទនា​ដល់​ពួក​កូន​ចៅ​ដែល​រឹង‌ចចេស ជា​ពួក​អ្នក​ប្រឹក្សា​គ្នា តែ​មិន​មែន​នឹង​អញ ហើយ​តាំង​សញ្ញា តែ​មិន​មែន​តាម​វិញ្ញាណ​របស់​អញ​ទេ គឺ​ជា​ការ​ដែល​បន្ថែម​អំពើ​បាប​ទៅ​លើ​បាប​របស់​គេ​ទៀត

2. គេ​រៀប‌ចំ​ដំណើរ​នឹង​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ឥត​សួរ​ផ្ទាល់​មាត់​នឹង​អញ​ឡើយ គេ​គិត​ចំរើន​កំឡាំង​ដោយ​ពឹង​ដល់​កំឡាំង​ផារ៉ោន ហើយ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ស្រុក​អេស៊ីព្ទ

3. ដូច្នេះ កំឡាំង​របស់​ផារ៉ោន​នឹង​បាន​ជា​សេចក្ដី​ខ្មាស​ដល់​ឯង​រាល់​គ្នា​វិញ ហើយ​ការ​ជ្រក​កោន​ក្រោម​ម្លប់​នៃ​ស្រុក​អេស៊ីព្ទ នឹង​បាន​ជា​សេចក្ដី​វិល‌វល់​ដល់​ឯង​ដែរ

4. ដ្បិត​ពួក​ចៅ‌ហ្វាយ​របស់​គេ​សុទ្ធ​តែ​នៅ​ក្រុង​សូអាន​ហើយ ឯ​ពួក​រាជ‌ទូត​របស់​គេ​ក៏​បាន​មក​ដល់​ក្រុង​ហានេស​ដែរ

5. គេ​នឹង​មាន​សេចក្ដី​ខ្មាស​ទាំង​អស់​គ្នា ពី​ដំណើរ​សាសន៍​នោះ ដែល​មិន​អាច​នឹង​មាន​ប្រយោជន៍​ដល់​គេ​ឡើយ ជា​សាសន៍​ដែល​មិន​មែន​ជា​ជំនួយ ឬ​ជា​ប្រយោជន៍​សោះ គឺ​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស និង​សេចក្ដី​ដំនៀល​វិញ។

6. នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ពួក​សត្វ​នៅ​ស្រុក​ត្បូង គេ​ផ្ទុក​ទ្រព្យ​របស់​គេ​នៅ​លើ​ខ្នង​លា​ស្ទាវ ហើយ​ផ្ទុក​សម្បត្តិ​របស់​គេ នៅ​លើ​បូក​សត្វ​អូដ្ឋ ដឹក‌នាំ​កាត់​ស្រុក​ដែល​មាន​សេចក្ដី​លំបាក និង​សេចក្ដី​ថប់​ព្រួយ ជា​ទី​មាន​សិង្ហ​ញី សិង្ហ​ឈ្មោល ពស់‌វែក និង​ពស់​ភ្លើង​ហោះ ដើម្បី​ទៅ​ឯ​សាសន៍​មួយ ដែល​នឹង​គ្មាន​ប្រយោជន៍​ដល់​គេ​សោះ

7. ពី​ព្រោះ​សាសន៍​អេស៊ីព្ទ​គេ​ជួយ​ជា​ឥត​អំពើ ហើយ​ជា​ឥត​ប្រយោជន៍​ទទេ ហេតុ​នោះ​បាន​ជា​អញ​បាន​ហៅ​គេ​ថា រ៉ាហាប ជា​អ្នក​ដែល​អង្គុយ​នៅ​តែ​ស្ងៀម។

8. ចូរ​ទៅ​ឥឡូវ ឲ្យ​ចារឹក​សេចក្ដី​នេះ​ចុះ​នៅ​នឹង​បន្ទះ​ថ្ម ហើយ​កត់​ទុក​ក្នុង​សៀវភៅ​ទៅ ដើម្បី​នឹង​ទុក​សំរាប់​ពេល​ទៅ​មុខ​ជា​រៀង‌រាប​ដរាប

សូមអានជំពូកពេញលេញ អេសាយ 30