គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 3:4-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. នោះ​អញ​នឹង​តាំង​ពួក​ក្មេងៗ​ឲ្យ​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​គេ ហើយ​នឹង​មាន​កូន​តូចៗ​ត្រួត‌ត្រា​លើ​គេ​វិញ

5. បណ្តា‌ជន​ទាំង‌ឡាយ​នឹង​ត្រូវ​សង្កត់‌សង្កិន គឺ​អ្នក​១​នឹង​សង្កត់‌សង្កិន​១​ទៀត ព្រម​ទាំង​អ្នក​ជិត​ខាង​ខ្លួន​ផង ពួក​ក្មេងៗ​នឹង​ប្រព្រឹត្ត​ព្រហើន​ចំពោះ​ចាស់​ព្រឹទ្ធា‌ចារ្យ ហើយ​មនុស្ស​ជាន់​ទាប​នៅ​ចំពោះ​មនុស្ស​ជាន់​ខ្ពស់​ដែរ

6. កាល​ណា​មនុស្ស​ម្នាក់​នឹង​យក​បង​ប្អូន​ពី​ក្នុង​គ្រួ​របស់​ឪពុក​ខ្លួន​មក​និយាយ​ថា អ្នក​ឯង​មាន​សំលៀក‌បំពាក់ សូម​អ្នក​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​ទៅ សូម​ឲ្យ​ស្រុក​ខ្ទេច‌ខ្ទី​នេះ​នៅ​ក្រោម​អំណាច​អ្នក​ចុះ

7. នៅ​គ្រា​នោះ​គេ​នឹង​ប្រកែក​ថា ខ្ញុំ​មិន​ចង់​ធ្វើ​ជា​អ្នក​មើល​ឲ្យ​ជា​ទេ ពី​ព្រោះ​នៅ​ផ្ទះ​ខ្ញុំ​គ្មាន​អាហារ ឬ​សំលៀក‌បំពាក់​អ្វី​ឡើយ អ្នក​រាល់​គ្នា​មិន​ត្រូវ​តាំង​ខ្ញុំ​ឡើង ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​បណ្តា‌ជន​ទេ

8. ដ្បិត​ក្រុង​យេរូ‌សាឡិម​ខ្ទេច‌ខ្ទី​ហើយ ស្រុក​យូដា​ក៏​បាន​ដួល​ដែរ ដោយ​ព្រោះ​អណ្តាត​គេ ហើយ​នឹង​អំពើ​របស់​គេ ដែល​សុទ្ធ​តែ​បង្អុច‌បង្អាល​ដល់​ព្រះ‌នេត្រ​ដ៏​មាន​សិរី​នៃ​ព្រះ‌យេហូវ៉ា

9. ភាព​នៃ​ទឹក​មុខ​គេ​តែង​ធ្វើ​បន្ទាល់​ទាស់​នឹង​គេ ក៏​បើក​បង្ហាញ​អំពើ​បាប​របស់​គេ​ចេញ ដូច​ជា​ក្រុង​សូដុំម គេ​មិន​ខំ​បិទ​បាំង​ទេ វេទនា​ដល់​ព្រលឹង​គេ ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ដល់​ខ្លួន​គេ​ហើយ

10. ចូរ​ថ្លែង​ប្រាប់​ថា​មនុស្ស​សុចរិត​នឹង​បាន​សេចក្ដី​សុខ​វិញ ដ្បិត​គេ​នឹង​ទទួល​ផល​នៃ​ការ​ដែល​គេ​ប្រព្រឹត្ត

11. វេទនា​ដល់​មនុស្ស​អាក្រក់​គេ​នឹង​ត្រូវ​សេចក្ដី​ទុក្ខ​ព្រួយ ដ្បិត​ការ​ដែល​ដៃ​គេ​បាន​ធ្វើ​នោះ​នឹង​បាន​សង​ដល់​គេ​វិញ

12. ឯ​រាស្ត្រ​របស់​អញ គឺ​ជា​កូន​ក្មេង​ដែល​សង្កត់‌សង្កិន​គេ ហើយ​គឺ​ជា​ពួក​ស្រីៗ​ដែល​មាន​អំណាច​ត្រួត‌ត្រា​លើ​គេ​ដែរ ឱ​រាស្ត្រ​របស់​អញ​អើយ ពួក​អ្នក​ដែល​នាំ​មុខ​ឯង គេ​នាំ​ឲ្យ​វង្វេង ក៏​បំផ្លាញ​ផ្លូវ​ដែល​ឯង​ដើរ​ដែរ។

13. ព្រះ‌យេហូវ៉ា​ទ្រង់​កំពុង​ឈរ ដើម្បី​តវ៉ា ទ្រង់​ឈរ​ដើម្បី​ជំនុំ‌ជំរះ​ជន‌ជាតិ​ទាំង‌ឡាយ

14. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កើត​មាន​ក្តី​នឹង​ពួក​ចាស់‌ទុំ​នៃ​រាស្ត្រ​ទ្រង់ ហើយ​នឹង​ពួក​ចៅ‌ហ្វាយ​ថា គឺ​ឯង​រាល់​គ្នា​ហើយ ដែល​បាន​ស៊ី​បង្ហិន​ចំការ​ទំពាំង‌បាយ‌ជូរ ឯ​របឹប​ដែល​រឹប‌ជាន់​យក​ពី​ពួក​អ្នក​ទាល់​ក្រ នោះ​សុទ្ធ​តែ​នៅ​ក្នុង​ផ្ទះ​ឯង​ទាំង​អស់

15. ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​ឯង​រាល់​គ្នា​មាន​ច្បាប់​អី​នឹង​ញាំ‌ញី​រាស្ត្រ​អញ ហើយ​បុក‌បែន​មុខ​របស់​មនុស្ស​ទាល់​ក្រ​ដូច្នេះ។

16. មួយ​ទៀត ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​មាន​ឫក​ខ្ពស់ មាន​ដំណើរ​ងើប‌ងើយ ផាត់​រង្វង់​ភ្នែក ដើរ​យាង‌យាវ ហើយ​បំភ្លៃ​ជើង​ឲ្យ​មាន​សូរ​រ៉ូងរ៉ឺង

17. ហេតុ​នេះ​ព្រះ‌អម្ចាស់ ទ្រង់​នឹង​វាយ​ក្រយៅ​ក្បាល​នៃ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​ឲ្យ​កើត​កម ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សំរាត​កេរខ្មាស​គេ

18. នៅ​គ្រា​នោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ដក​សេចក្ដី​លំអ​នៃ​កង​ជើង សំណាញ់​សក់ កង​ក

សូមអានជំពូកពេញលេញ អេសាយ 3