គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 28:3-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ឯ​មកុដ​នៃ​សេចក្ដី​អំនួត​របស់​ពួក​ប្រមឹក ក្នុង​ពួក​អេប្រា‌អិម ដែល​គេ​យក​ជា​ទី​អំនួត នោះ​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​ក្រោម​ជើង

4. ហើយ​ផ្កា​ដែល​កំពុង​តែ​ស្រពោន ជា​សេចក្ដី​លំអ​ដ៏​រុងរឿង​របស់​គេ ដែល​នៅ​លើ​ក្បាល​ច្រក​ភ្នំ​ដុះ‌ដាល នោះ​នឹង​បាន​ដូច​ជា​ផ្លែ​ល្វា​ដែល​ទុំ​ជា​ដំបូង​មុន​រដូវ​ក្តៅ ដែល​កាល​ណា​គេ​ក្រឡេក​ទៅ​ឃើញ នោះ​ក៏​បេះ​មក​ដល់​ដៃ​ពម​ចូល​ទៅ​ភ្លាម

5. នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​នឹង​ជា​មកុដ​ដ៏​រុងរឿង ហើយ​ជា​គ្រឿង​លំអ​ដល់​សំណល់​នៃ​រាស្ត្រ​ទ្រង់

6. ហើយ​ជា​គំនិត​យុត្តិ‌ធម៌ ដល់​អ្នក​ដែល​អង្គុយ​ជំនុំ‌ជំរះ និង​ជា​ឫទ្ធិ​កំឡាំង​ដល់​អ្នក ដែល​បណ្តេញ​ពួក​ពល​ខ្មាំង​ឲ្យ​ថយ​ចេញ​ពី​ទ្វារ​ក្រុង។

7. ឯ​ពួក​អ្នក​ទាំង​នោះ គេ​ក៏​វិល​ទៅ​មក ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ទ្រេត‌ទ្រោត​ដោយ​គ្រឿង​ស្រវឹង​ដែរ គឺ​ទាំង​ពួក​សង្ឃ និង​ពួក​ហោរា ក៏​វិល​ទៅ​មក​ដោយ​គ្រឿង​ស្រវឹង គេ​ត្រូវ​បំផ្លាញ​ទៅ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ គេ​ទ្រេត‌ទ្រោត​ដោយ​គ្រឿង​ស្រវឹង ក្នុង​ការ​ជាក់‌ស្តែង​គេ​យល់​ខុស​ទទេ ក៏​រមឹល​ក្នុង​ការ​ជំនុំ‌ជំរះ

8. ដ្បិត​តុ​ទាំង​អស់​ប្រឡាក់​ពេញ​ដោយ​កំអួត ហើយ​កខ្វក់ ឥត​មាន​កន្លែង​ណា​ស្អាត​ឡើយ។

9. ដូច្នេះ តើ​ទ្រង់​នឹង​បង្រៀន​ចំណេះ​ដល់​អ្នក​ណា តើ​ទ្រង់​នឹង​ធ្វើ​ឲ្យ​អ្នក​ណា​យល់​ដំណឹង គឺ​ពួក​ដែល​ទើប​នឹង​លែង​បៅ ជា​ពួក​អ្នក​ដែល​ទើប​នឹង​ផ្តាច់​ដោះ​វិញ

10. ដ្បិត​ត្រូវ​បង្រៀន​ច្បាប់​មួយ​ម្តងៗ ហើយ​ឃ្លា​មួយ​ម្តងៗ មុខ​នេះ​បន្តិច មុខ​នោះ​បន្តិច។

11. ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ដល់​ជន‌ជាតិ​នេះ ដោយ​សំដី​រឡប់ ហើយ​នឹង​ភាសា​ដទៃ

12. ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​គេ​ថា នេះ​នែ​ជា​សេចក្ដី​សំរាក ចូរ​ឲ្យ​ពួក​អ្នក​ដែល​នឿយ​ហត់​បាន​សំរាក​ចុះ នេះ​ឯង​ជា​ទី​លំហើយ តែ​គេ​មិន​ព្រម​ស្តាប់​តាម​សោះ

13. ហេតុ​ដូច្នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នឹង​បាន​ដល់​គេ ដោយ​ច្បាប់​មួយ​ម្តងៗ ហើយ​នឹង​ឃ្លា​មួយ​ម្តងៗ មុខ​នេះ​បន្តិច មុខ​នោះ​បន្តិច ដើម្បី​ឲ្យ​គេ​ចេញ​ទៅ​ដួល​ផ្ងារ​ចុះ ព្រម​ទាំង​ត្រូវ​បាក់​បែក ជាប់​អន្ទាក់ ហើយ​ត្រូវ​ចាប់​បាន​ផង។

14. ដូច្នេះ ឱ​ពួក​ចំអក​ឡក‌ឡឺយ ដែល​គ្រង​លើ​បណ្តា‌ជន​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

15. ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ពោល​ថា យើង​រាល់​គ្នា​បាន​ចុះ​សញ្ញា​នឹង​សេចក្ដី​ស្លាប់ ក៏​ព្រម‌ព្រៀង​គ្នា​នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ហើយ កាល​ណា​សេចក្ដី​ភ័យ​អន្តរាយ​ដ៏​ជន់​លិច​ច្រាំង​បាន​ហូរ​កាត់​មក នោះ​នឹង​មិន​ដល់​យើង​ទេ ពី​ព្រោះ​យើង​បាន​ពឹង‌ពាក់​ដល់​សេចក្ដី​កុហក ហើយ​ពួន​ខ្លួន​ក្នុង​សេចក្ដី​ភូត‌ភរ

16. ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ដាក់​ថ្ម​១​នៅ​ក្រុង​ស៊ីយ៉ូន ទុក​ជា​ជើង​ជញ្ជាំង ជា​ថ្ម​ដែល​បាន​ល្បង‌ល​ហើយ ជា​ថ្ម​ទី​ជ្រុង​ដ៏​មាន​ដំឡៃ​ដែល​បាន​ដាក់​យ៉ាង​មាំ‌មួន ឯ​អ្នក​ណា​ដែល​ជឿ នោះ​មិន​ត្រូវ​រួស‌រាន់​ឡើយ

17. អញ​នឹង​យក​សេចក្ដី​យុត្តិ‌ធម៌​ធ្វើ​ជា​ខ្សែ​បន្ទាត់ ហើយ​នឹង​សេចក្ដី​សុចរិត​ជា​កូន​តឹង រួច​ព្យុះ​ព្រិល​នឹង​បោស​រំលីង​ទី​ជ្រក​នៃ​សេចក្ដី​ភូត‌ភរ​ទៅ ហើយ​ទឹក​នឹង​ជន់​ឡើង លិច​ទី​ពំនួន​បង់

18. នោះ​សេចក្ដី​សញ្ញា​ដែល​ឯង​រាល់​គ្នា​បាន​តាំង​នឹង​សេចក្ដី​ស្លាប់ ក៏​នឹង​ត្រូវ​លើក​ចោល​ចេញ ហើយ​ការ​ព្រម‌ព្រៀង​គ្នា​នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​មិន​ស្ថិត‌ស្ថេរ​នៅ​ដែរ ដូច្នេះ កាល​ណា​សេចក្ដី​អន្តរាយ​ដ៏​ជន់​លិច​ច្រាំង​បាន​ហូរ​កាត់​មក នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ញាំ‌ញី​ទៅ

សូមអានជំពូកពេញលេញ អេសាយ 28