គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 26:8-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ហ្នឹង​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​បាន​រង់‌ចាំ​ទ្រង់ នៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​យុត្តិ‌ធម៌​របស់​ទ្រង់ ព្រលឹង​យើង​ខ្ញុំ​ប្រាថ្នា​ដល់​ព្រះ‌នាម​ទ្រង់ គឺ​ដល់​សេចក្ដី​ដែល​រំឭក​ពី​ទ្រង់

9. នៅ​វេលា​យប់ ព្រលឹង​នៃ​ទូល‌បង្គំ​ប្រាថ្នា​ដល់​ទ្រង់​ហ្នឹង​ហើយ វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​នឹង​ស្វែង​រក​ទ្រង់​ដោយ​ខ្មី‌ឃ្មាត​ដែរ ដ្បិត​កំពុង​ដែល​សេចក្ដី​យុត្តិ‌ធម៌​របស់​ទ្រង់​នៅ​លើ​ផែនដី នោះ​ពួក​មនុស្ស​នៅ​លោកីយ៍ គេ​រៀន​តាម​សេចក្ដី​សុចរិត

10. បើ‌សិន​ជា​ធ្វើ​គុណ​ដល់​មនុស្ស​អាក្រក់ នោះ​គេ​ក៏​មិន​រៀន​តាម​សេចក្ដី​សុចរិត​ដែរ គេ​នឹង​ប្រព្រឹត្ត​សេចក្ដី​កំហុស​នៅ​ក្នុង​ស្រុក​ទៀង​ត្រង់​ផង ឥត​ដែល​ពិចារណា​មើល​ឫទ្ធា‌នុភាព​នៃ​ព្រះ‌យេហូវ៉ា​ឡើយ។

11. ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ទ្រង់​បាន​លើក​ឡើង​ជា​ស្រេច តែ​គេ​មិន​ព្រម​ឃើញ​ទេ ប៉ុន្តែ​គេ​នឹង​ត្រូវ​ឃើញ​សេចក្ដី​ឧស្សាហ៍​របស់​ទ្រង់​ចំពោះ​បណ្តា‌ជន​វិញ នោះ​គេ​នឹង​មាន​សេចក្ដី​ខ្មាស ភ្លើង​នឹង​ឆេះ​បន្សុស​ពួក​ខ្មាំង​សត្រូវ​ទ្រង់​អស់​រលីង​ទៅ

12. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​តាំង​ឲ្យ​មាន​សេចក្ដី​សុខ​សំរាប់​យើង​ខ្ញុំ ដ្បិត​អស់​ទាំង​ការ​ដែល​យើង​ខ្ញុំ​ធ្វើ នោះ​គឺ​ជា​ទ្រង់​ដែល​បាន​សំរេច​ការ​នោះ​ឲ្យ​យើង​ខ្ញុំ

13. ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ពី​ដើម​មាន​ចៅ‌ហ្វាយ​ឯ​ទៀត​ក្រៅ​ពី​ទ្រង់ បាន​ត្រួត‌ត្រា​លើ​យើង​ខ្ញុំ តែ​ឥឡូវ​នេះ​ដោយ‌សារ​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​តែ​ព្រះ‌នាម​ទ្រង់​វិញ

14. គេ​បាន​ស្លាប់​អស់​ហើយ ឥត​រស់​មក​វិញ​ទៀត​ឡើយ គេ​កន្លង​បង់​ហើយ ឥត​ងើប​ឡើង​វិញ​ទេ ដូច្នេះ​ទ្រង់​បាន​ធ្វើ​ទោស ហើយ​បំផ្លាញ​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​សេចក្ដី​នឹក​ចាំ​ពី​គេ​សូន្យ​បាត់​ទៅ

15. ទ្រង់​បាន​ចំរើន​សាសន៍​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ចំរើន​សាសន៍​នេះ​ហើយ គេ​លើក​ដំកើង​ទ្រង់​ឡើង ទ្រង់​បាន​វាត​ព្រំ​ស្រុក​ឲ្យ​ធំ​ទូលាយ​ទៅ។

16. ឱ​ព្រះ‌យេហូវ៉ា​អើយ ក្នុង​គ្រា​ដែល​មាន​ទុក្ខ នោះ​គេ​បាន​រក​ទ្រង់ គេ​បាន​បញ្ចេញ​ពាក្យ​អធិ‌ស្ឋាន​ជា​ហូរ‌ហែ​ក្នុង​កាល​ដែល​ទ្រង់​វាយ‌ផ្ចាល​គេ

17. ឱ​ព្រះ‌យេហូវ៉ា​អើយ ស្ត្រី​មាន​គភ៌​ដែល​ហៀប​នឹង​សំរាល នាង​ឈឺ​ចាប់ ហើយ​ស្រែក​ដោយ​ឈឺ​ជា​ខ្លាំង​យ៉ាង​ណា ឯ​យើង​ខ្ញុំ​ក៏​ដូច្នោះ នៅ​ចំពោះ​ទ្រង់​ដែរ

18. យើង​ខ្ញុំ​ក៏​បាន​មាន​ភគ៌ យើង​ខ្ញុំ​បាន​ឈឺ​ចាប់ តែ​បាន​សំរាល​ចេញ​ជា​ខ្យល់​ទទេ យើង​ខ្ញុំ​មិន​បាន​បង្កើត​ការ​ជួយ​ចំរើន​អ្វី​នៅ​ផែនដី​សោះ ហើយ​មនុស្ស​នៅ​លោកីយ៍​ក៏​មិន​ទាន់​ដួល​នៅ​ឡើយ​ដែរ។

19. ឯ​ពួក​ស្លាប់​របស់​ឯង គេ​នឹង​រស់​ទៀត គេ​នឹង​រស់​ឡើង​វិញ​ជា​មួយ​នឹង​សព​របស់​អញ ឯង​រាល់​គ្នា​ដែល​អាស្រ័យ​នៅ​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ចុះ ដ្បិត​ទឹក​សន្សើម​របស់​ឯង ប្រៀប​ដូច​ជា​ទឹក​សន្សើម​ពេល​ព្រលឹម ឯ​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក។

សូមអានជំពូកពេញលេញ អេសាយ 26