គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 2:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​សេចក្ដី​ដែល​អេសាយ ជា​កូន​អ័ម៉ូស បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម។

2. នៅ​ជាន់​ក្រោយ​បង្អស់ នោះ​ភ្នំ ជា​ទី​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​បាន​តាំង​ឡើង​ខ្ពស់​លើស​អស់​ទាំង​ភ្នំ​ធំៗ ហើយ​នឹង​បាន​ដំកើង​ឡើង​ជា​ប្រសើរ​ជាង​អស់​ទាំង​ភ្នំ​តូចៗ​ដែរ អស់​ទាំង​សាសន៍​នឹង​ចូល​ហូរ‌ហែ​ទៅ​ក្នុង​ទី​នោះ

3. ឯ​ប្រជា‌ជាតិ​ជា​ច្រើន គេ​នឹង​ទៅ​ដោយ​ពោល​ថា ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា ដល់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​ពួក​យ៉ាកុប​ចុះ ទ្រង់​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពី​ក្រុង​យេរូ‌សាឡិម​ដែរ

4. ទ្រង់​នឹង​វិនិច្ឆ័យ​រវាង​អស់​ទាំង​នគរ ហើយ​នឹង​សំរេច​រឿង​ដល់​សាសន៍​ជា​ច្រើន នោះ​គេ​នឹង​យក​ដាវ​របស់​ខ្លួន​ដំ​ធ្វើ​ជា​ផាល‌នង្គ័ល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ នគរ​១​នឹង​មិន​លើក​ដាវ​ទាស់​នឹង​នគរ​១​ទៀត​ឡើយ ក៏​មិន​ហាត់​រៀន​ធ្វើ​សឹក​សង្គ្រាម​ទៀត​ដែរ

5. ឱ​ពួក​វង្ស​នៃ​យ៉ាកុប​អើយ ចូរ​មក យើង​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះ‌យេហូវ៉ា​ចុះ។

6. ហេតុ​នេះ​បាន​ជា​ទ្រង់​បោះ‌បង់​ចោល​ពួក​វង្ស​យ៉ាកុប​ជា​រាស្ត្រ​ទ្រង់​ចេញ គឺ​ពី​ព្រោះ​មាន​ទំនៀម‌ទំលាប់​ពី​ស្រុក​ខាង​កើត​បាន​ចូល​មក​ពេញ​ទី​ហើយ គេ​ធ្វើ​ជា​គ្រូ​អាប‌ធ្មប់​ដូច​ជា​សាសន៍​ភីលីស្ទីន ក៏​ចង​សម្ពន្ធ‌មិត្រ​នឹង​ពួក​សាសន៍​ដទៃ

7. ស្រុក​បាន​បរិបូរ​ដោយ​មាស និង​ប្រាក់ ឯ​ទ្រព្យ‌សម្បត្តិ នោះ​រាប់​មិន​អស់​ឡើយ ក៏​មាន​សេះ​ពេញ​ស្រុក ហើយ​រទេះ​ចំបាំង​ក៏​រាប់​មិន​អស់​ដែរ

8. ស្រុក​បាន​ពេញ​ដោយ​រូប​ព្រះ គេ​ថ្វាយ‌បង្គំ​ចំពោះ​ស្នាដៃ​របស់​ខ្លួន គឺ​ជា​របស់​ដែល​ម្រាម​ដៃ​គេ​បាន​ធ្វើ

9. មនុស្ស​ធម្មតា​បាន​ឱន​ចុះ ឯ​ពួក​អ្នក​ធំ​បាន​បន្ទាប​ខ្លួន​ហើយ ដូច្នេះ សូម​កុំ​ឲ្យ​អត់​ទោស​ដល់​គេ​ឡើយ។

សូមអានជំពូកពេញលេញ អេសាយ 2