9. ១ទៀតពួកអ្នកដែលរកស៊ីធ្វើខ្លូតទេសយ៉ាងម៉ដ្ត ហើយពួកដែលត្បាញសំពត់ស គេនឹងត្រូវស្រឡាំងកាំង
10. គោលចារឹកទាំងប៉ុន្មាននៃស្រុកនឹងត្រូវរលាយខ្ទេចទៅ ហើយពួកជើងឈ្នួលនឹងស្លុតចិត្ត។
11. ពួកចៅហ្វាយនៃក្រុងសូអាន គេសុទ្ធតែជាមនុស្សកំរោលទទេ គំនិតរបស់អ្នកប្រឹក្សាដែលស្រៀវស្រួចជាងគេរបស់ផារ៉ោន នោះបានវង្វេងចេញហើយ ធ្វើដូចម្តេចឲ្យឯងរាល់គ្នានឹងទូលទៅផារ៉ោនបានថា ទូលបង្គំជាកូនរបស់អ្នកប្រាជ្ញ គឺជាពូជពង្សនៃស្តេចពីបុរាណ
12. ដូច្នេះតើពួកអ្នកប្រាជ្ញរបស់ទ្រង់នៅឯណា ចូរឲ្យគេជំរាបមកទ្រង់ឥឡូវ ឲ្យទ្រង់បានជ្រាបពីការដែលព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានសំរេចពីដំណើរស្រុកអេស៊ីព្ទចុះ
13. ឯពួកចៅហ្វាយនៃក្រុងសូអាន ត្រូវបានទៅជាល្ងីល្ងើហើយ ពួកចៅហ្វាយនៃក្រុងណូព គេត្រូវបញ្ឆោត ពួកអ្នកដែលជាសសរកន្លោងក្នុងពូជអំបូរ គេបាននាំស្រុកអេស៊ីព្ទឲ្យវង្វេង
14. ព្រះយេហូវ៉ាទ្រង់បានបណ្តោយឲ្យមានគំនិតទទឹងទទែងលាយនៅក្នុងពួកគេ ហើយគេបាននាំសាសន៍អេស៊ីព្ទឲ្យធ្វើខុសក្នុងគ្រប់ទាំងកិច្ចការរបស់គេ ដូចជាមនុស្សស្រវឹងស្រាដែលដើរទ្រេតទ្រោតក្នុងកំអួតរបស់ខ្លួន
15. ហើយនឹងគ្មានការអ្វីសំរាប់ឲ្យសាសន៍អេស៊ីព្ទធ្វើ ដែលទោះជាក្បាល ឬកន្ទុយ ជាមែក ឬធាង នឹងអាចធ្វើបាន នោះឡើយ។
16. នៅគ្រានោះ សាសន៍អេស៊ីព្ទនឹងបានដូចជាស្រីៗ គេនឹងញ័ររន្ធត់ ហើយតក់ស្លុត ដោយព្រោះការជន្លព្រះហស្តរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ ដែលទ្រង់ជន្លពីលើគេ
17. ហើយស្រុកយូដានឹងត្រឡប់ជាទីស្ញែងខ្លាចដល់សាសន៍អេស៊ីព្ទ អស់អ្នកណាដែលឮនិយាយពីស្រុកនោះនឹងភ័យខ្លាច ដោយព្រោះគំនិតដែលព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បានសំរេចពីដំណើរស្រុកនោះហើយ។
18. នៅគ្រានោះ នឹងមានទីក្រុង៥នៅក្នុងស្រុកអេស៊ីព្ទ ដែលនិយាយភាសារបស់ស្រុកកាណាន គេនឹងស្បថដល់ព្រះយេហូវ៉ានៃពួកពលបរិវារដែរ ឯទីក្រុង១នោះ នឹងបានហៅថាក្រុងដែលត្រូវវិនាស។