គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 19:4-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ហើយ​អញ​នឹង​ប្រគល់​សាសន៍​អេស៊ីព្ទ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ម្ចាស់​១​យ៉ាង​សាហាវ ជា​ស្តេច​គួរ​ស្ញែង‌ខ្លាច​ដែល​នឹង​សោយ‌រាជ្យ​លើ​គេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

5. ឯ​ទឹក​ក្នុង​សមុទ្រ នោះ​នឹង​រីង​ស្ងួត​ទៅ ហើយ​ទន្លេ​នឹង​ជ្រាប​បាត់​ទៅ​ជា​ហួត‌ហែង​វិញ

6. ដៃ​ទន្លេ​ទាំង​ប៉ុន្មាន​នឹង​ធុំ​ស្អុយ ហើយ​ព្រែក​ទាំង​ពួង​នៃ​ស្រុក​អេស៊ីព្ទ​នឹង​អន់​ថយ ហើយ​រីង​ស្ងួត​ទៅ ឯ​ដើម​បបុស និង​ដើម​ត្រែង​នឹង​ស្វិត​ក្រៀម

7. បណ្តា​វាល​តាម​ទន្លេ ហើយ​នៅ​មាត់​ច្រាំង និង​ស្រែ​ទាំង​ប៉ុន្មាន​ដែល​គេ​សាប‌ព្រោះ​តាម​មាត់​ទន្លេ នោះ​នឹង​ក្រៀម ហើយ​ផាត់​បាត់​ទៅ

8. ពួក​អ្នក​នេសាទ​នឹង​ថ្ងូរ​ស្តាយ ឯ​ពួក​អ្នក​ដែល​បោះ​សន្ទូច​ក្នុង​ទន្លេ នឹង​ស្រណោះ‌ស្រណោក ហើយ​ពួក​អ្នក​ដែល​បង់​សំណាញ់​នៅ​លើ​ទឹក គេ​នឹង​រីងរៃ​ទៅ

9. ១​ទៀត​ពួក​អ្នក​ដែល​រក​ស៊ី​ធ្វើ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ហើយ​ពួក​ដែល​ត្បាញ​សំពត់​ស គេ​នឹង​ត្រូវ​ស្រឡាំង‌កាំង

10. គោល​ចារឹក​ទាំង​ប៉ុន្មាន​នៃ​ស្រុក​នឹង​ត្រូវ​រលាយ​ខ្ទេច​ទៅ ហើយ​ពួក​ជើង​ឈ្នួល​នឹង​ស្លុត​ចិត្ត។

11. ពួក​ចៅ‌ហ្វាយ​នៃ​ក្រុង​សូអាន គេ​សុទ្ធ​តែ​ជា​មនុស្ស​កំរោល​ទទេ គំនិត​របស់​អ្នក​ប្រឹក្សា​ដែល​ស្រៀវ‌ស្រួច​ជាង​គេ​របស់​ផារ៉ោន នោះ​បាន​វង្វេង​ចេញ​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​រាល់​គ្នា​នឹង​ទូល​ទៅ​ផារ៉ោន​បាន​ថា ទូល‌បង្គំ​ជា​កូន​របស់​អ្នក​ប្រាជ្ញ គឺ​ជា​ពូជ‌ពង្ស​នៃ​ស្តេច​ពី​បុរាណ

12. ដូច្នេះ​តើ​ពួក​អ្នក​ប្រាជ្ញ​របស់​ទ្រង់​នៅ​ឯ​ណា ចូរ​ឲ្យ​គេ​ជំរាប​មក​ទ្រង់​ឥឡូវ ឲ្យ​ទ្រង់​បាន​ជ្រាប​ពី​ការ​ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​សំរេច​ពី​ដំណើរ​ស្រុក​អេស៊ីព្ទ​ចុះ

13. ឯ​ពួក​ចៅ‌ហ្វាយ​នៃ​ក្រុង​សូអាន ត្រូវ​បាន​ទៅ​ជា​ល្ងី‌ល្ងើ​ហើយ ពួក​ចៅ‌ហ្វាយ​នៃ​ក្រុង​ណូព គេ​ត្រូវ​បញ្ឆោត ពួក​អ្នក​ដែល​ជា​សសរ​កន្លោង​ក្នុង​ពូជ​អំបូរ គេ​បាន​នាំ​ស្រុក​អេស៊ីព្ទ​ឲ្យ​វង្វេង

14. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តោយ​ឲ្យ​មាន​គំនិត​ទទឹង‌ទទែង​លាយ​នៅ​ក្នុង​ពួក​គេ ហើយ​គេ​បាន​នាំ​សាសន៍​អេស៊ីព្ទ​ឲ្យ​ធ្វើ​ខុស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​របស់​គេ ដូច​ជា​មនុស្ស​ស្រវឹង​ស្រា​ដែល​ដើរ​ទ្រេត‌ទ្រោត​ក្នុង​កំអួត​របស់​ខ្លួន

15. ហើយ​នឹង​គ្មាន​ការ​អ្វី​សំរាប់​ឲ្យ​សាសន៍​អេស៊ីព្ទ​ធ្វើ ដែល​ទោះ​ជា​ក្បាល ឬ​កន្ទុយ ជា​មែក ឬ​ធាង នឹង​អាច​ធ្វើ​បាន នោះ​ឡើយ។

16. នៅ​គ្រា​នោះ សាសន៍​អេស៊ីព្ទ​នឹង​បាន​ដូច​ជា​ស្រីៗ គេ​នឹង​ញ័រ​រន្ធត់ ហើយ​តក់‌ស្លុត ដោយ​ព្រោះ​ការ​ជន្ល​ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​ជន្ល​ពី​លើ​គេ

17. ហើយ​ស្រុក​យូដា​នឹង​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច​ដល់​សាសន៍​អេស៊ីព្ទ អស់​អ្នក​ណា​ដែល​ឮ​និយាយ​ពី​ស្រុក​នោះ​នឹង​ភ័យ​ខ្លាច ដោយ​ព្រោះ​គំនិត​ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បាន​សំរេច​ពី​ដំណើរ​ស្រុក​នោះ​ហើយ។

សូមអានជំពូកពេញលេញ អេសាយ 19