គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 19:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ស្រុក​អេស៊ីព្ទ។ មើល ព្រះ‌យេហូវ៉ា​ទ្រង់​គង់​លើ​ពពក​យ៉ាង​លឿន​យាង​មក​ឯ​ស្រុក​អេស៊ីព្ទ អស់​ទាំង​រូប​ព្រះ​របស់​ស្រុក​អេស៊ីព្ទ​នឹង​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់ ហើយ​ចិត្ត​ពួក​សាសន៍​អេស៊ីព្ទ​នឹង​រលត់​ទៅ​នៅ​ក្នុង​ខ្លួន​គេ

2. អញ​ក៏​នឹង​ញុះ‌ញង់​ពួក​សាសន៍​អេស៊ីព្ទ​ឲ្យ​ទាស់‌ទែង​នឹង​គ្នា​ឯង​ដែរ គេ​នឹង​ច្បាំង​គ្នា​នឹង​គ្នា គឺ​បង​ប្អូន​នឹង​បង​ប្អូន ពួក​អ្នក​ជិត​ខាង​នឹង​អ្នក​ជិត​ខាង ទី​ក្រុង​១​នឹង​ទី​ក្រុង​១​ទៀត ហើយ​នគរ​១​នឹង​នគរ​១​ទៀត​ដែរ

3. គំនិត​របស់​សាសន៍​អេស៊ីព្ទ នឹង​សូន្យ​បាត់​នៅ​កណ្តាល​គេ ហើយ​អញ​នឹង​បំផ្លាញ​សេចក្ដី​ប្រឹក្សា​របស់​គេ​ដែរ នោះ​គេ​នឹង​ទៅ​រក​រូប​ព្រះ គ្រូ​សន្ធាប់ គ្រូ​ខាប និង​ពួក​គ្រូ​គាថា​របស់​គេ

4. ហើយ​អញ​នឹង​ប្រគល់​សាសន៍​អេស៊ីព្ទ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ម្ចាស់​១​យ៉ាង​សាហាវ ជា​ស្តេច​គួរ​ស្ញែង‌ខ្លាច​ដែល​នឹង​សោយ‌រាជ្យ​លើ​គេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

5. ឯ​ទឹក​ក្នុង​សមុទ្រ នោះ​នឹង​រីង​ស្ងួត​ទៅ ហើយ​ទន្លេ​នឹង​ជ្រាប​បាត់​ទៅ​ជា​ហួត‌ហែង​វិញ

6. ដៃ​ទន្លេ​ទាំង​ប៉ុន្មាន​នឹង​ធុំ​ស្អុយ ហើយ​ព្រែក​ទាំង​ពួង​នៃ​ស្រុក​អេស៊ីព្ទ​នឹង​អន់​ថយ ហើយ​រីង​ស្ងួត​ទៅ ឯ​ដើម​បបុស និង​ដើម​ត្រែង​នឹង​ស្វិត​ក្រៀម

7. បណ្តា​វាល​តាម​ទន្លេ ហើយ​នៅ​មាត់​ច្រាំង និង​ស្រែ​ទាំង​ប៉ុន្មាន​ដែល​គេ​សាប‌ព្រោះ​តាម​មាត់​ទន្លេ នោះ​នឹង​ក្រៀម ហើយ​ផាត់​បាត់​ទៅ

8. ពួក​អ្នក​នេសាទ​នឹង​ថ្ងូរ​ស្តាយ ឯ​ពួក​អ្នក​ដែល​បោះ​សន្ទូច​ក្នុង​ទន្លេ នឹង​ស្រណោះ‌ស្រណោក ហើយ​ពួក​អ្នក​ដែល​បង់​សំណាញ់​នៅ​លើ​ទឹក គេ​នឹង​រីងរៃ​ទៅ

9. ១​ទៀត​ពួក​អ្នក​ដែល​រក​ស៊ី​ធ្វើ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ហើយ​ពួក​ដែល​ត្បាញ​សំពត់​ស គេ​នឹង​ត្រូវ​ស្រឡាំង‌កាំង

សូមអានជំពូកពេញលេញ អេសាយ 19