គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 14:21-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. ចូរ​ចាត់‌ចែង​ការ​សំឡាប់​ពួក​កូន ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ឪពុក​វា ដើម្បី​កុំ​ឲ្យ​វា​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ម្ចាស់​ផែនដី​ទៀត ហើយ​សង់​ទី​ក្រុង​ឲ្យ​ពេញ‌ពាស​ក្នុង​លោកីយ៍​ឡើយ

22. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ក្រោក​ឡើង​ទាស់​នឹង​គេ ហើយ​កាត់​ទាំង​ឈ្មោះ និង​សំណល់​មនុស្ស ទាំង​កូន និង​ចៅ ចេញ​ពី​ក្រុង​បាប៊ី‌ឡូន​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

23. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​បំផ្លាស់​ទី​នោះ​ឲ្យ​ទៅ​ជា​លំនៅ​របស់​សត្វ​ប្រមា ហើយ​ជា​ត្រពាំង​ទឹក អញ​ក៏​នឹង​បោស​ដោយ​អំបោស​ជា​ការ​បំផ្លាញ។

24. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ស្បថ​ថា ពិត​ប្រាកដ​ជា​នឹង​កើត​មាន​ដូច​ជា​អញ​បាន​គិត​ហើយ ក៏​នឹង​សំរេច​ដូច​ជា​អញ​បាន​កំណត់​ទុក​ផង

25. គឺ​អញ​នឹង​បំបាក់​ទ័ព​ពួក​អាស‌ស៊ើរ ដែល​នៅ​ក្នុង​ស្រុក​អញ ហើយ​នឹង​ជាន់​ឈ្លី​គេ​នៅ​លើ​ភ្នំ​របស់​អញ គ្រា​នោះ នឹម​របស់​គេ​នឹង​បាត់​ទៅ ហើយ​បន្ទុក​របស់​គេ​នឹង​បាត់​ពី​ស្មា​ចេញ

26. នេះ​ហើយ​ជា​ការ ដែល​បាន​សំរេច​នឹង​ធ្វើ នៅ​លើ​ផែនដី​ទាំង​មូល ហើយ​នេះ​ជា​ព្រះ‌ហស្ត ដែល​បាន​សន្ធឹង​ទៅ​លើ​នគរ​ទាំង​ពួង

27. ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​សំរេច​នឹង​ធ្វើ​ហើយ តើ​អ្នក​ណា​នឹង​រំលប់‌រំលាង​បាន ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​លូក​ទៅ​ហើយ តើ​អ្នក​ណា​នឹង​បង្វិល​ឲ្យ​ត្រឡប់​ទៅ​វិញ​បាន។

28. នៅ​ឆ្នាំ​ដែល​ស្តេច​អេហាស​សុគត​ទៅ នោះ​មាន​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​នេះ

29. គឺ​ថា នែ ពួក​ភីលីស្ទីន​អើយ កុំ​ឲ្យ​រីក‌រាយ​ពេញ​ល្បុង ដោយ​ព្រោះ​រំពាត់​ដែល​ធ្លាប់​វាយ​ឯង​បាន​ចាក់​ហើយ​នោះ​ឡើយ ដ្បិត​នឹង​កើត​មាន​ពស់‌វែក​ចេញ​ពី​ពូជ​សត្វ​ពស់​មក ហើយ​កូន​របស់​វា​នឹង​ទៅ​ជា​ពស់​ភ្លើង​ហោះ

30. នោះ​កូន​ច្បង​របស់​ពួក​មនុស្ស​ទាល់​ក្រ​នឹង​មាន​អាហារ​បរិភោគ ហើយ​មនុស្ស​កំសត់​ទុគ៌ត​នឹង​ដេក​ទៅ​ដោយ​សុខ‌សាន្ត តែ​អញ​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​ឯង​ស្លាប់​ទៅ​ដោយ​អំណត់​អត់​វិញ ហើយ​សំណល់​នៃ​ឯង​នឹង​ត្រូវ​គេ​សំឡាប់​បង់

សូមអានជំពូកពេញលេញ អេសាយ 14