គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 14:2-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. គឺ​សាសន៍​ទាំង​ប៉ុន្មាន​នឹង​នាំ​យក​គេ​ទៅ​ឯ​កន្លែង​របស់​គេ​វិញ ហើយ​ពួក​វង្ស​របស់​អ៊ីស្រា‌អែល​នឹង​បាន​ពួក​សាសន៍​ទាំង​នោះ​ទុក​ជា​បាវ​ប្រុស​បាវ​ស្រី នៅ​ក្នុង​ស្រុក​របស់​ព្រះ‌យេហូវ៉ា គេ​នឹង​ចាប់​អ្នក​ទាំង​នោះ​ជា​ឈ្លើយ ជា​អ្នក​ដែល​ពី​ដើម​បាន​ចាប់​ខ្លួន​ជា​ឈ្លើយ​នោះ​ឯង ហើយ​នឹង​គ្រប់‌គ្រង​លើ​ពួក​អ្នក​ដែល​បាន​សង្កត់‌សង្កិន​ខ្លួន​វិញ។

3. នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ប្រទាន ឲ្យ​ឯង​បាន​សំរាក​ពី​សេចក្ដី​ទុក្ខ សេចក្ដី​វេទនា ហើយ​ពី​ការ​បំរើ​យ៉ាង​រឹង‌រូស​ដែល​គេ​បាន​ចាប់​ប្រើ​ឯង

4. នោះ​ឯង​នឹង​ពោល​ពាក្យ​ចំអក​នេះ ដាក់​ស្តេច​ក្រុង​បាប៊ី‌ឡូន​ថា យី​អើ ពួក​សង្កត់‌សង្កិន​បាន​ឈប់​ទ្រឹង​យ៉ាង​ណា​ហ្ន៎ ទី​ក្រុង​មាស​បាន​រលត់​ផុត​យ៉ាង​ណា​ហ្ន៎

5. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំបាក់​ដំបង​របស់​មនុស្ស​អាក្រក់ និង​ដំបង​ពេជ្រ​នៃ​អ្នក​គ្រប់‌គ្រង​ហើយ

6. ជា​អ្នក​ដែល​បាន​វាយ​ជន‌ជាតិ​ទាំង‌ឡាយ ដោយ​ចិត្ត​ក្រេវ‌ក្រោធ​ជានិច្ច ហើយ​បាន​គ្រប់‌គ្រង​លើ​អស់​ទាំង​សាសន៍​ដោយ​សេចក្ដី​កំហឹង ជា​ការ​ញាំ‌ញី​ដែល​ឥត​មាន​អ្នក​ណា​ឃាត់‌ឃាំង​ឡើយ

7. ផែនដី​ទាំង​មូល​បាន​ស្រាក‌ស្រាន្ត​អស់​ហើយ ក៏​ស្ងៀម‌ស្ងប់​ដែរ គេ​ទំលាយ​សំឡេង​ច្រៀង​ចេញ​មក

8. អើ ទាំង​ដើម​កកោះ​ក៏​រីក‌រាយ​ចំពោះ​ឯង និង​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន​ផង ដោយ​ពាក្យ​ថា តាំង​ពី​ឯង​ត្រូវ​រលំ​ចុះ នោះ​ឥត​មាន​អ្នក​ណា​ឡើង​មក​កាប់​រំលំ​យើង​ទៀត​ទេ

9. ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នៅ​ខាង​ក្រោម មាន​សេចក្ដី​រំជួល​ដោយ​ព្រោះ​ឯង គឺ​ទាំង​ពួក​អ្នក​ធំ​នៅ​ផែនដី​ផង ក៏​បាន​ឲ្យ​អស់​ទាំង​ស្តេច​នៃ​សាសន៍​ទាំង​ប៉ុន្មាន ក្រោក​ពី​បល្ល័ង្ក​របស់​គេ

10. គេ​នឹង​និយាយ​រចល់​មក​ឯង​គ្រប់​គ្នា​ថា អុញ​ន៏ ឯង​បាន​ទៅ​ជា​ខ្សោយ​ដូច​យើង​ឬ បាន​ត្រឡប់​ដូច​ជា​យើង​ដែរ​ឬ

11. ឯ​សេចក្ដី​រុងរឿង​ឧត្តម​របស់​ឯង បាន​ត្រូវ​នាំ​ចុះ​មក​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ព្រម​ទាំង​សូរ​ដេញ​ពិណ​របស់​ឯង​ផង មាន​ដង្កូវ​ក្រាល​ក្រោម​ឯង ហើយ​នឹង​មាន​ដង្កូវ​គ្រប​ដណ្តប់​ឯង​ដែរ។

12. ឱ​តារា​ប្រចាំ​ថ្ងៃ ជា​ផ្កាយ​ព្រឹក​អើយ ន៏ ឯង​បាន​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ​ហើយ ឯង​ដែល​បាន​ផ្តេក​អស់​ទាំង​នគរ​ឲ្យ​រាប ឯង​បាន​ត្រូវ​កាប់​រំលំ​ដល់​ដី​ដែរ​ហ្ន៎

សូមអានជំពូកពេញលេញ អេសាយ 14